ជាតិ
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ចាត់ទុកការចាប់ខ្លួនបរទេស មានសញ្ជាតិខ្មែរ ពាក់ព័ន្ធការសម្អាតប្រាក់ជារឿងបុគ្គល
15, Sep 2023 , 10:52 am        
រូបភាព
លុយ រថយន្ត កាបូប នាឡិកាដៃ និងសម្ភារៈមានតម្លៃផ្សេងៗទៀត ដែលសមត្ថកិច្ចសិង្ហបុរី រឹបអូសបានពីជនល្មើស កាលពីថ្ងៃទី១៦ សីហា ឆ្នាំ២០២៣ ។រូបភាពពីប៉ូលិសសិង្ហបុរី។
លុយ រថយន្ត កាបូប នាឡិកាដៃ និងសម្ភារៈមានតម្លៃផ្សេងៗទៀត ដែលសមត្ថកិច្ចសិង្ហបុរី រឹបអូសបានពីជនល្មើស កាលពីថ្ងៃទី១៦ សីហា ឆ្នាំ២០២៣ ។រូបភាពពីប៉ូលិសសិង្ហបុរី។
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ចាត់ទុកការចាប់ខ្លួនបរទេស ដែលមានសញ្ជាតិខ្មែរ ពាក់ព័ន្ធករណីសម្អាតប្រាក់ នៅប្រទេសសិង្ហបុរី កាលពីពេលថ្មីនេះ គឺជារឿងបុគ្គល ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ នាថ្ងៃទី១៥ កញ្ញា។



សមត្ថកិច្ចសិង្ហបុរី បានចុះប្រតិបត្តិការបង្រ្កាបករណីលាងលុយកខ្វក់ ៧៣៦លានដុល្លារ (១ពាន់លានដុល្លារសិង្ហបុរី) កាលពីថ្ងៃទី១៦ ខែសីហា ។ អាជ្ញាធរ ក៏បានចាប់ខ្លួនមនុស្សចំនួន១០រូប ដោយក្នុងនោះមានជនបរទេស ដែលមានសញ្ជាតិខ្មែរចំនួន ៣រូបផង។ មនុស្ស៣នាក់ ដែលមានសញ្ជាតិកម្ពុជា មានឈ្មោះដូចជា Su Baolin, Chen Qingyuan និងSu Wenqiang។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ CNA។ 
 
ជុំវិញករណីនេះ ត្រូវបានសារព័ត៌មានក្នុងស្រុក និងក្រៅស្រុក ចុះផ្សាយព្រោងព្រាត ។ ជាពិសេសការចាប់ខ្លួនជនបរទេស៣រូប ដែលមានសញ្ជាតិខ្មែរ ក្នុងករណីលាងលុយកខ្វក់នេះ។ អត្តសញ្ញាណកម្មកម្ពុជា ចាត់ទុកការចុះផ្សាយព្រោងព្រាត ដោយព្យាយាមទាញភ្ជាប់ករណីជនបរទេស៣រូប ដែលមានសញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្មនេះ នឹងធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងកេរ្តិ៍ឈ្មោះកម្ពុជា លើឆាកអន្តរជាតិ។
 
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានចេញសេចក្តីប្រកាសព័ត៌មានដូច្នេះ៖ «បញ្ហាខាងលើ គឺជាបញ្ហារបស់បុគ្គលសុទ្ធសាធ ដែលកន្លងមកបានកើតឡើងជារឿយៗ បង្កដោយជនបរទេស នៅតាមបណ្ដាប្រទេសមួយចំនួនផ្សេងទៀត»។
 
ជាមួយគ្នានេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអះអាងថា ការផ្តល់សញ្ជាតិខ្មែរដល់ជនបរទេស ដោយសញ្ជាតូបនីយកម្ម ត្រូវបានធ្វើឡើងតាមរយៈការពិនិត្យ និងវាយតម្លៃយ៉ាងត្រឹមត្រូវ ស្របតាមនីតិវិធី និងគោលការណ៍ច្បាប់ជាធរមាន តាមច្បាប់ស្តីពីសញ្ជាតិនៃព្រះរាជាណាចក្រកម្ពុជា (រួមទាំងការវាយតម្លៃលើកិរិយាមាយាទ និងប្រវត្តិនៃការប្រព្រឹត្តបទល្មើស) ដោយពុំមានការរើសអើង ចំពោះជាតិសាសន៍ណាមួយឡើយ។ 
 
ក្នុងន័យនេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានសង្កត់ធ្ងន់ថា ៖«ចំពោះ ជនបរទេសដែលទទួលបានសញ្ជាតិខ្មែររួចហើយ ហើយបានប្រព្រឹត្តបទល្មើស ទោះជាស្ថិតនៅក្នុងប្រទេសក្តី ឬនៅក្រៅប្រទេសក្តី បុគ្គលនោះត្រូវទទួលខុសត្រូវដោយខ្លួនឯង ចំពោះមុខច្បាប់ ដែលបានកំណត់របស់ ប្រទេសនីមួយៗ»។
 
សូមបញ្ជាក់ថា ប៉ូលិសសិង្ហបុរីប្រមាណ ៤០០នាក់ ដែលមកពីច្រើនផ្នែកផ្សេងៗ បានបើកប្រតិបត្តិការបង្រ្កាបករណីលាងលុយកខ្វក់ទ្រង់ទ្រាយធំ នៅតំបន់ Sentosa Cove, តំបន់ Tanglin, តំបន់ Orchard, តំបន់ Holland និងតំបន់ River Valley។ ក្រៅពីបង្រ្កាបបានលុយកខ្វក់ ៧៣៦លានដុល្លារ ក៏មាន រថយន្ត, គណនីធនាគារ, សម្ភារប្រណិត, នាឡិកា, កាបូប និងវត្ថុមានតម្លៃផ្សេងៗ ដែលសមត្ថកិច្ចរឹបអូសបានពីជនល្មើស៕
អត្ថបទទាក់ទង

Tag:
 សម្អាតប្រាក់
  សិង្ហបុរី
© រក្សាសិទ្ធិដោយ thmeythmey.com