ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រីមហាផ្ទៃ បញ្ជាឱ្យស៊ើបអង្កេតលើមន្ត្រីប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ
19, Sep 2023 , 11:59 am        
រូបភាព
លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ រូបពី ទំព័រហ្វេសប៊ុកលោក ស សុខា
លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ រូបពី ទំព័រហ្វេសប៊ុកលោក ស សុខា
ភ្នំពេញ៖ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ជាឱ្យបើកការស៊ើបអង្កេតលើមន្ត្រីប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលទទួលពាក្យបណ្ដឹងពីពលរដ្ឋ។

 
លោក ស សុខា សម្រេចឱ្យផ្អាកបណ្ដោះអាសន្នពីការស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបផលិតផលក្លែងក្លាយ ដែលស្ថិតក្នុងសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ។ នេះបើតាមសេចក្ដីសម្រេច ចេញថ្ងៃទី១៥កញ្ញា ។
 
​​លោក ស សុខា ក៏បានប្រគល់ភារកិច្ចឱ្យអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ស៊ើបអង្កេតតាមបណ្ដឹងពលរដ្ឋ លើមន្ត្រីពាក់ព័ន្ធនឹងប្រតិបត្តិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ដល់សុខភាព និងសុវត្ថិភាពសង្គម។ ទាក់ទិននឹងសេចក្ដីសម្រេចខាងលើនេះ សារព័ត៌មានថ្មីៗ ពុំអាចសុំពន្យល់បន្ថែមពី លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានឡើយ។ 
 
ដោយឡែក អគ្គស្នងការនគរបាលជាតិ ត្រូវចាត់វិធានការតាមផ្លូវច្បាប់ និងបញ្ជាផ្ទៃក្នុងនៃកងកម្លាំងនគរបាលជាតិ បើរកឃើញបុគ្គល ឬអង្គភាពណា នៅតែបន្តសកម្មភាព ស្រាវជ្រាវនិងចុះបង្ក្រាបផលិតផលក្លែងក្លាយ ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ។ នេះជាបញ្ជារបស់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕ 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com