ជាតិ
ឆ្នាំ​សិក្សា២០២២-២០២៣ គ្រោងបិទនៅថ្ងៃទី៣០​វិច្ឆិកា ឯឆ្នាំសិក្សាថ្មីនឹង​ចាប់​ផ្តើម​នៅ​ថ្ងៃទី១ធ្នូ
14, Sep 2023 , 8:39 am        
រូបភាព
ភ្នំពេញ៖ ក្រសួងអប់រំ គ្រោងបិទបញ្ចប់​ឆ្នាំសិក្សា២០២២-២០២៣ នៅថ្ងៃទី៣០ ខែវិច្ឆិកា ខណៈ​​ឆ្នាំ​សិក្សា​ថ្មី គ្រោងបើកបវេសនកាល នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣។ នេះបើយោង​តាម​សេច​ក្តីណែនាំ របស់​រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ ជួន ណារ៉ុន ចុះថ្ងៃទី១២ កញ្ញា។

 
ដើម្បីឱ្យការបិទបញ្ចប់ឆ្នាំសិក្សា២០២២-២០២៣ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២ ខែមករា ឆ្នាំ​២០២៣ នៅតាមគ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ​សាធារណៈ មានប្រសិទ្ធភាព និង​ត្រៀម​សម្រាប់​​បើកបវេសនកាលថ្មី ​ លោក ហង់ ជួន ណារ៉ុន ណែនាំឱ្យមន្ទីរអប់រំ, ការិយាល័យ​អប់រំ គណៈគ្រប់គ្រងសាលា រៀប​ចំ​ការប្រឡងឆមាសទី២ និងប្រជុំបូកសរុបលទ្ធផល​​ប្រចាំឆ្នាំ នៅមុនដំណាច់ឆ្នាំ​សិក្សា​២០២២-២០២៣។
 
ទន្ទឹមនឹងនេះដែរ គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ត្រូវចាប់ផ្តើម​យុទ្ធនាការ​ចុះ​ឈ្មោះ​​​ចូលរៀន​សម្រាប់កុមារដែលគ្រប់អាយុចូលថ្នាក់បឋមសិក្សា គឺអាយុ៦ឆ្នាំ ឬ៧០ខែ គិត​ត្រឹមថ្ងៃទី១ ខែធ្នូ ​និងសិស្សឆ្លងពីថ្នាក់ទី៦ ទៅទី៧។ 
ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ គណៈគ្រប់គ្រងសាលា ក៏ដូចជាលោកគ្រូ អ្នកគ្រូ ត្រូវរៀបចំបញ្ជីឈ្មោះសិស្សឡើងថ្នាក់ ត្រួតថ្នាក់ បោះបង់ការសិក្សា សិស្សផ្ទេរចូល​សម្រាប់ឆ្នាំសិក្សាថ្មី ដោយសហការជាមួយគណៈកម្មការទ្រទ្រង់/គ្រប់គ្រងសាលារៀន អាជ្ញាធរដែនដី មាតាបិតា និងអាណាព្យាបាលសិស្ស។
 
សូមជម្រាបថា ឆ្នាំសិក្សា២០២២-២០២៣ បានចាប់ផ្តើមកាលពីថ្ងៃទី២ ខែមករា ឆ្នាំ​២០២៣។
 

Tag:
 អប់រំ
  បើកបវេសនកាល
© រក្សាសិទ្ធិដោយ thmeythmey.com