ជាតិ
សង្គមជាតិ
គ្រូមួយជីវិត​! ៣៧ឆ្នាំក្រោយមក កូនសិស្សជាអភិបាលខេត្ត ជួបអតីតគ្រូភូមិវិទ្យា​របស់ខ្លួន
14, Sep 2023 , 10:08 am        
រូបភាព
ដោយ: រួបរួម
គ្រូមួយថ្ងៃ គ្រូមួយជីវិត! ចុះពីរថយន្តទំនើបឡិចស៊ីស LX 570 លោកអភិបាលខេត្តរតនគិរី ញ៉ែម សំអឿន បានស្ទុះទៅគំនាប់ និងឱបបុរសចំណាស់ម្នាក់ ដែលជាសន្តិសុខសាលាឯកជនមួយ។ នេះជាជំនួបលើកដំបូងរវាងសិស្ស និងគ្រូ ដែលបានបែកគ្នាជិត៤០ឆ្នាំ។



«មកយកកូនចេញពីសាលា បានជួបអតីតលោកគ្រូ ម៉ម ប៊ុណ្ណា បែកពីគាត់ក្រោយបាក់ឌុបឆ្នាំ១៩៨៦។ គាត់ឥឡូវជាសន្តិសុខប្រចាំសាលាមត្តេយ្យផារ៉ាហ្គន ។ សូមអរគុណលោកគ្រូដែលបានចងចាំខ្ញុំ»។  លោក ញ៉ែម សំអឿន បានបង្ហោះសារនេះ អមដោយរូបថត៥សន្លឹក នៅលើគណនីហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃទី១២ ខែកញ្ញា។

ការបង្ហោះរបស់អភិបាលខេត្តរតនគិរី ទទួលបាននូវការបញ្ចេញមតិវិជ្ជមាន រូបបេះដូង និងការចែករំលែកបន្តជាច្រើនពីមិត្តភក្តិហ្វេសប៊ុករបស់លោក ដោយភាគច្រើនមើលឃើញពីគុណតម្លៃនៃការគោរពគ្រូបាធ្យាយ វិស្វករព្រលឹង ដែលបានផ្តល់ចំណេះដឹង។

ម្ចាស់គណនីហ្វេសប៊ុកមួយរូប បានសរសេរថា៖ «នេះជាសក្ខីភាព ដែលមានគុណតម្លៃ បំផុត នៅតែមិនភ្លេចលោកគ្រូរបស់ខ្លួន ទោះបច្ចុប្បន្ន គាត់ចាស់ និងជាសន្តិសុខសាលាឯកជន ប្រឹងធ្វើការងារដ៏ថ្លៃថ្នូរ ដើម្បីជីវភាពគ្រួសារក៏ដោយ។ សង្ឃឹម ឯកឧត្តម អភិបាលខេត្ត ផ្តល់ការជួយតាមផ្នែកណាមួយ ជូនចំពោះគាត់ផងចុះ»។


មតិជាច្រើន បានកោតសរសើរអភិបាលខេត្ត ដែលមានភាពកត្តញ្ញូ នៅតែនឹកឃើញ និងនៅតែគោរពអតីតគ្រូបង្រៀនរបស់ខ្លួន។ «ជីវិតជាគ្រូបង្រៀនមិនអាចសល់ទ្រព្យសម្បត្តិជាដុំកំភួនបានទេ តែបន្សល់ទុកនូវធនធានមនុស្ស កិត្តិយស ការគោរពស្រលាញ់ពីមនុស្សជុំវិញខ្លួននៅក្នុងសង្គម»។ នេះជាការយល់ឃើញរបស់ម្ចាស់គណនីឈ្មោះ ចាប ភីធឿន។



តបនឹងការបញ្ចេញមតិយោបល់ល្អៗ លោក ញ៉ែម សំអឿន បានវាយតម្លៃថា៖ «នេះសរបានបញ្ជាក់ថា តម្លៃនៃសង្គមដែលមនុស្សយើងចង់បានគឺការដឹងគុណ ការជួយគ្នា និងមិនរើសអើង។ ការគោរពមនុស្សដែលបានធ្វើគុណមកយើង តាមរយៈអ្វីក៏ដោយចុះ គឺជាតម្លៃនៃគុណធម៌»។

បើតាមលោក អភិបាលខេត្ត លោកគ្រូ ម៉ម ប៊ុណ្ណា ជាអតីតគ្រូមុខវិជ្ជាភូមិវិទ្យារបស់លោក ជាគ្រូល្អ និងមានស្នាមញញឹមជានិច្ចចំពោះសិស្ស ដោយលោកចងចាំមិនភ្លេចពេលដែលលោកត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ១៩៨៦។

«លោកគ្រូចូលនិវត្តន៍ ហើយតែលោកគ្រូមិនចង់នៅស្ងៀម។ តែតាមរយៈស្បែកជើងរបស់គាត់ ក៏អាចបញ្ជាក់ថាជីវភាពលោកគ្រូនៅពិបាកនៅឡើយទេ ។ កូនៗរបស់ខ្ញុំចេញចូលសាលាយកប្អូននឹងរាប់អានលោកគ្រូ ដូចជាសាស្ត្រាចារ្យរបស់ខ្ញុំដូច្នេះដែរ»។ លោក ញ៉ែម សំអឿន បានអះអាងយ៉ាងដូច្នេះ៕


© រក្សាសិទ្ធិដោយ thmeythmey.com