ជាតិ
តួឯកស្រីក្នុង​រឿង “បក្សីឋានសួគ៌” ទទួលមរណភាព​ក្នុង​ជន្មាយុ៨៦​ឆ្នាំ ​នៅ​​បារាំង​
14, Sep 2023 , 3:09 pm        
រូបភាព
រូប​ពី​ហ្វេសប៊ុក Phalla Yvon Hem
រូប​ពី​ហ្វេសប៊ុក Phalla Yvon Hem
ភ្នំពេញ៖ អ្នក​ស្រី ណារី ហែម ដែល​ជា​តួឯកស្រី​ក្នុង​រឿង “បក្សីឋានសួគ៌” បាន​ទទួល​មរណភាព នៅ​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០២៣ ក្នុង​ជន្មាយុ​ ៨៦​ឆ្នាំ នៅ​ឯប្រទេស​បារាំង​ ។ នេះ​​បើ​តាម​លោក អ៊ីវ៉ុងហែម ផល្លា ត្រូវ​ជា​ក្មួយ​ប្រុស​របស់​សព​។



លោក អ៊ីវ៉ុងហែម ផល្លា បាន​ប្រាប់​សារព័ត៌​មាន​ថ្មី​ៗ ថា៖«ព័ត៌​មាន​លម្អិត​ពី​ពិធី​បុណ្យ​សព​ បង​​ពុំ​ទាន់​ដឹង​ច្បាស់​ឡើយ​។ សាច់​ញាតិ​នៅ​បារាំង គាត់​រវល់ចាត់​ចែង​ពិធី​បុណ្យ​​ដែរ គាត់​មិន​ទាន់​ឆ្លើយ​មក​បង​ភ្លាមៗ​ទេ ចាំ​បាន​ព័ត៌​មាន​លម្អិត​បង​នឹង​ប្រាប់​ប្អូន​បន្ថែម»​។
 
លោក អ៊ីវ៉ុងហែម ផល្លា អះ​អាង​ថា តាំង​ពី​អ្នក​ស្រី ណារី ហែម ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ ដែល​ជា​ទឹក​ដី​កំណើត ក្នុង​សម័យ​សង្គ្រាម​​ខ្មែរ​ក្រហម​ តួឯក​ស្រី​ក្នុង​រឿង “​បក្សី​ឋាន​សួគ៌” ​រូប​នេះ ពុំ​ដែល​ត្រឡប់​មក​កម្ពុជា​​វិញ​ឡើយ​។​
 
«ពេល​ខ្មែរ​ក្រហម​ចូល គ្រួសារ​បង​ទៅ​ប្រទេស​បារាំង​ទាំង​អស់។ តាំង​ពី​ចេញ​ទៅ អ៊ំ​ស្រីមិន​ដែល​ត្រឡប់​​មក​ខ្មែរ​វិញ​ទេ»។ នេះ​ជា​ការ​បញ្ជក់​បន្ថែម​របស់​លោក អ៊ីវ៉ុង​ហែម ផល្លា​។
សូម​បញ្ជាក់​ថារឿង​ “បក្សី​ឋាន​សួគ៌” បាន​ផលិត​ក្នុង​ឆ្នាំ​១៩៦២ ដែល​មាន​អ្នក​ស្រី ណារី ហែម ជា​តួឯក​ស្រី និង​លោក មាស សំអែល ជា​តួឯក​ប្រុស​។ ក្នុង​រឿង​នេះ​ក៏​​​មាន​លោក ណុប ណែម ជា​តួរងដ៏​ល្បី​ល្បាញ​​ និង​​តួអង្គ​អ្នក​ស្រី សាក់​ ស៊ីស្បោង ដ៏​លេច​ធ្លោ​ផង​ដែរ​។
 
បើតាម​ទំព័រហ្វេសប៊ុក Amazing Cambodia ​​តួឯក​ប្រុស​ក្នុង​រឿ​ង​នេះគឺ​លោក មាស សំអែល(តួឯក​ប្រុស​ឈ្មោះ សុខ) គឺ​ជា​សាស្ត្រាចារ្យ​ល្ខោន​និយាយ​។ ចំណែក​តួឯកស្រី ណារី ហែម គឺ​ជា​បវរកញ្ញា​កម្ពុជា​ ឆ្នាំ​១៩៥៥ (តួឯកស្រីឈ្មោះ តារា​)។
 
រឿង​ “បក្សី​ឋានសួគ៌” បាន​បញ្ចាំង​ជា​លើក​ដំបូង​ នៅ​រោង​ភាព​យន្ត​សូរិយា ក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​១៩៦៣។ ក្រោយ​មក​រឿង​នេះ​ ត្រូវ​បាន​យក​ទៅ​សម្ពោធន៍​​ និង​​ចាក់​បញ្ចាំង​នៅ​រោង​ភាព​យន្ត​ Carnegie hall ក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ទី​២៤ ខែ​សីហា​ ឆ្នាំ​១៩៦៤​។ ព្រឹត្តិការណ៍​នេះ ត្រូវ​បាន​កាសែត​ New York Time ដ៏​ល្បី​ល្បាញ​​លំដាប់​ពិភព​លោក​ ចុះ​ផ្សាយ​ផង​ដែរ​។ 
 
បើ​តាម​លោក ជា សុភាព នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​បុប្ផាណា ផលិត​ករ​ ភាព​យន្ត​ “​បក្សី​ឋាន​សួគ៌” គឺ Safra Michel និង​ Silberman Serge។ ដឹក​នាំ​ដោយ Camus Marcel។ និង​និពន្ធ​ដោយ Viot Jacques៕
 

Tag:
 ភាព​យន្ត​
  សិល្បៈ​
  មរណភាព
 
© រក្សាសិទ្ធិដោយ thmeythmey.com