ជាតិ
ក្រសួងការងារ ជំរុញឱ្យមន្ត្រីពង្រឹងការ​ដោះស្រាយបញ្ហា ដល់ពលករ​ក្រៅប្រ​ទេស
14, Sep 2023 , 8:19 pm        
រូបភាព
ពលករត្រឡប់ពីថៃ នាពេលកន្លងមក។
ពលករត្រឡប់ពីថៃ នាពេលកន្លងមក។
ភ្នំពេញ៖ រាជរដ្ឋាភិបាលតាមរយៈក្រសួងការងារ បានចេញគោលការណ៍៣សំខាន់ៗ សំដៅ​ ផ្តល់​សេវាកម្មការពារសិទ្ធិ ​និងផលប្រ​យោជន៍ដល់​ពលករ ​ ។ យោងតាមទីភ្នាក់ងារសារព័ត៌ មានកម្ពុជា(AKP)។



គោលការណ៍ទាំង៣នោះ រួមមានទី១ បញ្ជាឱ្យពង្រឹងសេវាអនុពន្ឋការងារ អមស្ថានឯក​អគ្គ​រាជ​ទូតកម្ពុជា ហើយសហការជាមួយមជ្ឈមណ្ឌលគាំពារពលករបរទេស តាមបណ្តា​ប្រ​ទេស​​​គោលដៅ។ ចំណុចទី២ បន្តពង្រឹងយន្តការចុះត្រួតពិនិត្យ និងធ្វើអធិការកិច្ចការងារ​ទី​ភ្នាក់​ងារ​​ជ្រើស​​រើស​ពលករឯកជន ដើម្បីធានាពីប្រសិទ្ធិភាពការងារជ្រើសពលករ។ ចំ​​ណែក​ចំណុចទី៣ ក្រសួងការងារនឹងបន្តគាំទ្រ និងផ្ដល់ភាពងាយស្រួលដល់ពលករ​ធ្វើការ​នៅ​ក្រៅប្រទេស តាមរយៈការសម្រួលបែបទឯកសារ ការគាំពារតាមផ្លូវច្បាប់ និង​ការ​អន្តរាគម​​​សង្រ្គោះនៅពេលមានហានិភ័យ។ 
 
ទាក់ទិននឹងពលករក្រៅប្រទេស កាលពីពេលថ្មីៗនេះ អំឡុងពេលសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ចុះជួបកម្មករ ក៏បានបញ្ជាឱ្យក្រសួងពាក់ព័ន រួមមានក្រសួងយុត្តិធម៌ ក្រសួង​ការងារ ក្រសួងសេដ្ឋកិច្ច និងស្ថាប័នពាក់ព័ន្ធ ជួយរៀបចំបន្តសុពលភាពលិខិតឆ្លងដែន​ឬធ្វើថ្មី ដល់ពលករខ្មែរនៅក្រៅ ដោយផ្ដើមចេញពីពលករនៅសាធារណរដ្ឋកូរ៉េ។ 
 
គិតពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ ក្រសួងបានសម្របសម្រួលពលករ ​និងដោះស្រាយបញ្ហា​ទូទៅបាន១៤ ៨៥១ករណី។ បច្ចុប្បន្ននេះ ពលរដ្ឋកម្ពុជាក្រៅប្រទេសប្រមាណ ១,៣ លាន​នាក់ ក្នុងមួយឆ្នាំៗ ពួកគេបានផ្ញើប្រាក់មកប្រទេសវិញប្រមាណ ២,៧ ពាន់លានដុល្លារ។ នេះ​បើតាមរបាយការណ៍របស់ក្រសួងការងារ។ 
 
 សូមជម្រាបថា សព្វថ្ងៃពលករកម្ពុជាមាននៅប្រទេសថៃចំនួមន១ ២៣១ ៥០៨នាក់, ​កូរ៉េ ខាង​ត្បូង ៤៩ ៧៣៨នាក់, ម៉ាឡេស៊ី២២ ៦២១នាក់, ជប៉ុន១៦ ៥៦២នាក់, សិង្ហបុរី៨៥១នាក់, ហុងកុង២១៥នាក់ និងអារ៉ាប៊ីសាអូឌីត១១នាក់៕
 

Tag:
 ពលករ
© រក្សាសិទ្ធិដោយ thmeythmey.com