កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
កម្ពុជា រំពឹងបានមេដាយសំរឹទ្ធពីកីឡាទូកកានូ និងរ៉ូអ៊ីង ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី
20, Sep 2023 , 9:59 pm        
រូបភាព
អត្ដពលិកកីឡាទូកកម្ពុជា ហ្វឹកហាត់
អត្ដពលិកកីឡាទូកកម្ពុជា ហ្វឹកហាត់
លោក គង់ សុភាព មន្ត្រីបច្ចេកទេស សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា រំពឹងអត្តពលិកខ្លួន នឹងដណ្តើមបានមេដាយសំរឹទ្ធិពីព្រឹត្តិកាណ៍កីឡាអាស៊ីលើកទី១៩ Asian Games នៅចិន។ ក្តីរំពឹងនេះ កើតមានឡើងបន្ទាប់ពីមន្ត្រីបច្ចេកទេសរូបនេះ មើលឃើញពីការរីកចម្រើនរបស់អត្តពលិកអំឡុងពេលហ្វឹកហាត់។ មន្ដ្រីរូបនេះ បន្ថែមទៀតថា សន្ទុះនៃការហ្វឹកហាត់ ខ្លាំងជាងមុន ហើយតាមរយៈការធ្វើតេស្ដរាល់សប្ដាហ៍ ថេរៈវេលា នៃការដល់ទីលឿន និងខ្លីជាងមុន។



លោក គង់ សុភាព បានប្រាប់សារព័ត៌មានថ្មីៗ តាមតេលេក្រាមថា សម្រាប់ការចូលរួមប្រកួតព្រឹត្តិការណ៍កីឡារអាស៊ីហ្គេម លើកទី១៩ នៅទីក្រុង Hangzhou អត្តពលិកកីឡាទូកកានូ និង រ៉ូអ៊ីងកម្ពុជា បានប្រឹងហ្វឹកហាត់ បន្ទាប់ចប់ភារៈកិច្ចស៊ីហ្គេម នៅកម្ពុជា។ មន្ដ្រីរូបនេះ បន្ថែមទៀតថា សមត្ថភាពរបស់អត្ដពលិកទាំងនេះ កើនឡើងគួរឲ្យកត់សម្គាល់ ព្រោះការហ្វឹកហាត់នោះ តែងធ្វើតេស្ដ រាល់សប្ដាហ៍។ ចំពោះការធ្វើតេស្ដនោះ លោក គង់ សុភាព ឃើញថា អត្ដពលិក មានសន្ទុះ ហើយអាចសម្រេចទី ក្នុងថេរៈវេលាខ្លី។
 
«ក្រោយពីចប់ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា សហព័ន្ធ បានប្រមូលផ្ដុំកីឡាករ ដើម្បីហ្វឹកហាត់ត្រៀមសម្រាប់ព្រឹត្តិការណ៍នេះ ហើយពួកគេ មានសន្ទុះខ្លាំងជាងមុនក្នុងការហ្វឹកហាត់។ យើង បានធ្វើតេស្ដពួកគាត់ជារៀងរាល់សប្ដាហ៍។ ក្នុងការធ្វើតេស្ដនោះ ថេរៈវេលារបស់ពួកគាត់ធ្វើបានល្អ។ ចំពោះការរំពឹងទុកយើង នៅក្នុងតំបន់អាស៊ីយើងនេះ អាចថាឈរនៅលំដាប់លេខ ៣ និងលេខ៤ ដែរ។ យើង រំពឹងថា នឹងអាចបានមេដាយក្នុងព្រឹត្តិការណ៍នេះ ប៉ុន្ដែប្រហែលជាសំរិទ្ធ។»។ លោក គង់ សុភាព បានដូច្នេះ។
 
មន្ដ្រីរូបនេះ បានប្រាប់បន្ថែមថា ប្រតិភូកីឡាទូកកានូ និង រ៉ូអ៊ីងកម្ពុជា ១៧នាក់ នឹងចូលរួមក្នុងព្រឹត្តិការណ៍នេះ។ ក្នុងចំណោម ១៧ នាក់ អត្ដពលិក មានចំនួន ១៤នាក់ និង ៣ នាក់ជាគ្រូបង្វឹក។ អត្ដពលិកកីឡាទូកទាំងនោះ នឹងប្រកួតលើវិញ្ញាសា ២០០ម៉ែត្រ, ៥០០ ម៉ែត្រនិង ១០០០ម៉ែត្រ លើទូកចំណុះ ១២នាក់៕
 

Tag:
 Asian Games
  ទូកកានូ
  រ៉ូអ៊ីង
© រក្សាសិទ្ធិដោយ thmeythmey.com