ជាតិ
ព្រះចៅអធិការវត្តអារញ្ញសាគរ ជួសជុលកុដិចាស់មួយខ្នង​ដើម្បីតម្កល់គម្ពីរស្លឹករឹត និង​វត្ថុ​បុរាណផ្សេងៗ
13, Sep 2023 , 8:19 pm        
រូបភាព
​ថោង ប្រណី
 
សៀមរាប៖ កុដិចំណាស់មួយខ្នងដែលមានអាយុកាលជាង៣០ឆ្នាំ ក្នុងវត្តអារញ្ញសាគរ ត្រូវបាន​ជួសជុល​ឡើ​ងវិញ​ដើម្បីតម្កល់គម្ពីរសាស្ត្រាស្លឹករឹត និងដាក់តាំងវត្ថុបុរាណផ្សេងៗដែលមាន​សេស​សល់​ក្នុងវត្ត សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនា។

 
ព្រះតេជគុណ ហ៊ាក់ គឹមហ៊ត់ ជាព្រះគ្រូចៅអធិការវត្តអារញ្ញសាគរ ក្នុងភូមិអារញ្ញ សង្កាត់​សៀមរាប ក្រុងសៀមរាប បានដឹកនាំពុទ្ធបរិស័ទរៀបចំជួសជុល កុដិចំណាស់មួយខ្នង មាន​អាយុ​កាលជាង៣០ឆ្នាំ ដែលមានសភាពទ្រុឌទ្រោមជាខ្លាំង ដើម្បីអាចបន្តអាយុកាល បាន​យូរអង្វែងតទៅទៀត និងដើម្បីអភិរក្សកុដិឈើកុំឱ្យបាត់បង់ពីទីអារាមមួយនេះ។ 
 
បើតាមព្រះតេជគុណ ហ៊ាក់ គឹមហ៊ត់ មានបន្ទូលប្រាប់សារព័ត៌មានឌីជីថលថ្មីៗថា លើស​ពី​ការ​អភិរក្ស គោលបំណងសំខាន់នៃការជួសជុលកុដិនេះ គឺដើម្បីដាក់តម្កល់ គម្ពីរសាស្រ្តា​ស្លឹករឹត ដែលនៅសេសសល់ពីបុរាណ និងគម្ពីរដីកាផ្សេងៗក្នុងព្រះពុទ្ធសាសនា សម្រាប់​ព្រះ​សង្ស ឬសិស្សនិសិ្សតមក​សិក្សាស្រាវជ្រាវ ហើយថែមទាំងមានការដាក់តាំង វង់​ភ្លេង​ពិណពាទ្យទៀតផង។

ក្រៅពីនេះ ព្រះអង្គនឹងរៀបចំដាក់តាំងវត្ថុបុរាណផ្សេងៗ​ដែល​មាន​​ក្នុងវត្ត ដើម្បីទាក់ទាញទាំងភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនា ព្រោះថាទីអារាមនេះ ស្ថិត​ក្នុងចំណោមអារាមទេសចរណ៍ទាំង៩ នៅតាមបណ្តោយដងស្ទឹងសៀមរាប ដ៏មាន សក្តានុពល ក្នុងការជួយលើកស្ទួយតម្លៃវប្បធម៌ និងកេរដំណែលដែលដូនតាបានបន្សល់ ទុក​ឱ្យ​រហូតមកដល់​សព្វថ្ងៃ។
សូមរំលឹកដែរថា វត្តអារញ្ញសាគរ មានព្រះវិហារដ៏ចំណាស់មួយ ជាស្ថាបត្យកម្មដ៏អស្ចារ្យ​ព្រោះត្រូវបានសាងសង់ឡើងអំពីឥដ្ឋតាន់ និងមានសសរជុំវិញធ្វើឡើងពីឥដ្ឋរមួលស្រាប់ ហើយភាពរមួលនេះគឺមានសភាពខុសៗគ្នាទៀត ដែលជាលក្ខណៈពិសេស​គួរជាទីចាប់ អារម្មណ៍នៃមហាជនទូទៅ ឱ្យចូលមកទស្សនាទីអារាមមួយនេះ ជារឿយៗផងដែរ៕


 




Tag:
 វត្តអារញ្ញសាគរ
© រក្សាសិទ្ធិដោយ thmeythmey.com