ជាតិ
ក្រសួងធនធានទឹក ប្រាប់ឱ្យពលរដ្ឋសន្សំសំចៃទឹក ខណៈបាតុភូតអែលនីណូកើនឡើងខ្លាំង
14, Sep 2023 , 2:01 pm        
រូបភាព
ត្រពាំង ស្រះទឹក មួយចំនួននៅខេត្តប៉ៃលិន បានរាំងស្ងួត កាលពីខែសីហា ឆ្នាំ២០២៣។ រូបភាព៖ មន្ទីរកសិកម្ម ខេត្តប៉ៃលិន
ត្រពាំង ស្រះទឹក មួយចំនួននៅខេត្តប៉ៃលិន បានរាំងស្ងួត កាលពីខែសីហា ឆ្នាំ២០២៣។ រូបភាព៖ មន្ទីរកសិកម្ម ខេត្តប៉ៃលិន
ភ្នំពេញ៖ ក្រសួងធនធានទឹក បានក្រើនរំឭកឱ្យពលរដ្ឋប្រើប្រាស់ទឹកសន្សំសំចៃ ព្រោះរដូវវស្សាមានរយៈពេលខ្លី ខណៈបាតុភូតអែលនីណូ (El Nino) នឹងកើនឡើងខ្លាំង នៅចន្លោះខែកញ្ញាដល់ខែធ្នូ ឆ្នាំ២០២៣។ អែលនីណូ គឺជាបាតុភូតកម្ដៅ ដែលអាចបង្កឱ្យមានគ្រោះរាំងស្ងួត និងការកើនឡើងរលកកម្ដៅជាដើម។



ឆ្នាំនេះ មានប្រទេសជាច្រើន បានរងគ្រោះដោយសាររលកកម្ដៅ ដែលបណ្ដាលមកពីអែលនីណូ។ ក្នុងនោះឥណ្ឌា មីយ៉ាន់ម៉ា និងបណ្ដាប្រទេសមួយចំនួនទៀតលើពិភពលោក បានផ្អាកការនាំចេញអង្ករសរបស់ខ្លួន ដោយបារម្ភថា គ្រោះរាំងស្ងួតអាចបង្កផលប៉ះពាល់ដល់សន្តិសុខស្បៀងរបស់ពួកគេ។ 
 
ជាមួយគ្នានេះ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៣ ខែកញ្ញា បានប្រាប់ឱ្យពលរដ្ឋប្រើប្រាស់ទឹកសន្សំសំចៃ ជាពិសេសតំបន់ឆ្ងាយពីប្រភពទឹក។ ការក្រើនរំឭកនេះ ធ្វើឡើងក្រោយពេលព្យាករណ៍អាកាសធាតុលើកទី៣ ឃើញថា បាតុភូតអែលនីណូ នឹងកើនឡើងដល់១០០ភាគរយ នៅចន្លោះខែកញ្ញា ដល់ខែធ្នូ។ 

បើតាមក្រសួង នៅខែកញ្ញានេះ មិនសូវមានភ្លៀងធ្លាក់រាយប៉ាយនោះទេ ដោយផ្ទៃដីរងទឹកភ្លៀងមានប្រមាណ៤០ទៅ៦០ភាគរយ ជាមួយនឹងកម្រិតទឹកភ្លៀងពីខ្សោយទៅមធ្យម។ ក្នុងនោះក៏អាចមានភ្លៀងធ្លាក់ច្រើននៅតាមផ្នែកខ្លះនៃ តំបន់ជួរភ្នំ ខ្ពង់រាប និងមាត់សមុទ្រ។ 
 
ចំពោះខែតុលា និងខែវិច្ឆិកា ទាំងភ្លៀងធ្លាក់រាយប៉ាយ និងកម្រិតទឹកភ្លៀង នឹងត្រូវថមថយ លាយឡំទៅដោយបាតុភូតផ្គររន្ទះ និងខ្យល់កន្រ្តាក់ជាមួយនឹងផ្ទៃដីរងទឹកភ្លៀងប្រមាណ៣០​ទៅ៤០ភាគរយ។
 
ដោយឡែក រដូវវស្សាឆ្នាំ២០២៣នេះ នឹងបញ្ចប់ទៅលឿនជាងឆ្នាំ២០២២ ក្នុងនោះ តំបន់ខ្ពង់រាប ត្រូវបញ្ចប់ក្នុងសប្តាហ៍ទី៣ នៃខែតុលា, តំបន់វាលទំនាប និងតំបន់មាត់សមុទ្រ នឹងបញ្ចប់​នៅក្នុងសប្តាហ៍ទី៤ នៃខែតុលា៕
 

Tag:
 ក្រសួងធនធានទឹក
  El Nino
  អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com