អន្តរជាតិ
លោកយូន ចាត់ទុកកិច្ចព្រមព្រៀងអាវុធកូរ៉េខាងជើង-រុស្ស៊ី ជាសកម្មភាពបង្ករឿងដាក់កូរ៉េខាងត្បូង
21, Sep 2023 , 10:39 am        
រូបភាព
លោក យូន សុកយ៉ល ប្រធានាធិបតីកូរ៉េខាងត្បូង នៅមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងថ្ងៃទី២០ ខែកញ្ញា។ រូបភាព UN
លោក យូន សុកយ៉ល ប្រធានាធិបតីកូរ៉េខាងត្បូង នៅមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងថ្ងៃទី២០ ខែកញ្ញា។ រូបភាព UN
ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល បានព្រមានលើកិច្ចសហប្រតិបត្តិការយោធារវាងកូរ៉េខាងជើង និងរុស្ស៊ី ក្រោយរុស្ស៊ីសន្យាជួយកូរ៉េខាងជើងលើការជួយបាញ់ផ្កាយរណបចារកិច្ច។ ទាក់ទិននឹងបញ្ហានេះ មេដឹកនាំកូរ៉េខាងត្បូង បានចាត់ទុករាល់កិច្ចព្រមព្រៀងអាវុធរវាងកូរ៉េខាងជើង និងរុស្ស៊ី ជាសកម្មភាពបង្ករឿងចំពោះខ្លួន។

 
ពីកិច្ចពិភាក្សាទូទៅ (General Debate) នៅមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីស្នាក់ការកណ្តាលក្នុងក្រុងញូវយ៉កនៅថ្ងៃទី២០ ខែកញ្ញា លោក យូន សុកយ៉ល ប្រធានាធិបតីកូរ៉េខាងត្បូង បានលើកឡើងពីក្តីបារម្ភ ដែលរដ្ឋាភិបាលក្រុងព្យុងយ៉ាង និងក្រុងមូស្គូ អាចមានកិច្ចព្រមព្រៀងអាវុធជាមួយគ្នា ដោយលោកបានចាត់ទុកកិច្ចព្រមព្រៀងនេះ ជាការបង្កអរិភាពប្រឆាំងនឹងកូរ៉េខាងត្បូងដោយផ្ទាល់។ 
 
«ប្រសិនកូរ៉េខាងជើងទទួលបានព័ត៌មាន និងបច្ចេកវិទ្យាក្នុងការពង្រឹងអាវុធបំផ្លាញលោក (WMD) ក្នុងការផ្លាស់ប្តូរនឹងការគាំទ្ររុស្ស៊ី ជាមួយអាវុធ កិច្ចព្រមព្រៀងនេះ នឹងជាការគំរាមកំហែងដល់សន្តិភាព សន្តិសុខ មិនត្រឹមអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែដល់កូរ៉េខាងត្បូងដែរ»។​ ប្រធានាធិបតីកូរ៉េខាងត្បូង បានសង្កត់ធ្ងន់បែបនេះ ដោយបន្តរិះគន់រុស្ស៊ី ដែលឈ្លានពានប្រទេសដទៃ បើទោះខ្លួនជាសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ។ 
 
ការលើកឡើងរបស់លោកយូននេះ ធ្វើឡើងក្រោយដំណើរទស្សនកិច្ចរបស់លោក គីម ជុងអ៊ុន មេដឹកនាំទៅរុស្ស៊ីនៅសប្តាហ៍មុន ដោយរុស្ស៊ី បានសន្យាជួយកូរ៉េខាងជើងលើផ្កាយរណបចារកិច្ច ដែលកូរ៉េខាងជើង មិនទទួលបានជោគជ័យផង។ មិនតែប៉ុណ្ណោះ ប្រទេសលោកខាងលិច បានបង្ហាញក្តីបារម្ភថា រដ្ឋាភិបាលក្រុងព្យុងយ៉ាង អាចផ្តល់អាវុធទៅរុស្ស៊ី ដើម្បីជាថ្នូរនឹងការផ្តល់ព័ត៌មានអាវុធពីរុស្ស៊ីវិញ។ 
 
មុនកូរ៉េខាងត្បូង នឹងចូលកាន់តំណែងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខចាប់ពីឆ្នាំ២០២៤ ដល់ ២០២៥ លោកយូន បានបញ្ជាក់ពីការប្តេជ្ញា ក្នុងការដើរតួនាទីប្រកបដោយការទទួលខុសត្រូវលើការការពារសន្តិភាពអន្តរជាតិ និងសុវត្ថិភាព។ មេដឹកនាំកូរ៉េខាងត្បូងរូបនេះ ក៏បានសន្យាផ្តល់ជំនួយប្រមាណ ២,៣ពាន់លានដុល្លារ ក្នុងរយៈពេលខ្លី និងវែង ចំពោះអ៊ុយក្រែនផង។ 
 
លើសពីនេះ ប្រធានាធិបតីកូរ៉េខាងត្បូង បានប្តេជ្ញាចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូន រួមទាំងពន្លឿនការប្រើប្រាស់ថាមពលកកើតឡើងវិញ។ ទាក់ទិនឹងបញ្ហានេះ លោកយូនថា​ កូរ៉េខាងត្បូង នឹងផ្តល់ជំនួនប្រមាណ ៣០០លានដុល្លារបន្ថែមទៅក្នុងមូលនិធិអាកាសធាតុបៃតង (Green Climate Fund)៕ 
 

Tag:
 កូរ៉េខាងត្បូង
  រុស្ស៊ី
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com