អន្តរជាតិ
នាយករដ្ឋមន្រ្តីជប៉ុន ប្រកាសចង់ជួបជាមួយលោក គីម ជុងអ៊ុន ដោយផ្ទាល់
20, Sep 2023 , 10:29 pm        
រូបភាព
លោក គីស៊ីដា​ ហ្វូមីអូ នាយករដ្ឋមន្រ្តីជប៉ុន នៅអង្គការសហប្រជាជាតិ។ រូបភាព Reuters
លោក គីស៊ីដា​ ហ្វូមីអូ នាយករដ្ឋមន្រ្តីជប៉ុន នៅអង្គការសហប្រជាជាតិ។ រូបភាព Reuters
នាយករដ្ឋមន្រ្តីជប៉ុន លោក គីស៊ីដា ហ្វូមីអូ នៅថ្ងៃទី១៩ ខែកញ្ញា បានប្រកាសចង់មានជំនួបដោយផ្ទាល់ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដើម្បីជជែកពីបញ្ហាសំខាន់ទាំងកម្មវិធីមីស៊ីល និងការចាប់ជំរិតជនជាតិជប៉ុន។

 
ពីមហាសន្និបាតអង្គការសហប្រជាជាតិ លោក គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្រ្តីជប៉ុន បានលើកឡើងពីឆន្ទៈជប៉ុនក្នុងការដោះស្រាយបញ្ហាទាំងអស់ពាក់ព័ន្ធកូរ៉េខាងជើង ក្នុងនោះរួមមានការចាប់ខ្លួនប្រជាជនស៊ីវិលជប៉ុនដើម្បីធ្វើជាចារកិច្ចរបស់ខ្លួនផង។ បើតាមលោក គីស៊ីដា លោកមានបំណងចង់ជួបលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើងដោយផ្ទាល់។ 
 
«ពីទស្សននៃការចំហនៅក្នុងយុគថ្មី ខ្ញុំសូមលើកយកពីការប្តេជ្ញារបស់ខ្ញុំដើម្បីជួបលោក គីម ជុងអ៊ុន ដោយផ្ទាល់ ដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់»។ ប្រមុខរដ្ឋាភិបាលជប៉ុន បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា លោកចង់មានកិច្ចចរចាកម្រិតខ្ពស់មួយ ដែលស្ថិតនៅក្រោមបញ្ជារបស់លោកផ្ទាល់ដើម្បីធានាថាកិច្ចប្រជុំនោះ អានមានកាន់តែឆាប់រហ័ស។
 
បន្ថែមពីនេះ លោក គីស៊ីដា ចង់បញ្ជាក់ថា រដ្ឋាភិបាលក្រុងតូក្យូ មានឆន្ទៈ ក្នុងការស្តារទំនាក់ទំនងជាមួយក្រុងព្យុងយ៉ាងឡើងវិញ ដោយផ្អែកតាមសេចក្តីប្រកាសដោយមេដឹកនាំប្រទេសទាំងពីរ នៅក្នុងឆ្នាំ២០០២ កន្លងមក។ 
 
ក្រៅពីបញ្ហាកូរ៉េខាងជើង មេដឹកនាំជប៉ុនរូបនេះ ក៏បានសង្កត់ធ្ងន់ផងដែរពីការរៀបចំសណ្តាប់ធ្នាប់ពិភពលោកថ្មីមួយ ដោយផ្អែកលើកិច្ចសហប្រតិបត្តិការជាជាងជម្លោះ និងការបាក់បែក ខណៈពេលពិភពលោក កំពុងចែកជាពីរ លោកសេរី និងប្រទេសផ្តាច់ការ។ 
 
មិនតែប៉ុណ្ណោះ លោកគីស៊ីដា ក៏មិនភ្លេចរិះគន់រុស្ស៊ីជាថ្មី ពាក់ព័ន្ធនឹងការឈ្លានពានលើអ៊ុយក្រែនផង ដោយរួមទាំងជំរុញឱ្យបញ្ឈប់ការបំពានសិទ្ធិមនុស្ស និងការគំរាមកំហែងនុយក្លេអ៊ែរ។ 
 
នៅក្នុងឆ្នាំ២០០២ នាយករដ្ឋមន្រ្តីជប៉ុន លោក Junichiro Koizumi បានបំពេញទស្សនកិច្ចនៅក្នុងព្យុងយ៉ាង ដើម្បីជួបជាមួយលោក គីម ជុងអ៊ីល ដែលជាឪពុករបស់លោកគីម ជុងអ៊ុន។ ក្នុងជំនួបនោះ មេដឹកនាំជប៉ុន និងកូរ៉េខាងជើង បានរៀបចំស្តារទំនាក់ទំនងឡើងវិញ ហើយជប៉ុនក៏បានផ្តល់ជំនួយសេដ្ឋកិច្ចទៅកូរ៉េខាងជើងផង៕
 

Tag:
 ជប៉ុន
  UN
© រក្សាសិទ្ធិដោយ thmeythmey.com