ជាតិ
សេដ្ឋកិច្ច
អ្នករកស៊ីក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធមួយចំនួន ពុំចាំបាច់សុំច្បាប់ពីរដ្ឋបាលក្រុង ស្រុក ខណ្ឌ ទៀតឡើយ
14, Sep 2023 , 11:32 am        
រូបភាព
រូបតំណាង៖ អ្នកប្រកបរបរ​កាត់សក់ដែលជាប់នឹង​របង​វត្ត​ស្វាយ​ពពែ នៅ​រាជធានី​ភ្នំពេញ
រូបតំណាង៖ អ្នកប្រកបរបរ​កាត់សក់ដែលជាប់នឹង​របង​វត្ត​ស្វាយ​ពពែ នៅ​រាជធានី​ភ្នំពេញ
ចាប់ពីពេលទៅ ពលរដ្ឋដែលចង់ប្រកបអាជីវកម្មនានា នៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ពុំចាំបាច់ស្នើសុំច្បាប់អនុញ្ញាតនៅការិយាល័យច្រកចេញ-ចូលតែមួយ នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ទៀតនោះទេ។ នេះបើយោងតាមសេចក្តីសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលសម្តេច ហ៊ុន ម៉ាណែត នៅថ្ងៃទី១៣កញ្ញា ឆ្នាំ២០២៣។​

 
បើតាមការសម្រេចរបស់សម្តេចនាយករដ្ឋមន្ត្រី ការប្រកបអាជីវកម្មរបស់ពលរដ្ឋដែលពុំចាំបាច់សុំការអនុញ្ញាត ឬបន្តសុពលភាពពីរដ្ឋបាលក្រុង ស្រុក ខណ្ឌ ​ទៀតនោះ មានប្រភេទអាជីវកម្មសិល្បៈសូនរូប ការលក់ចម្លាក់ ពុម្ពស៊ីម៉ងត៍ ជាងគំនូរ។  សម្រាប់អ្នកប្រកបរបរកាត់សក់បុរស អ៊ុតសក់ លម្អក្រចក  និងសម្អាងការតម្លៃក្រោម១០០០ដុល្លារ ​​ក៏ពុំចាំបាច់សុំការអនុញ្ញាតពីរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែរ។​
 
រដ្ឋាភិបាល ក៏លើកលែងចំពោះអ្នកលក់សម្ភារកីឡា អ្នកបើកភោជនីយដ្ឋាន ​ឬ អាហារដ្ឋានក្នុងស្រុក តូបលក់អាហារ ហាងលក់គុយទាវ កាហ្វេ ម៉ូតូឌុបទេសចរណ៍ ម៉ូតូជួលទេសចរណ៍ រ៉ឺម៉កម៉ូតូដឹកទេសចរណ៍ ការចុះបញ្ជីលក់សិប្បកម្ម ផលិតជើងតាង ពាង លូ ឥដ្ឋការ៉ូ ធ្វើទៀន ធូប រួមទាំងការដំឡើងម៉ាស៊ីនអគ្គិសនី សម្រាប់ធ្វើសេវាកម្មបញ្ចូលអាគុយ ដែលមានកម្លាំងមិនលើសពី២៥គីឡូវ៉ាត់ ការជួសជុលគ្រឿងអគ្គិសនីអេឡិចត្រូនិក លាងឡាន-ម៉ូតូ ផងដែរ។ ជាមួយគ្នានេះ  ពលរដ្ឋអាចប្រកបរបរក្នុងវិស័យពាណិជ្ជកម្ម កសិកម្ម ​សេវាកម្មពាណិជ្ជកម្ម អាជីវកម្មលក់ ដុំ រាយ សម្ភារកសិកម្ម បានដោយចាំបាច់ សុំលិខិតអនុញ្ញតពីការិយាល័យច្រកចេញ-ចូលតែមួយ នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ទៀតទេ។
 
បើតាមសម្តេច​ ហ៊ុន ម៉ាណែត ការសម្រេចឱ្យផ្អាកការផ្តល់សេវានៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ ចំពោះប្រភេទអាជីវកម្មខាងលើ គឺជាឆ្លើយតបនឹងយុទ្ធសាស្ត្រជាតិស្តីពី៖«ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨» ដែលរដ្ឋាភិបាលកំពុងរៀបចំឡើង។ សម្តេច បានបញ្ជាក់ថា​ យុទ្ធសាស្រ្តជាតិ នឹងត្រូវឱ្យអនុវត្តក្នុងពេលឆាប់ៗនេះ ដើម្បីបង្កលក្ខណៈងាយស្រួល, ព្រមទាំងផ្តល់ប្រយោជន៍, ថែបំប៉ន និងលើកកម្ពស់ការយល់ដឹង ដល់អ្នកប្រកបអាជីវកម្ម, មុខរបរ និងការងារ ដែលស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ៕ 
 

Tag:
 សេដ្ឋកិច្ចក្រៅប្រព័ន្ធ
© រក្សាសិទ្ធិដោយ thmeythmey.com