ជាតិ
សេដ្ឋកិច្ច
សម្តេច ហ៊ុន ម៉ាណែត ស្នើក្រុមហ៊ុនចិនឱ្យជួយបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា លើវិស័យអគ្គិសនី 
សម្តេច ហ៊ុន ម៉ាណែត ចាប់ដៃជាមួយ លោក វិន ស៊ូកាំងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Huaneng Group នៅទីក្រុងប៉េកាំង នាថ្ងៃទី១៤កញ្ញា ឆ្នាំ២០២៣។ រូបថត៖ PM
×![]()
ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាលសម្តេច ហ៊ុន ម៉ាណែត ស្នើដល់ក្រុមហ៊ុន China Huaneng Group ឱ្យជួយបណ្តុះបណ្តាលធនធានមនុស្សកម្ពុជាលើវិស័យអគ្គិសនី។ ការស្នើរបស់សម្តេចបានធ្វើឡើងនៅចំពោះមុខ លោក វិន ស៊ូកាំង (Wen Shugang) ដែលជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Huaneng Group នៅទីក្រុងប៉េកាំង នាថ្ងៃទី១៤កញ្ញា ឆ្នាំ២០២៣។
ក្រុមហ៊ុន China Huaneng Group បានសម្រេចនូវសមិទ្ធផលជាច្រើននៅកម្ពុជា តាមរយៈគម្រោងវិនិយោគលើគម្រោងវារីអគ្គិសនី។ ជាពិសេស គម្រោងទំនប់វារីអគ្គិសនីសេសានក្រោម២ ដែលជាគម្រោងមួយដ៏ធំ និងអាចចាត់ទុកថាជាស្ថានីយគំរូមួយ ធានាបាននូវបរិស្ថានល្អ។ សម្តេច ហ៊ុន ម៉ាណែត បានសាទរចំពោះសមិទ្ធផលដែលក្រុមហ៊ុនសម្រេចបានកន្លងមកនេះ ហើយក៏ ស្វាគមន៍ចំពោះការនាំចូលបច្ចេកវិទ្យាថ្មីៗ និងទំនើប ដើម្បីអភិវឌ្ឍវិស័យថាមពលនៅកម្ពុជាផងដែរ។
សម្តេចនាយករដ្ឋមន្ត្រី លើកទឹកចិត្តឱ្យក្រុមហ៊ុនមួយនេះ ជួយសិក្សាបន្ថែមអំពីការពង្រីកការតបណ្តាញអគ្គិសនីឱ្យកាន់តែទូលំទូលាយ សំដៅបម្រើផលប្រយោជន៍ប្រជាជនឱ្យកាន់តែប្រសើរឡើងនិងជួយអភិវឌ្ឍប្រព័ន្ធថាមពលស្អាត និងប្រព័ន្ធថាមពលដែលផលិតពីអាគុយ ជាដើម។ ជាមួយគ្នានេះ សម្តេចក៏បានស្នើឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពក្នុងការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យអគ្គិសនីផងដែរ ដើម្បីរួមចំណែកអភិវឌ្ឍវិស័យអគ្គីសនីកម្ពុជា។
ជាការឆ្លើយតប លោក វិន ស៊ូកាំង បានអះអាងចំពោះ សម្តេច ហ៊ុន ម៉ាណែត ថា ក្រុមហ៊ុននឹងបន្តជំរុញការសិក្សា និងការនាំយកនូវបច្ចេកទេសថ្មីៗ ហើយក្រុមហ៊ុនក៏នឹងពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងពិនិត្យលទ្ធភាពបណ្តុះបណ្តាលជំនាញបច្ចេកទេសផ្នែកអគ្គិសនីនេះ ទៅដល់យុវជនកម្ពុជា ផងដែរ ។
គួរជម្រាបថា China Huaneng Group គឺជាក្រុមហ៊ុនវិនិយោគធំជាងរបស់កម្ពុជាលើវិស័យអគ្គិសនី។ កាលឆ្នាំ២០១៨ ក្រុមហ៊ុននេះ បានសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវគម្រោងទំនប់វារីអគ្គិសនីសេសានក្រោម២ក្នុងតម្លៃវិនិយោគ ៧៨១,៥២ លានដុល្លារ។ នេះជាគម្រោងធំជាងរបស់ក្រុមហ៊ុនក្នុងទឹកដីកម្ពុជា ហើយក៏ត្រូវបានចាត់ទុក ជាគម្រោងគំរូមួយនៅក្នុងក្របខណ្ឌគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រធានាធិបតីចិន។ ក្រៅពីគម្រោងនេះ ក្រុមហ៊ុនក៏បន្តវិនិយោគលើគម្រោងផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ចំនួន២០០ មេហ្គាវ៉ាត់ នៅកម្ពុជាផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com