ជាតិ
យុវជន១៣០នាក់នៅ៤រាជធានី-ខេត្ត បានឈ្វេងយល់ពីការប្រើប្រាស់បណ្តាញសង្គមប្រកបដោយការទទួលខុសត្រូវ
12, Sep 2023 , 5:13 pm        
រូបភាព
ចាប់ផ្តើមនៅរាជធានីភ្នំពេញ ហើយបន្តទៅខេត្តសៀមរាប ខេត្តបាត់ដំបង និងចុងក្រោយខេត្តកំពង់ចាម វគ្គបណ្តុះបណ្តាលស្តីអំពី «យុវជន និងការប្រើប្រាស់បណ្តាញសង្គមប្រកបដោយការទទួលខុសត្រូវ» ទទួលបានសិក្ខាកាមដែលជាសិស្ស-និស្សិត ចូលរួមសរុបប្រមាណ១៣០នាក់។ នេះជាគម្រោងដែលសារព័ត៌មានឌីជីថលថ្មីៗ ទទួលបានការឧបត្ថម្ភពីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ក្រោមកិច្ចសហការជាមួយបណ្ណាល័យអាមេរិកាំងនៃបណ្តារាជធានី-ខេត្តគោលដៅ។

 
វគ្គបណ្តុះបណ្តាលស្តីអំពី «យុវជន និងការប្រើប្រាស់បណ្តាញសង្គមប្រកបដោយការទទួលខុសត្រូវ» ជាការចែករំលែកបទពិសោធន៍ផ្នែកសារព័ត៌មានរបស់ក្រុមការងារសារព័ត៌មានឌីជីថលថ្មីៗ លើប្រធានបទ ឥទ្ធិពលនៃព័ត៌មាន, ការការពារ និងទប់ស្កាត់ព័ត៌មានមិនពិត, បរិបទសារព័ត៌មាននៅលើពិភពលោក, អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន រួមទាំងការផលិតព័ត៌មានតាមទូរសព្ទ។
 
 
រៀបចំលើកដំបូងការិយាល័យ AmCam Exchange ដែលស្ថិតក្នុងអគារ Exchange Square រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែកុម្ភៈ វគ្គបណ្តុះបណ្តាលនេះ មានសិក្ខាកាមចំនួន២១នាក់ (នារី១៤នាក់) ក្រោមវត្តមាន លោក គី សុខលីម សហស្ថាបនិកសារព័ត៌មានឌីជីថលថ្មីៗ, លោក ជា សុភា នាយកប្រតិបត្តិ AmCam Exchange និងលោក Victor Yau មន្ត្រីកិច្ចការសារធារណៈនៃស្ថានទូតអាមេរិកប្រចាំកម្ពុជា។
 
លោក លាង ដឺលុច ចាងហ្វាងការផ្សាយសារព័ត៌មានឌីជីថលថ្មីៗ បានធ្វើបទបង្ហាញស្តីពីឥទ្ធិពលនៃព័ត៌មាន មុនពេលដែលលោក អ៊ឹង ចំរើន នាយប្រតិបត្តិសារព័ត៌មានថ្មីៗ និងជាប្រធានគម្រោង បានចែករំលែកអំពីចំណេះដឹងនៃអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន។
 
ថ្ងៃដដែល លោក តន ចាន់រិទ្ធារ៉ា និពន្ធនាយករងសារព័ត៌មាន Cambodianess បានបង្ហាញពីបទពិសោធន៍នៃការការពារ និងទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិត រីឯលោក Alan Kirk ការីនិពន្ធនៃសារព័ត៌មានថ្មីៗ ជាភាសាអង់គ្លេសដដែលនេះ និយាយពីប្រធានបទដូចគ្នា ប៉ុន្តែក្នុងក្របខណ្ឌអន្តរជាតិ ជាពិសេសការប្រុងប្រយ័ត្នព័ត៌មានផ្សេងៗពាក់ព័ន្ធនឹងការបោះឆ្នោត។ ជាមួយគ្នានេះ ក្រុមការងារសារព័ត៌មានឌីជីថលថ្មីៗ ក៏បានបញ្ជ្រាបចំណេះដឹងទាក់ទងនឹងការផលិតព័ត៌មានតាមទូរសព្ទដៃ (Mojo) ផងដែរ ដែលធ្វើបទបង្ហាញដោយ អ្នកស្រី ញឹក ស្រីល័ក្ខ និពន្ធនាយិកា និងលោក សែម វណ្ណា និពន្ធនាយករង ThmeyThmey25។
 
វគ្គបណ្តុះបណ្តាលលើកទីពីរ ត្រូវបានរៀបចំនៅបណ្ណាល័យអាមេរិកាំង American Corner ស្ថិតក្នុងសកាលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ ខេត្តសៀមរាប ដោយមានសិក្ខាកាមចំនួន៣៥នាក់ (នារី២០នាក់)។ លោក គី សុខលីម និងលោក ជា វិបុល នាយកបណ្ណាល័យអាមេរិកកាំងខេត្តសៀមរាប បានមានវត្តមាននាពិធីបើកវគ្គបណ្តុះបណ្តាល។
 
 
បន្ថែមលើមតិចូលរួមបើកវគ្គបណ្តុះបណ្តាល លោក គី សុខលីម បានបន្តធ្វើបទបង្ហាញអំពីឥទ្ធិពលនៃព័ត៌មាន ដែលនាំឱ្យសិក្ខាកាមចេះពិចារណាបែងចែករវាងព័ត៌មានបានការ និងព័ត៌មានមិនបានការ ខណៈលោក អ៊ឹង ចំរើន, លោក តន ចាន់រិទ្ធារ៉ា និងលោក Alan Kirk បន្តធ្វើបទបង្ហាញក្រោមប្រធានបទដូចវគ្គដំបូងនៅរាជធានីភ្នំពេញ។
 
ឈានដល់ប្រធានបទ «សារសំខាន់នៃការផលិតព័ត៌មានតាមទូរសព្ទដៃ (Mojo)» អ្នកស្រី ញឹក ស្រីល័ក្ខ បានសហការជាមួយលោក ស៊ុល រ៉វី អ្នកទទួលបន្ទុកមាតិកាបណ្តាញសង្គម និងជាអ្នករាយការណ៍ព័ត៌មានថ្មីៗប្រចាំខេត្តសៀមរាបផ្ទាល់ ដើម្បីធ្វើបទបង្ហាញ រួមទាំងណែនាំអំពីការទាញយកកម្មវិធីទូរសព្ទដៃនានា ដែលពាក់ព័ន្ធនឹងការកាត់តរូបភាពវីដេអូ។
 
បន្តដល់ខេត្តបាត់ដំបង ក្រុមការងារសារព័ត៌មានឌីជីថលថ្មីៗ បានសហការជាមួយបណ្ណាល័យអាមេរិកាំងប្រចាំខេត្ត ដែលដឹកនាំដោយលោក វ៉ាន់ សុភាល័យ ដោយទីតាំងស្ថិតក្នុងបរិវេណសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច សាខាខេត្តបាត់ដំបង កាលពីថ្ងៃទី១៧ ខែមិថុនា។
 
 

លោក គី សុខលីម ស្ថាបនិកសារព័ត៌មានថ្មីៗ និងលោក Victor Yau មន្ត្រីកិច្ចការសារធារណៈនៃស្ថានទូតអាមេរិកប្រចាំកម្ពុជា មានវត្តមានសារជាថ្មីនាពិធីបើកវគ្គបណ្តុះបណ្តាលលើកទី៣នេះ ដោយមានសិក្ខាកាមចូលរួមចំនួន៣០នាក់ (ស្រី១៤នាក់)។
 
លោក អ៊ឹង ចំរើន, លោក តន ចាន់រិទ្ធារ៉ា និងលោក Alan Kirk បន្តធ្វើបទបង្ហាញដូចពីរលើកកន្លងមក រីឯកលោក សែម វណ្ណា រួមជាមួយលោក គី សុខលីម ដើម្បីធ្វើបទបង្ហាញអំពីឥទ្ធិពលនៃព័ត៌មាន ហើយបន្តចាប់ដៃគូជាមួយលោក ស៊ុល រ៉វី អំពីសារសំខាន់នៃការផលិតព័ត៌មានតាមទូរសព្ទដៃ និងការណែនាំពីការទាញយកទូរសព្ទដៃសម្រាប់ផលិត Mojo។
 
ថ្ងៃទី៩ ខែកញ្ញា ជាវគ្គបណ្តុះបណ្តាលចុងក្រោយ ដែលត្រូវបានរៀបចំនៅបណ្ណាល័យអាមេរិកាំង ស្ថិតក្នុងបរិវេណសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តកំពង់ចាម ដោយមានសិក្ខាកាមចូលរួមចំនួន៤០នាក់ ដែលក្នុងនោះនារីមានរហូតដល់ទៅ៣៣នាក់។
 
លោក អ៊ឹង ចំរើន, លោក Alan Kirk និងអ្នកស្រី តេក គឹមលាង ប្រធានបណ្ណាល័យអាមេរិកកាំងខេត្តកំពង់ចាម បានមានមតិអំពីសារសំខាន់នៃវគ្គបណ្តុះបណ្តាល ជាពិសេសការទទួលបានបទពិសោធន៍ពីក្រុមការងារសារព័ត៌មានឌីជីថលថ្មីៗ ដែលប្រតិបត្តិផ្ទាល់លើការងារសារព័ត៌មាន។
 
បទបង្ហាញអំពី «ឥទ្ធិពលនៃព័ត៌មាន» ជាបន្ទុករបស់អ្នកស្រី ញឹក ស្រីល័ក្ខ, លោក តន ចាន់រិទ្ធារ៉ា បន្តចែករំលែកអំពីវិធីសាស្ត្រការពារ និងទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិត, លោក អ៊ឹង ចំរើន បន្តបង្រៀនអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន រីឯលោក Alan Kirk ផ្តោតលើការផ្សព្វផ្សាយព័ត៌មានមិនពិតក្នុងបរិបទពិភពលោក ដោយ៣វគ្គកន្លងមក លោកបានផ្តោតខ្លាំងលើប្រធានបទនៃការប្រុងប្រយ័ត្នព័ត៌មានពាក់ព័ន្ធនឹងការបោះឆ្នោត។
 
សម្រាប់ជុំចុងក្រោយនៅខេត្តកំពង់ចាមនេះ កញ្ញា ផាត ដាណេ នៃសារព័ត៌មាន ThmeyThmey25 ទទួលបន្ទុកលើប្រធានបទ «សារសំខាន់នៃការផលិតព័ត៌មានតាមទូរសព្ទដៃ (Mojo) រីឯកញ្ញា ហេង ស្រីលីន ដែលជាអតីតសិក្ខាកាមរៀននៅភ្នំពេញ បានធ្វើជាគ្រូណែនាំអំពីការទាញយកកម្មវិធីទូរសព្ទដៃសម្រាប់ផលិត Mojo ក្នុងនោះមានដូចជា Capcut, Phonto ជាដើម។
 
 
វគ្គបណ្តុះបណ្តាលទាំង៤លើក ដែលទទួលបានការឧបត្ថម្ភពីស្ថានទូតអាមេរិកប្រចាំកម្ពុជានេះ ទទួលបានជោគជ័យដ៏គួរឱ្យកត់សម្គាត់។ ត្រឹមតែមួយថ្ងៃ វគ្គបណ្តុះបណ្តាលនេះ មិនអាចឱ្យសិក្ខាកាមចេះជ្រួតជ្រាបអំពីការងាររបស់អ្នកសារព័ត៌មានឡើយ ប៉ុន្តែពួកគេសុទ្ធតែបានអះអាងថា បានយល់ដឹងអំពីជម្រើសនៃព័ត៌មានដែលពួកគេត្រូវអាន ត្រូវចែករំលែក ដើម្បីជាប្រយោជន៍ ហើយពួកគេនឹងមានការប្រុងប្រយ័ត្នជាងមុនចំពោះព័ត៌មានដែលផ្សព្វផ្សាយនៅលើបណ្តាញសង្គម៕
 

© រក្សាសិទ្ធិដោយ thmeythmey.com