ជាតិ
ផ្សោតញីមួយក្បាល បាត់បង់ជីវិតដោយសារចាស់ជរាចូលដល់​អាយុ​២៧​ឆ្នាំ
14, Sep 2023 , 2:19 pm        
រូបភាព
ផ្សោតញី ដែលបានងាប់ដោយសារវ័យចាស់ នៅភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ រូបភាព៖ BTV
ផ្សោតញី ដែលបានងាប់ដោយសារវ័យចាស់ នៅភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ រូបភាព៖ BTV
ផ្សោតញីមួយក្បាល ត្រូវបានប្រទះឃើញងាប់​ កាលពីថ្ងៃ១២ ខែកញ្ញា នៅភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ លទ្ធផលនៃកោសល្យ​វិច័យ បង្ហាញថាផ្សោតនេះ អាចងាប់ដោយសារវ័យចាស់។



លោក អ៊ុក ណារិន នាយខណ្ឌរដ្ឋបាលជលផលកំពង់ចាម កាលពីថ្ងៃទី១៣ ខែកញ្ញា បានបញ្ជាក់ថា ផ្សោតញីមួយក្បាលនេះ ត្រូវបានប្រជានេសាទប្រទះឃើញងាប់អណ្ដែតទឹកទន្លេមេគង្គ កាលពីថ្ងៃទី១២ ខែកញ្ញា ត្រង់ចំណុចភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

តាមការធ្វើកោសល្យវិច័យរបស់មន្រ្តីជំនាញនៃរដ្ឋបាលជលផល និងអង្គការ WWF ផ្សោតនេះ បានងាប់ប្រហែល៤ ទៅ៥ថ្ងៃហើយ ដែលធ្វើឱ្យសាកសពមានសភាពហើម, ក្លិនស្អុយ, ធ្លាយពោះ និងរលាត់ស្បែកចេញអស់ពីដងខ្លួន។ ផ្សោតញីនេះ មានអាយុប្រមាណ២៧ឆ្នាំ ទម្ងន់១០៥គីឡូក្រាម និងប្រវែង២,១០ម៉ែត្រ។ មូលហេតុនៃការងាប់ អាចបណ្ដាលមកពីវ័យចាស់ ហើយបានផ្លាស់ទីចេញពីតំបន់ដែលវារស់នៅ ចុះមកចរន្តទឹកខាងក្រោម ក្នុងខេត្តកំពង់ចាម។ 
 
សូមបញ្ជាក់ថា រយៈពេល៩ខែ ឆ្នាំនេះ ក្រុមអ្នកភិរក្ស រកឃើញកូនផ្សោតកើតថ្មី៧ក្បាល និងងាប់ទៅវិញ៤ក្បាល។ ផ្សោតទន្លេមេគង្គ ត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វរង​ការ​គំរាមកំហែង និងគ្រោះថ្នាក់ជិតផុតពូជបំផុត នៅលើពិភពលោក៕
 

Tag:
 ផ្សោត
  កំពង់ចាម
© រក្សាសិទ្ធិដោយ thmeythmey.com