ជាតិ
អាជ្ញាធរភ្នំពេញ កែសម្រួលឯកសណ្ឋានមន្ត្រីជាប់កិច្ចសន្យា ដើម្បីកុំឱ្យច្រឡំជាមួយនគរបាលចរាចរណ៍
18, Sep 2023 , 10:18 am        
រូបភាព
ដោយ: រួបរួម
រដ្ឋបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីចុងសប្តាហ៍កន្លងមកនេះ បានបង្ហាញពីគំរូឯកសណ្ឋានសម្រាប់មន្ត្រីជាប់កិច្ចសន្យា ដែលជាជំនួយការចូលរួមសហការជាមួយមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកភ្នំពេញ ដើម្បីថែរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ផ្លូវគោក។

 
បើក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ការកែសម្រួលនេះ ទទួលបាននូវគោលការណ៍ឯកភាពពីលោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក ស ថេត អគ្គស្នងការនគរបាលជាតិ ដោយនឹងត្រូវអនុវត្តនៅពេលឆាប់ៗខាងមុខ។
 
«ការកែសម្រួលឯកសណ្ឋានមន្រ្តីជាប់កិច្ចសន្យាដែលជាមន្រ្តីជំនួយការសហការការងារជាមួយមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក គឺក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពការងាររបស់មន្រ្តីជាប់កិច្ចសន្យាឱ្យមានការទទួលខុសត្រូវខ្ពស់ក្នុងតួនាទីភាកិច្ចចូលរួមថែរក្សាសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាព ចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ និងក៏ដើម្បីចៀសវាងកុំឱ្យមហាជនយល់ច្រឡំជាមន្រ្តីនគរបាលចរាចរណ៍»។ នេះបើតាមការបញ្ជាក់របស់ក្រុមការងារព័ត៌មាន ប្រតិកម្មរហ័សរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

តាមពិតទៅ វិធានការនេះ សម្រេចឡើង ក្រោយពេលដែលលោក ស សុខា បញ្ជាឱ្យត្រួតពិនិត្យលើមន្ត្រីចរាចរណ៍ជាប់កិច្ចសន្យាដែលធ្វើលើសដែនសមត្ថកិច្ច។  រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលទើបចូលកាន់តំណែងរូបនេះ បានកត់សម្គាល់ឃើញ ឯកសណ្ឋានមន្ត្រីចរាចរណ៍ជាប់កិច្ចសន្យា មានភាពស្រដៀងគ្នានឹងគរបាលចរាចរណ៍ ខណៈមន្ត្រីជាប់កិច្ចសន្យា មានសិទ្ធិត្រឹមសម្រួលចរចារណ៍។ ប៉ុន្តែអ្វីដែលលោក ស សុខា សង្កេតឃើញ គឺមន្ត្រីចរាចរណ៍ជាប់កិច្ចសន្យាខ្លះ បានឃាត់រថយន្តរបស់ពលរដ្ឋ។ នេះបើតាមការចេញផ្សាយរបស់ក្រសួងមហាផ្ទៃ។ 
 
«ខ្ញុំគិតថា គាត់(មន្ត្រីចរាចរណ៍ជាប់កិច្ចសន្យា) ធ្វើលើសដែនសមត្ថកិច្ច ដែលគេប្រគល់ជូន»។ លោក ស សុខា លើកឡើងបែបនេះ ហើយស្នើឱ្យមន្ត្រីថ្នាក់ក្រោមពិនិត្យ និងសិក្សាលើ ឯកសណ្ឋានរបស់មន្ត្រីចរាចរណ៍ជាប់កិច្ចសន្យា ដោយមិនឱ្យដូចឬស្រដៀងនគរបាលចរាចរណ៍នោះទេ។ ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានសង្កត់ធ្ងន់ ដោយដាក់កំហិតលើមន្ត្រីចរាចរណ៍ជាប់កិច្ចសន្យា មិនត្រូវសិទ្ធិឬចេញឃាត់យានយន្ត ដើម្បីផាកពិន័យឡើយ៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com