កីឡាជាតិ
ជាតិ
លោក ផាណា ដឹកនាំអត្តពលិកកាយសម្ព័ន្ធ ទៅប្រកួតនៅម៉ុងហ្គោលី មិនមែនដើម្បីតែបទពិសោធន៍ទេ
14, Sep 2023 , 6:59 pm        
រូបភាព
ប្រតិភូកីឡាកាយសម្ព័ន្ធកម្ពុជា ធ្វើដំណើរទៅម៉ុងហ្គោលី រូបពី NOCC
ប្រតិភូកីឡាកាយសម្ព័ន្ធកម្ពុជា ធ្វើដំណើរទៅម៉ុងហ្គោលី រូបពី NOCC
លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ត្រូវដឹកនាំអត្តពលិកខ្លួន ទៅចូលរួមការប្រកួតព្រឹត្តិការណ៍កាយសម្ព័ន្ធជើងឯកអាស៊ី លើកទី៨ នៅប្រទេសម៉ុងហ្គោលី នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣។ អំឡុងចាកចេញពីកម្ពុជា អគ្គលេខាធិការរូបនេះ អះអាងប្រាប់អ្នកព័ត៌មានថា រាល់ការចេញទៅប្រកួតព្រឹត្តិការណ៍អន្ដរជាតិ អត្ដពលិកកម្ពុជា មិនទៅដើម្បីតែបទពិសោធន៍ទេ ប៉ុន្ដែ ដើម្បីស្វែងរកលទ្ធផល និងស្វែងរកចំណុចខ្វះខាត ដើម្បីបំពេញបន្ថែម។


 
ក្នុងការដឹកនាំប្រតិភូកីឡាចូលរួមការប្រកួតកីឡាកាយសម្ព័ន្ធជើងឯកអាស៊ី លើកទី៨ នៅប្រទេសម៉ុងហ្គោលី លោក ណយ ផាណា សង្ឃឹមថា អត្ដពលិកកម្ពុជា នឹងធ្វើបានល្អ ហើយនិងអាចដណ្ដើមបានមេដាយណាមួយសម្រាប់កម្ពុជា។ អគ្គលេខាធិការរូបនេះ បន្ថែមថា ការទទួលបទពិសោធន៍ នៃចូលរួមព្រឹត្តិការណ៍អន្ដរជាតិ គឺជារឿងវិជ្ជមាន ប៉ុន្ដែមិនមែនមានន័យថា រាល់ការប្រកួតសុទ្ធតែដាក់គោលដៅយកត្រឹមតែបទពិសោធន៍នោះទេ។ លោក ផាណា បញ្ជាក់ថា សហព័ន្ធ កីឡាករ-កីឡាការិនី ក៏ដាក់គោលដៅយកលទ្ធផលជូនជាតិ ផងដែរ។
 
ក្រៅអំពីដាក់គោលដៅរកជ័យលាភីជូនជាតិ លោក ណយ ផាណា បន្ថែមថា ទាំងសហព័ន្ធ និងអត្ដពលិក ក៏អាចស្វែងយល់ពីចំណុចខ្វះខាត ដើម្បីកែតម្រូវ បន្ដទៀត។ 
 
«ការចេញទៅប្រកួតរាល់ដង មិនមែនដើម្បីតែបទពិសោធន៍ទេ។ ទី១ គឺយើងត្រូវដាក់កំណត់គោលដៅ ដើម្បីទទួលយកគុណផល មានជាលទ្ធផលជូនជាតិ ហើយទី២ ក៏អាចទទួលយកជាបទពិសោធន៍ ដោយសារបទពិសោធន៍ ដោយសារបទពិសោធន៍ មានចំណុចអីខ្លះ ដែលយើងបានចូលរួមកន្លងមក ទល់ពេលនេះ មានកន្វះខាតអីខ្លះ តើកីឡាករ កីឡាការិនី គាត់ហ្វឹកហាត់ខ្វះខាតអីខ្លះ ហើយការដឹកនាំរបស់គ្រូបង្វឹកខ្វះខាតអ្វីខ្លះ។ អ៊ីចឹង វាជាបទពិសោធន៍ គួបផ្សំដែរ។»។ អគ្គលេខាធិការរូបនេះ បាននិយាយដូច្នេះ។
 
លោក ណយ ផាណា បន្ថែមថា ប្រទេសក្នុងតំបន់ បានប្រឹងប្រែងដុសខាតសមត្ថភាពកីឡាករ-កីឡាការិនីយ៉ាងខ្លាំង ហើយម្យ៉ាងវិញទៀត ប្រទេសទាំងនោះ មានកិច្ចសហការជាមួយអឺរ៉ុប ដូច្នេះ ប្រទេសទាំងនោះ អាចមានគ្រូបង្វឹក ដែលមានសមត្ថភាពខ្លាំង ក្នុងការដឹងនាំ និងបង្ហាត់កីឡាករ-កីឡាការិនី។ អគ្គលេខាធិការរូបនេះ បន្ថែមដូច្នេះទៀតថា ការប្រកួតនេះ នេះ នឹងត្រូវជួបប្រទេសមានកម្រិតខ្លាំងជាច្រើន។ «ខ្ញុំ គិតថាលើកនេះ មានការប្រកួតប្រជែងច្រើន។ ប្រកួតប្រជែងខ្លាំងនោះ ខ្ញុំ គិតថាអត់មានអ្នកណាក្រៅពីវៀតណាម ថៃ ហ្វីលីពីន ជប៉ុន និងកូរ៉េ។ យើង សង្ឃឹមថានឹងបានលទ្ធផលល្អ និងមានមេដាយ ក្នុងចំណោមមេដាយមាស ប្រាក់ និងសំរិទ្ធ។»។ លោក ណយ ផាណា បាននិយាយប្រាប់ដូច្នេះ។
 
មន្ដ្រីជាន់ខ្ពស់សហព័ន្ធរូបនេះ បានប្រាប់ថាអត្ដពលិកកីឡាកាយសម្ព័ន្ធ ប្រឹងប្រែងហ្វឹកហាត់ មិនមែនសម្រាប់តែព្រឹត្តិការណ៍ជើងឯកអាស៊ី តែម្យ៉ាងទេ ប៉ុន្ដែ អ្នកទាំងនោះ គឺប្រឹងសម្រាប់ការប្រកួតអន្ដរជាតិនានា ជាពិសេស គឺគោលដៅសម្រាប់ការប្រកួតស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាឆ្នាំ២០២៥។
 
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១២ ខែកញ្ញា លោក ណយ ផាណា បានដឹកនាំប្រតិភូកីឡាសរុប ១១នាក់ ក្នុងនោះ កីឡាករ-កីឡាការិនី ៨ នាក់ ទៅចូលរួមការប្រកួតកីឡាកាយសម្ព័ន្ធជើងឯកអាស៊ី លើកទី៨ នៅប្រទេស ម៉ុងហ្គោលី៕
 

Tag:
 ជើងឯកអាស៊ីលើកទី៨
  ណយ ផាណា
© រក្សាសិទ្ធិដោយ thmeythmey.com