ជាតិ
ម្ចាស់សិប្បកម្មត្រីងៀត សួង សោភ័ណ ចង់ឃើញត្រីងៀតរបស់ខ្លួនមានលក់នៅផ្សារម៉ាត 
អ្នកស្រី ឌី សុម៉េង ម្ចាស់សិប្បកម្មផលិតត្រីងៀត សួង សោភ័ណ នាស្រុកស្ទោង ខេត្តកំពង់ធំ។ រូបថត៖ ញឹក ស្រីល័ក្ខ
×![]()
អ្នកស្រី ឌី សុម៉េង ម្ចាស់សិប្បកម្មផលិតត្រីងៀត សួង សោភ័ណ នៅក្នុងស្រុកស្ទោង មិនទាន់រំពឹងលើទីផ្សារនាំចេញទៅក្រៅប្រទេសនោះទេ។ ប៉ុន្តែក្ដីស្រមៃដំបូងរបស់អ្នកស្រី គឺវត្តមានត្រីងៀត សួង សោភ័ណ មានលក់ក្នុងផ្សារម៉ាត និងផ្សារទំនើបនានា។ បច្ចុប្បន្នត្រីងៀតរបស់អ្នកស្រី បានចែកចាយនៅក្នុងខេត្តកំពង់ធំ កំពង់ចាម ត្បូងឃ្មុំ និងមណ្ឌលគិរី។
ក្នុងបទសម្ភាសជាមួយសារព័ត៌មាន Thmey Thmey 25 នៅព្រឹកថ្ងៃទី១៨ កញ្ញានេះ ម្ចាស់សិប្បកម្មផលិតត្រីងៀត សួង សោភ័ណ បញ្ជាក់ថា៖«ក្នុងចិត្តមិនទាន់មានមហិច្ឆតានាំចេញទៅក្រៅទេ។ អ្វីដែលខ្ញុំចង់បានគឺការផ្គត់ផ្គង់ក្នុងស្រុក និងមានការវេចខ្ចប់តាមស្ដង់ដារ ដើម្បីដាក់លក់ក្នុងផ្សារម៉ាត»។
បើតាមអ្នកស្រី ឌី សុម៉េង ត្រីដែលយកមកធ្វើងៀត ជាប្រភេទត្រីចិញ្ចឹមរបស់កសិករនៅខេត្តពោធិ៍សាត់ សៀមរាប និងកំពង់ធំជាដើម។ សិប្បកម្មផលិតត្រីងៀត សួង សោភ័ណ បានបង្កើតឡើងក្នុងឆ្នាំ២០១១ ដែលជារបរបន្តពីម្ដាយ។ សិប្បកម្មនេះ មានគោលដៅចែកចាយផលិតជលផលមានសុវត្ថិភាពទៅកាន់ទីផ្សារអ្នកប្រើប្រាស់មានប្រាក់ចំណូលទាប ដែលមានចំណែកទីផ្សារដ៏ធំ។
សូមបញ្ជាក់ថា សិប្បកម្មនេះ ទទួលបានការគាំទ្រផ្នែកបច្ចេកទេស សម្ភារ និងបរិក្ខារ ពីកម្មវិធីគាំទ្រសហគ្រាសជលផលខ្នាតតូច និងមធ្យម នៃគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផលក្រោមសហហិរញ្ញប្បទានពីសហភាពអឺរ៉ុប ដើម្បីលើកកម្ពស់អាជីវកម្ម អនុលោមតាមលក្ខខណ្ឌតម្រូវនៃសុវត្ថិភាពម្ហូបអាហារ និងបង្កើនភាពប្រកួតប្រជែងរបស់សហគ្រាសឱ្យកាន់តែប្រសើររបស់អង្គការយូនីដូ៕
© រក្សាសិទ្ធិដោយ thmeythmey.com