កីឡាជាតិ
ជាតិ
ជំនួប Leduc និងព្រំ សំណាង វាយបែបអ្នកចម្បាំងបុរាណ គ្មានអ្នកដាក់ពិន្ទុ ចាញ់ឈ្នះដោយសន្លប់
15, Sep 2023 , 2:02 pm        
រូបភាព
Dave Leduc កីឡាករប្រដាល់ Lethwei របស់មីយ៉ាន់ម៉ា បានបង្ហោះសារលើហ្វេសប៊ុកខ្លួន នៅថ្ងៃទី១៣ ខែកញ្ញា ថាការប្រកួតទល់ ព្រំ សំណាង ធ្វើតាមប្រព័ន្ធប្រកួតបែបអ្នកចម្បាំងសម័យបុរាណ ដោយត្រូវប្រកួតតែ ១ទឹក រយៈពេល៩នាទី មិនមានការឲ្យទឹក គ្មានស្រោមដៃ (ប្រើអំបោះឆៅ) គ្មានពេលសម្រាក និងមិនមានការដាក់ពិន្ទុទេ។ ការប្រកួតនេះ​ ត្រូវតែមានអ្នកឈ្នះ និងអ្នកសន្លប់។ កីឡាករគុនខ្មែរ ព្រំ សំណាង ពេញចិត្តការប្រកួតបែបនេះ។



បើគ្មានការប្រែប្រួលទេ កីឡាករ Dave Leduc នឹងត្រូវប្រកួតជាមួយ ព្រំ សំណាង នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។ យោងទៅលើសារបង្ហោះ កាលពីថ្ងៃពុធ ទី១៣ ខែកញ្ញា កីឡាករមីយ៉ាន់ម៉ា Leduc បានបញ្ជាក់ថា ប្រកួតទល់ សំណាង ជាការប្រដាល់បែបបុរាណ ដែលសម្រេចយកអ្នកឈ្នះ មិនមានការស្មើឡើយ។ Leduc បានបន្ថែមទៀតថា ការប្រកួតនេះ គឺ មិនធ្វើតាមប្រព័ន្ធប្រកួតបែបសម័យទំនើបទេ ព្រោះមិនពាក់ស្រោម ជំនួសដោយអំបោះឆៅ មិនមានការឈប់សម្រាក មិនមានការផ្ដល់ពិន្ទុ និងប្រកួតតែ១ទឹក រយៈពេល៩នាទី ។
 
«ថ្ងៃទី៥ ខែវិច្ឆិកា ព្រំ សំណាង និងខ្លួនខ្ញុំផ្ទាល់ នឹងវាយគ្នាដូចសម័យបុរាណ។ គ្មានហ្គង់  ប្រើអំបោះឆៅបែបបុរាណ គ្មានប្រព័ន្ធផ្តល់ពិន្ទុ គ្មានការចាប់បំបែកពីអាជ្ញាកណ្តាល គ្មានការឱ្យទឹក។ មានតែ ១ ទឹករយៈពេល ៩ នាទី វាយគ្នាមិនឈប់រហូតដល់សន្លប់។ យើង នឹងធ្វើឲ្យអ្នកចម្បាំងខ្មែរ និងភូមាបុរាណមានមោទនភាព។ អ្នកវាយគ្នារហូតទាល់តែសល់ម្នាក់នៅចុងក្រោយគេ។»។ អ្នកប្រដាល់ Lethwei របស់មីយ៉ាន់ម៉ារូបនេះ បានបង្ហោះសារដូច្នេះ។

ព្រំ សំណាង លើកទង់ជាតិកម្ពុជា ក្នុងព្រឹត្តិការណ៍ ស៊ីហ្គេមលើកទី៣២
 
ដោយឡែក ព្រំ សំណាង ម្ចាស់មេដាយមាសស៊ីហ្គេម កីប្រដាល់គុនខ្មែរ អះអាងថា ការប្រកួតបែបនេះ គឺល្អ ព្រោះអ្នកដែលផ្ទួលដៃគូឲ្យសន្លប់ ជាអ្នកខ្លាំងពិតប្រាកដ។ ម្យ៉ាងវិញទៀត កីឡាករកម្ពុជារូបនេះ បន្ថែមទៀតថា ៩នាទី គឺពេលវេលាគ្រប់គ្រាន់ក្នុងការស្វែងរកអ្នកខ្លាំងលើសង្វៀន។ ព្រំ សំណាង យល់ថា ប្រសិនជាវាយដកថយ ពេលវេលានេះ មិនគ្រប់គ្រាន់ទេ ប៉ុន្ដែ បើឈរវាយទៅ វាយមក នោះត្រឹមតែ ៩នាទី គឺគ្រប់គ្រាន់ ក្នុងការកាត់សេចក្ដី រកអ្នកឈ្នះ។
 
អ្នកប្រដាល់គុនខ្មែរ ដែលមានរបរជាជាងកាត់សក់ផង បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទដូច្នេះថា៖«ការប្រកួតនេះល្អ ដោយសារតែ ៩នាទីនេះ បើអ្នកណាខ្លាំងអាចផ្ទួលដៃគូបាន។
៩នាទី គឺចាយពេលច្រើនសម្រាប់ប្រកួត។ ការប្រកួតអំបោះឆៅ និយាយទៅ អ្នកណាធន់ អ្នកហ្នឹងឈ្នះ ហើយ។ បើវាយរត់ៗ វាមិនអាចទេ ខ្ញុំ ចង់និយាយថា ៩នាទីនោះ គឺយើង ឈរវាយដូចគ្នា។ កុំឲ្យតែគាត់រត់។»៕
 
 

Tag:
 បាល់ទាត់
  Dave Leduc
  ព្រំ សំណាង
© រក្សាសិទ្ធិដោយ thmeythmey.com