ជាតិ
កម្ពុជា បានពានរង្វាន់៤ ពីពិព័រណ៍ចិន-អាស៊ានលើកទី២០ នៅប្រទេសចិន
19, Sep 2023 , 9:29 pm        
រូបភាព
កម្ពុជា ទទួលបានពានរង្វាន់ចំនួន៤គ្រឿង ពីគណៈកម្មការរៀបចំពិព័រណ៍ចិន-អាស៊ានលើកទី២០ នៅទីក្រុងណាងនីង ខេត្តក្វាងស៊ី ប្រទេសចិន។ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដឹកនាំប្រតិភូពាណិជ្ជកម្មពីកម្ពុជាចំនួន៣៨៥នាក់ចូលរួមពិព័រណ៍នេះ ចាប់ពីថ្ងៃទី១៦ដល់ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។​

 
បើតាមលោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម​ ពានរង្វាន់ទាំង៤គ្រឿងដែលកម្ពុជាទទួលបានពិព័រណ៍ចិន-អាស៊ានលើកទី២០នេះ គឺមានពានរង្វាន់សមិទ្ធផលនៃកិច្ចសហការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មកម្ពុជា-ចិន ក្នុងការរៀបចំពិព័រណ៍ចិន-អាស៊ានជាមួយគណៈកម្មការពិព័រណ៍ អស់រយៈពេល២០ឆ្នាំ។ 
 
កម្ពុជា ក៏បានពានរង្វាន់រៀបចំពន្លាជាតិបានស្រស់ឆើតឆាយ ដោយជ្រើសយករាជធានីភ្នំពេញ ជាទីក្រុងស្រស់ប្រិមប្រិយ, ពានរង្វាន់លើកៀរគរករក្រុមហ៊ុនចូលរួមបានច្រើនរបស់កម្ពុជាស្ថិតក្នុងលំដាប់លេខ៤ និងពានរង្វាន់លើការសហការរៀបចំវេទិកាធុរកិច្ច វិនិយោគ និងទេសចរណ៍ ដោយមានអ្នកចូលបានច្រើន ផងដែរ។ លោក សុវិជាតិ បានរៀបរាប់បែបនេះមកកាន់សារព័ត៌មានថ្មីៗ(ThmeyThmey) នារសៀលថ្ងៃទី១៩កញ្ញា។
 
ផ្ទះរួមទំហំ៣៦ម៉ែត្រ និងពន្លាជាតិ ទំហំ១៨០ម៉ែត្រការ៉េ អមដោយសម្រស់ដ៏ប្រិមប្រិយរបស់រាជធានីភ្នំពេញ ទទួលបានពានរង្វាន់ពីគណៈកម្មការរៀបចំពិព័រណ៍ចិន-អាស៊ានលើកទី២០ នៅទីក្រុងណាងនីង ខេត្តក្វាងស៊ី ប្រទេសចិន។

លោក​បន្តនិយាយយ៉ាងដូច្នេះ៖ «កម្ពុជា បានរៀបចំចូលរួមពិព័រណ៍ចិន-អាស៊ាន តាំងពីឆ្នាំ២០០៤​ រហូតដល់ឆ្នាំ២០២៣នេះ ហើយចាប់តាំងពីឆ្នាំ២០១៦មក កម្ពុជា ទទួលបានពានរង្វាន់ជាហូរហែរ ដែលការណ៍នេះ បានជួយលើកមុខមាត់របស់កម្ពុជា នៅលើឆាកអន្តរជាតិបានមួយកម្រិតទៀត»។ 
 
រយៈពេល៤ថ្ងៃនៃពិព័រណ៍ចិន-អាស៊ានលើកទី២០នៅទីក្រុងណាងនីង ខេត្តក្វាងស៊ី ក្រសួងពាណិជ្ជកម្មបានរៀបចំផ្ទះរួមមួយដែលទំហំ៣៦ម៉ែត្រ និងពន្លាជាតិមួយមានទំហំ១៨០ម៉ែត្រការ៉េ អមដោយសម្រស់ដ៏ប្រិមប្រិយរបស់រាជធានីភ្នំពេញ។  ក្នុងព្រឹត្តិការណ៍នេះ មានក្រុមហ៊ុន/សហគ្រាសកម្ពុជា ចំនួន៥៥ ដែលមានស្តង់ចំនួន៨៤ស្តង់ បានតាំងបង្ហាញនូវផលិតផលចម្រុះ។ ក្នុងនោះមានផលិតផលកសិកម្ម សេវាកម្ម គម្រោងវិនិយោគ ផ្នែកម្ហូបអាហារ ភេសជ្ជៈ ផ្នែកសិប្បកម្ម និងវត្ថុអនុស្សាវរីយ៍ រួមទាំងគ្រឿងសំណង់ ជាដើម។ 
 
លោករដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានបន្ថែមថា ផលិតផលរបស់កម្ពុជាក្នុងពិព័រណ៍ខាងលើ គឺទទួលបានចាប់អារម្មណ៍ច្រើននៅក្នុងទីផ្សារប្រទេសចិន។ «ពាណិជ្ជករចិន បានធ្វើជំនួបពាណិជ្ជកម្មដោយផ្ទាល់ជាមួយពាណិជ្ជករកម្ពុជា និងបានពិភាក្សាលើការនាំចូលផលិតផលពីកម្ពុជាមកទីផ្សារចិន ថែមទៀត»។ នេះបើតាមលោក សុវិជាតិ៕


© រក្សាសិទ្ធិដោយ thmeythmey.com