ជាតិ
រដ្ឋមន្ត្រីមហាផ្ទៃ ដកតំណែងលោក ហេង ហាប់ ស្នងការរងខេត្តកំពត ឱ្យមកជាមន្ត្រីវិញ
14, Sep 2023 , 3:22 pm        
រូបភាព
លោក ហេង ហាប់ ស្នងការរងខេត្តកំពត ដែលត្រូវបានលោក ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដកតំណែងឱ្យមកជាមន្ត្រីវិញ។
លោក ហេង ហាប់ ស្នងការរងខេត្តកំពត ដែលត្រូវបានលោក ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដកតំណែងឱ្យមកជាមន្ត្រីវិញ។
លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្រេចដកតំណែងលោក ហេង ហាប់ ស្នងការរងខេត្តកំពត ឱ្យមកជាមន្ត្រីវិញ។ បើតាមសេចក្តីសម្រេចរបស់លោក ស សុខា កាលពីថ្ងៃទី១២ កញ្ញា ការដកតំណែងស្នងការរងខេត្តកំពតរូបនេះ ដោយសារតែរូបគេល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។



លោកវរសេនីយ៍ទោ ហេង ហាប់ ត្រូវបានតែងតាំងជាស្នងការរងនគរបាលខេត្តកំពត កាលពីថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៣។ ការដកតំណែងលោក ហេង ហាប់ ពេលនេះ ធ្វើឡើងក្រោយពីសាធារណជនរិះគន់ លើការតែងតាំងបុគ្គលរូបនេះ ដែលធ្លាប់ជាប់ចោទពីករណីលួចទ្រព្យសម្បត្តិអ្នកទៃ។
 
កាលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ មន្ដ្រីនគរបាល ហេង ហាប់ ដែលបម្រើការងារនៅនាយកដ្ឋានការពារព្រំដែនទឹក បានលួចយក iPad នៅក្នុងហាងប្ដូរប្រាក់មួយកន្លែង នៅខណ្ឌទួលគោក។ ក្រោយមកនាយកដ្ឋានព្រហ្មទណ្ឌ បានកោះហៅមន្ត្រីរូបនេះ ទៅធ្វើកិច្ចសន្យា ហើយឱ្យត្រឡប់ទៅផ្ទះ។
 
ប៉ុន្តែគ្រានោះ សាធារណជនមិនពេញចិត្តចំពោះការសម្រេចបែបនេះឡើយ ទើបលោក នេត សាវឿន ដែលកាន់តួនាទីជាអគ្គស្នងការនគរបាលជាតិ ពេលនោះ បានបញ្ជាឱ្យសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនបុគ្គល ហេង ហាប់ ទៅតុលាការ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

Tag:
 ស សុខា
  នគរបាលជាតិ
  ព្រំដែន
© រក្សាសិទ្ធិដោយ thmeythmey.com