កីឡាជាតិ
ជាតិ
កីឡាករបាល់ទាត់ហ្វូតសាល រីកចម្រើនខ្លាំង និងយល់ដឹងពីរបៀបលេងកាន់តែច្រើន
15, Sep 2023 , 7:59 am        
រូបភាព
ក្រុមបាល់ទាត់ឱម៉ាល់ លើកពានរង្វាន់បាល់ទាត់ហ្វូតសាល ឆ្នាំ២០២៣ រូបពី Cambodian Futsal
ក្រុមបាល់ទាត់ឱម៉ាល់ លើកពានរង្វាន់បាល់ទាត់ហ្វូតសាល ឆ្នាំ២០២៣ រូបពី Cambodian Futsal
កីឡាករបាល់ទាត់ហ្វូតសាល សេង ពិទូរ្យ ខ្សែកណ្ដាល (Ala) ក្រុមឱម៉ាល់  បាននិយាយថា ការឈ្នះជើងឯកពានរង្វាន់បាល់ទាត់ហ្វូតសាល មិនងាយស្រួលទេ ដោយសារក្រុមនីមួយៗ មានការប្រកួតប្រជែង និងកម្រិតកីឡាករ កាន់តែខ្លាំង។ សមាជិកក្រុមជើងឯកនេះ បន្ថែមថា វិស័យបាល់ទាត់នេះ កាន់តែរីកចម្រើនខ្លាំង ព្រោះមានការចាប់អារម្មណ៍ច្រើនពីអ្នកគាំទ្រ។



កីឡាករ សេង ពិទូរ្យ ដែលប្រឡូកក្នុងវិស័យបាល់ទាត់ហ្វូតសាលកម្ពុជា តាំងពីឆ្នាំ២០១៩ មកទល់ពេលនេះ បានប្រាប់សារព័ត៌មានថ្មីៗ តាមហ្វេសប៊ុកថា វិស័យកីឡានេះ រីកចម្រើនខ្លាំង ដោយមានការកើនឡើងនូវធនធានកីឡាករមានកម្រិតខ្ពស់ និងកំណើនទីលាននៃការប្រកួត។ កីឡាករវ័យ ២៧ឆ្នាំនេះ និយាយថា បច្ចុប្បន្នកីឡករ ភាគច្រើនមានទាំងបច្ចេកទេស និងសមត្ថភាព ហើយថែមទាំងយល់ដឹងពីរបៀបលេង បែបជាតិ និងអន្ដរជាតិថែមទៀតផង។ 
 
សមាជិកក្រុមជើងឯកនេះ បន្ថែមទៀតថា ប្រសិនជាវិស័យកីឡាបាល់ទាត់ហ្វូតសាលនេះ ត្រូវបានគេបង្កើតក្រុម និងទីលានកាន់តែច្រើន កម្ពុជា នឹងអាចប្រកួតប្រជែងជាមួយប្រទេស ដែលមានកម្រិតខ្លាំងជាមិនខាន នាពេលអនាគត។
«ខ្ញុំ គិតថា វារីកចម្រើនខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ។ ទស្សនិកជន ក្រលេកមកមើលកាន់តែច្រើន។ ខ្ញុំ គិតថាបើមានក្រុមអាជីពមួយចំនួន ក្រលេកមើលការវិនិយោគ ក្លិបបាល់ទាត់ក្នុងសាល ដើម្បីឲ្យយើងកាន់តែរីកចម្រើនជាងនេះ។ ប្រសិនជា គេចូលរួមច្រើន យើង នឹងអាចប្រកួតប្រជែងជាមួយប្រទេសជិតខាង។»។ សេង ពិទូរ្យ បាននិយាយដូច្នេះ។
 
កីឡាកររូបនេះ បញ្ជាក់ ការឈ្នះពានរង្វានជើងឯកបាល់ទាត់ហ្វូតសាល របស់ក្រុមឱម៉ាល់ គឺមិនងាយស្រួលទេ ព្រោះក្រុមនីមួយៗ មានកម្រិតប្រហាក់ប្រហែលគ្នា។ ប៉ុន្ដែភាពតានតឹង នៃការប្រកួតនីមួយៗ បានធ្វើឲ្យកីឡាករ និងក្រុមចូលរួមទាំងអស់ ប្រឹងប្រែងពង្រឹងសមត្ថភាពខ្លួន ដើម្បីសម្រាប់ប្រកួតរដូវកាលក្រោយ។
 
គួរបញ្ជាក់ផងដែរ ក្រុមឱម៉ាល់ បានយកឈ្នះ ក្រុមដោនថោនស្ពត នៅវគ្គផ្ដាច់ព្រ័ត្រ នៃការប្រកួតពានរង្វាន់បាល់ទាត់ក្នុងសាល TIGER ឆ្នាំ២០២៣ នៅទីលានបាល់ទាត់ THE BLUE SPORT ARENA កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣៕
 

Tag:
 សេង ពិទូរ្យ
  បាល់ទាត់ហ្វូតសាល
  Futsal
© រក្សាសិទ្ធិដោយ thmeythmey.com