ជាតិ
ខុទ្ទកាល័យនាយករដ្ឋមន្ត្រីបង្ហាញពី​ជនខិលខូចក្លែងព្រះរាជក្រឹត្យ តាំងខ្លួនជាជំនួយការ និងមន្ត្រីតាមក្រសួង
15, Sep 2023 , 2:37 pm        
រូបភាព
ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី នាថ្ងៃទី១៥ ខែកញ្ញា នេះ បានចេញសេចក្តីជូនដំណឹងអំពីករណីជនខិលខូច ក្លែងព្រះរាជក្រឹត្យ ហើយបានដើរទាក់ទងតាមទីកន្លែងមួយចំនួនដោយបានអះអាងថា ខ្លួនជាជំនួយការរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងតាំងខ្លួនជាមន្ត្រីក្នុងក្រសួងស្ថាប័ននានា។



សេចក្តីជូនដំណឹងភ្ជាប់ជាមួយព្រះរាជក្រឹត្យក្លែងក្លាយពីរសន្លឹក ដោយមួយបង្ហាញថា បុគ្គលឈ្មោះ ហុក ប៊ុនរ៉េត ត្រូវបានតែងតែងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានធនធានមនុស្សក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១ ខែកញ្ញា ហើយព្រះរាជក្រឹត្យមួយទៀត បញ្ជាក់ថា បុគ្គលដដែល ត្រូវបានតែងតាំង និងផ្តល់ឋានៈជាជំនួយការសម្តេច ហ៊ុន ម៉ាណែត ឋានៈស្មើរដ្ឋលេខាធិការ កាលពីថ្ងៃទី៤ ខែកញ្ញា។

ជនខិលខូចបានប្រើឥទ្ធិពលនៃការក្លែងបន្លំយកឋានៈ តួនាទីរបស់ខ្លួន ដើម្បីសុំឱ្យអាជ្ញាធរ ដែលនៅតាមកន្លែងទាំងនោះសហការ ក្នុងគោលបំណងកេងប្រវ័ញ្ចទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន។ នេះបើតាមការបញ្ជាក់របស់ខុទ្ទកាល័យទៅកាន់ថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរគ្រប់ជាន់ថ្នាក់ ព្រមទាំងពលរដ្ឋគ្រប់មជ្ឈដ្ឋាន។

«សូមជូនដំណឹងនេះ ដើម្បីថ្នាក់ដឹកនាំបណ្តាក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន មេត្តាប្រុងប្រយ័ត្នកុំចាញ់បោកជនខិលខូចទាំងឡាយ និងសូមឱ្យអាជ្ញាធរមានសមត្ថកិច្ចជួយសហការធ្វើការស្រាវជ្រាវជាបន្តដើម្បីចាត់វិធានការចំពោះជនល្មើស និងបក្សពួកតាមនីតិវិធីច្បាប់ »៕

 


© រក្សាសិទ្ធិដោយ thmeythmey.com