កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ម្ចាស់ផ្ទះចិន មិនបាញ់កាំជ្រួចក្នុងពិធីបើកកីឡាអាស៊ីឡើយ ដើម្បីបង្ហាញជំហរកាត់បន្ថយ កាបូន
21, Sep 2023 , 7:59 am        
រូបភាព
ពិធីបើកព្រឹត្តិការណ៍ Asian Games លើកទី១៨ នៅប្រទេស ឥណ្ឌូណេស៊ី រូបពី OCA
ពិធីបើកព្រឹត្តិការណ៍ Asian Games លើកទី១៨ នៅប្រទេស ឥណ្ឌូណេស៊ី រូបពី OCA
ពិធីបើក កីឡាអាស៊ី Asian Games ក្នុងក្រុងហាងចូវ ប្រទេសចិន នៅថ្ងៃទី២៣ ខែកញ្ញា នឹងមិនមានការបាញ់កាំជ្រួចឡើយ ដើម្បីធ្វើជាគំរូ នៃការកាត់បន្ថយការបញ្ចេញសារធាតុកាបូន។ នេះជាការអះអាងរបស់លោក Sha Xiaolan អគ្គនាយករៀបចំពីធីបើកព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ី ដោយនឹងរៀបចំការសម្ដែងទស្សនីយភាពផ្សេងៗ តាមរយៈគ្រឿងបច្ចេកវិទ្យាជំនួសវិញ។

 
ព្រឹត្តិការណ៍ Asian Games 2022 លើកទី១៩ នឹងប្រារព្ធពិធីបើក នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ដោយមាន ប្រតិភូកីឡា មកពី ៤៥ប្រទេស ក្នុងទ្វីបអាស៊ីចូលរួម។ យោងទៅលើការផ្សាយរបស់គេហទំព័រ Hangzhou 2022 នាល្ងាចថ្ងៃទី១៩ ខែកញ្ញា លោក Sha Xiaolan បាននិយាយថា ក្នុងព្រឹត្តិការណ៍បើក នឹងមិនបាញ់កាំជ្រួចទេ បើទោះជាខុសពីប្រពៃណី និងប្លែកសម្រាប់ប្រជាជនចិន និងប្រតិភូពីបណ្ដាលប្រទេសមួយចំនួន ដែលចូលរួមក៏ដោយ។
 
«ពិធីបើកកីឡាអាស៊ីហ្គេម Hangzhou នឹងបំបែកប្រពៃណី នៃការបាញ់កាំជ្រួច ព្រោះយើង កំពុងផ្ដោតខ្ជាប់នូវទស្សនវិជ្ជា ពណ៌បៃតង ក្នុងការធ្វើជាម្ចាស់ផ្ទះ។ ​យើង​ ចង់​កាត់​បន្ថយ​ការ​បញ្ចេញ​កាបូន​ឱ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដូច្នេះ​ហើយ​ យើង ​បាន​សម្រេច​ចិត្ត​កាត់​បន្ថយ​ការ​សម្តែង​កាំជ្រួច។»។ អគ្គនាយករៀបចំកម្មវិធីនេះ បាននិយាយដូច្នេះ។
  
ពិធីបើកព្រឹត្តិការណ៍ Asian Games លើកទី១៨ នៅប្រទេស ឥណ្ឌូណេស៊ី

តាមរយៈការរៀបចំបែបនេះ លោក Sha Xiaolan សង្ឃឹមថានេះ គឺជាគំរូ ដើម្បីឲ្យអ្នកចូលរួម មាននូវទស្សនៈ ចេះស្រឡាញ់ និងការពារនូវបរិស្ថាន និងធម្មជាតិ។ ដោយឡែកដើម្បី ញ៉ាំងបរិយាកាស នៃពិធីបើកឲ្យអធិកអធម អគ្គនាយករូបនេះ បញ្ជាក់ថា នឹងរៀបចំទស្សនីយភាពសម្ដែង មួយចំនួនតាមរយៈការប្រើបច្ចេកវិទ្យាទំនើប ជំនួសការមិនបាញ់កាំជ្រួច។
 
គួរបញ្ជាក់ផងដែរថា ម្ចាស់ផ្ទះ ចិន បានដាក់កីឡា ចំនួន ៤០ ប្រភេទ ដែលសរុបជាវិញ្ញាសា មានចំនួន ៤៨១។ អត្ដពលិក ប្រមាណជាង១២០០០ នាក់មកពី ៤៥ ប្រទេស ក្នុងទ្វីបអាស៊ី ចូលរួមព្រឹត្តិការណ៍នេះ៕
 
ពិធីបើកព្រឹត្តិការណ៍ Asian Games លើកទី១៨ នៅប្រទេស ឥណ្ឌូណេស៊ី

Tag:
 Asian Games
© រក្សាសិទ្ធិដោយ thmeythmey.com