ជាតិ
តារាចម្រៀង ប៊ុត សីហា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធបទល្មើសគ្រឿងញៀន
12, Sep 2023 , 9:19 pm        
រូបភាព
តារាចម្រៀង ប៊ុត សីហា ត្រូវបានសមត្ថកិច្ចជំនាញឃាត់ខ្លួន ក្នុងចំណោមបក្សពួក២នាក់ ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។ ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងនៅរសៀលថ្ងៃទី ១២កញ្ញា នេះ នៅចំណុចភូមិត្រាំខ្នារ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឹ។ លោក នៅ វណ្ណា មេប៉ុស្តិ៍នគរបាលឃុំស្នំក្រពើ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទដូច្នេះ។

 
បើតាមមេប៉ុស្តិ៍ដដែល ក្រោយឃាត់ខ្លួន ជនសង្ស័យទាំង២នាក់ ត្រូវបានបញ្ជូនទៅអធិការស្រុក  ដើម្បីកសាងសំណុំរឿងទៅតុលាការ។ «កម្លាំងជំនាញរបស់ស្រុក(គងពិសី) គេចុះមកចាប់ថ្ងៃមិញនេះ ហើយខាងជំនាញគេបញ្ជូនទៅស្រុក។ (មកដល់)ឥឡូវប្រហែល បញ្ជូនទៅ(ឃុំ)នៅខេត្តហើយ»។ លោក នៅ វណ្ណា បន្ថែមខ្លីដូច្នេះ។
 
លោក ប៊ុត សីហា ជាម្ចាស់ពានកម្មវិធី The Voice Cambodia រដូវកាលទី១។ កាលពីអំឡុងឆ្នាំ២០១៨ តារាចម្រៀងរូបនេះ ក៏ធ្លាប់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀនដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com