ជាតិ
​​​ន​យោ​បាយ​ជាតិ​
ចិនជាប្រទេសទីមួយនៃដំណើរទស្សនកិច្ចទ្វេភាគី របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត
14, Sep 2023 , 8:40 am        
រូបភាព
សម្តេច ហ៊ុន ម៉ាណែត និងភរិយាពេលចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ រួមទាំង​ថ្នាក់ដឹកនាំដែលជូនដំណើរសម្តេច។ រូបថត STPM
សម្តេច ហ៊ុន ម៉ាណែត និងភរិយាពេលចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ រួមទាំង​ថ្នាក់ដឹកនាំដែលជូនដំណើរសម្តេច។ រូបថត STPM
សម្តេច ហ៊ុន ម៉ាណែត និងភរិយា នាព្រឹកថ្ងៃទី១៤ ខែកញ្ញា នេះ បានចេញទៅបំពេញទស្សនកិច្ចទ្វេភាគីនៅចិន ដែលជាប្រទេសដំបូង បើគិតចាប់តាំងពីសម្តេចចូលកាន់តំណែងជានាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២២ ខែសីហា។



ដំណើរទស្សនកិច្ចនៅចិនរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា ប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា តាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីចិន លោក លី ឈាំង។ សម្តេច ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ពីដំណើរទស្សនកិច្ចនៅចិននេះ តាំងពីនៅក្នុងជំនួបជាមួយសមភាគីចិន លោក លី ឈាំង នៅក្នុងក្រុងហ្សាការតា ឥណ្ឌូណេស៊ី នៅក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំពាក់ព័ន្ធ។
 
ក្នុងវត្តមាននៅចិនផងដែរ សម្តេច ចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២០ នៅក្រុង Nanning ។ ពិព័រណ៍ចិន-អាស៊ាន លើកទី២០ នៅក្រុង Nanning នឹងចាប់ផ្តើមឡើងនៅថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែកញ្ញា។
 
ក្នុងជំនួបនៅក្រុងហ្សាការតា ប្រមុខរដ្ឋាភិបាលកម្ពុជា បានប្រាប់សមភាគីចិនថា ចាប់តាំងពីបង្កើតទំនាក់ទំនងក្នុងរយៈពេល ៦៥ឆ្នាំមកនេះ ទំនាក់ទំនងចិន-កម្ពុជា បានផ្តល់ផលប្រយោជន៍ជាច្រើន ហើយសម្តេចក៏បានចាត់ទុកចិនជា មិត្តល្អ និងដៃគូដៃទុកចិត្តផង។ មិនតែប៉ុណ្ណោះ ប្រមុខរដ្ឋាភិបាលកម្ពុជា បានអះអាងថា រដ្ឋាភិបាលថ្មីនឹងបន្តគោរពគោលការណ៍ និងក្របខណ្ឌនៃទំនាក់ទំនងទ្វេភាគីផង។
 
ចំណែកសមភាគីចិនវិញ លោក លី បានអះអាងថា ទំនាក់ទំនងចិន-កម្ពុជា នៅតែបន្តទ្រាំទ្របាននឹងការផ្លាស់ប្តូរ ក្នុងបរិបទអន្តរជាតិ ហើយបន្តរឹងមាំ និងមិនអាចបំបែកបាន។ បើតាមមេដឹកនាំចិនរូបនេះ ទំនាក់ទំនងប្រទេសទាំងពីរ ជាឧទាហរណ៍ថ្មីនៃទំនាក់ទំនងអន្តរជាតិ។

កាលពីថ្ងៃទី៤ ខែកញ្ញា សម្តេច ហ៊ុន ម៉ាណែត និងភរិយា បានដឹកនាំប្រតិភូចេញទៅក្រៅប្រទេសលើកដំបូង ក្រោយកាន់តំណែងជានាយករដ្ឋមន្ត្រី។ មិនមែនជាដំណើរទស្សនកិច្ចផ្លូវការឡើយ ដោយពេលនោះ សម្តេចអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។

ក្រៅពីទទួលបានលិខិតសាទរជាបន្តបន្ទាប់ សម្តេច ហ៊ុន ម៉ាណែត ក៏បានជួបមេដឹកនាំប្រទេស មេដឹកនាំអង្គការអន្តរជាតិ និងថ្នាក់តំបន់ជាច្រើនរូបផងដែរនៅក្រុងហ្សាការតា ទាំងជំនួបទ្វេរភាគី និងក្រៅផ្លូវការ។

លោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន ទទួលបន្ទុកជានាយករដ្ឋមន្ត្រីស្តីទី នាអំឡុងអវត្តមានរបស់សម្តេច ហ៊ុន ម៉ាណែត៕




© រក្សាសិទ្ធិដោយ thmeythmey.com