អន្តរជាតិ
នាយករដ្ឋមន្រ្តីថៃនឹងស្នើដំឡើងប្រាក់ឈ្នួលប្រចាំថ្ងៃអប្បបរមាជាង១១ដុល្លារ
12, Sep 2023 , 4:29 pm        
រូបភាព
លោក សេដ្ឋា ថាវីស៊ីន ប្រមុខរដ្ឋាភិបាលថៃ ថ្លែងគោលនយោបាយរបស់រដ្ឋាភិបាលទៅកាន់សភា នៅថ្ងៃទី១១ ខែកញ្ញា។ រូបភាព Twitter_Srettha Thavisin
លោក សេដ្ឋា ថាវីស៊ីន ប្រមុខរដ្ឋាភិបាលថៃ ថ្លែងគោលនយោបាយរបស់រដ្ឋាភិបាលទៅកាន់សភា នៅថ្ងៃទី១១ ខែកញ្ញា។ រូបភាព Twitter_Srettha Thavisin
នាយករដ្ឋមន្រ្តីថៃ លោកសេដ្ឋា ថាវីស៊ីន នៅថ្ងៃទី១២ ខែកញ្ញា បានប្រាប់សភាថា រដ្ឋាភិបាលរបស់លោក នឹងស្នើឱ្យនិយោជកដំឡើងប្រាក់ឈ្នួលប្រចាំថ្ងៃអប្បបរមា១១,២៤ដុល្លារ (៤០០បាត) ឱ្យបានឆាប់រហ័ស ដើម្បីឱ្យកម្មករអាចចំណាយប្រចាំថ្ងៃបាន។

នៅចំពោះមុខសមាជិកសភាថៃ លោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ បានប្តេជ្ញាដំឡើងប្រាក់ឈ្នួលប្រចាំថ្ងៃអប្បបរមា ខណៈក្នុងពេលបច្ចុប្បន្នប្រាក់ឈ្នួលប្រចាំថ្ងៃអប្បបរមា មានចន្លោះពី៩,២១ដុល្លារ (៣២៨បាត) ទៅ៩,៩៤ដុល្លារ (៣៥៤បាត) ដោយផ្អែកលើស្ថានភាពតំបន់នីមួយៗ។ 
 
«សម្រាប់ការដំឡើងប្រាក់ឈ្នួល វានឹងមានការចរចារវាងភាគី៣ គឺកម្មករ រដ្ឋាភិបាល និងនិយោជកសម្រាប់កម្រិតប្រាក់ឈ្នួលប្រចាំថ្ងៃអប្បបរមាដែលសមរម្យមួយ។ គោលដៅ នៃប្រាក់ឈ្នួលប្រចាំថ្ងៃ១១,២៤ដុល្លារ នឹងសម្រេចឱ្យបានឆាប់រហ័ស»។ លោកសេដ្ឋា បានសង្កត់ធ្ងន់បែបនេះ នៅថ្ងៃទី១២ ខែសីហា ដែលជាថ្ងៃចុងក្រោយសម្រាប់ការថ្លែងគោលនយោបាយទៅសភា។
 
ត្រង់ចំណុចនេះ មេដឹកនាំថៃ បានបញ្ជាក់ថា ការបង្កើនកម្រិតប្រាក់ឈ្នួល គឺដើម្បីឱ្យត្រូវតម្រូវការរបស់កម្មករក្នុងការចំណាយប្រចាំថ្ងៃ ដែលជាផ្នែកមួយនៃវិធានការជួយជំរុញសេដ្ឋកិច្ចរបស់រដ្ឋាភិបាល។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។ 
 
វិធានការជួយជំរុញសេដ្ឋកិច្ចរបស់រដ្ឋាភិបាលថៃផ្សេងទៀត មានដូចជា ការបញ្ចុះតម្លៃប្រេង ហ្គាស និងអគ្គិសនី, ការបង្កើនចំនួនទេសចរណ៍នៅក្នុងប្រទេស និងការផ្តល់ប្រាក់ឱ្យប្រជាជនជាដើម។ 
 
នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតកន្លងទៅ បក្សភឿថៃ បានសន្យាដំឡើងប្រាក់ឈ្នួលប្រចាំថ្ងៃអប្បបរមាដល់១៦,៨៥ដុល្លារ (៦០០បាត) នៅត្រឹមឆ្នាំ២០២៧។ 
 
នៅក្នុងការថ្លែងការណ៍គោលនយោបាយរបស់រដ្ឋាភិបាលទៅកាន់សភានៅថ្ងៃទី១១ ខែកញ្ញា លោកសេដ្ឋា បានប្តេជ្ញាដោះស្រាយបញ្ហាសេដ្ឋកិច្ចថៃ ដែលមានកំណើនយឺត ហើយថែមទាំងសន្យាដោះស្រាយបញ្ហាបំណុលរបស់កសិករ, បំណុលសាធារណៈ, សហគ្រាសធុនតូច និងមធ្យម និងក្រុមប្រជាជនមួយចំនួនផង៕ 
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com