កីឡាជាតិ
ជាតិ
Asian Games៖ សម្ដេច ហ៊ុន ម៉ាណែត ផ្ដល់អនុសាសន៍៥យ៉ាងដល់អត្ដពលិកត្រៀមទៅចិន
21, Sep 2023 , 11:29 am        
រូបភាព
សម្ដេច ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីសំណេះសំណាលអត្ដពលិក ត្រៀមទៅចិន រូបពី ហ្វេសប៊ុក សម្ដេច ហ៊ុន ម៉ាណែត
សម្ដេច ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីសំណេះសំណាលអត្ដពលិក ត្រៀមទៅចិន រូបពី ហ្វេសប៊ុក សម្ដេច ហ៊ុន ម៉ាណែត
ក្នុងកិច្ចសំណេះសំណាលជាមួយអត្ដពលិក ត្រៀមទៅប្រកួត Asian Games 2022 នៅទីក្រុង Hanzhou ប្រទេសចិន កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមានសន្ដិភាព សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានប្រាប់ពីអនុសាសន៍ ៥យ៉ាង ទៅកាន់អត្ដពលិក សម្រាប់ត្រៀមខ្លួន ចូលរួមប្រកួតព្រឹត្តិការណ៍កីឡានានា។ 
 
សម្ដេច ហ៊ុន ម៉ាណែត បានផ្ដាំផ្ញើទៅកាន់ កីឡករ-កីឡាការិនីកម្ពុជា ឱ្យបន្តហ្វឹកហាត់ និងថែបំប៉នសុខភាពឱ្យបានល្អ, ប្រកាន់នូវវិន័យ សីលធម៌ជាកីឡាករ កីឡាការិនី និងជាមិត្តល្អ ព្រោះអត្តពលិក គឺជាអង្គទូតតំណាងឲ្យជាតិ, ចៀសវាងនូវការប្រើប្រាស់សារធាតុហាមឃាត់ និងខុសពីបទវិន័យកីឡា, រក្សាសាមគ្គីភាព និងចេះជួយគ្នាទៅវិញទៅមក, បង្កើតចំណងមិត្តភាព និងសាមគ្គីភាពជាមួយអត្ដពលិក មកពីបណ្ដាលប្រទេសនានា ដោយផ្អែកលើគោលការណ៍ ឈ្នះ និងការបង្កើនមិត្តច្រើន ដោយឈរលើក្រមសីលធម៌ល្អ។
 
នាយករដ្ឋមន្ដ្រីកម្ពុជារូបនេះ បន្តថា ការចេញទៅប្រកួត ដើម្បីជាតិមាតុភូមិ ដូច្នេះចៀសវាងការបង្កបញ្ហាណាមួយ ដែលនាំឱ្យប៉ះពាល់ដល់មុខមាត់ និងកិត្តិយសជាតិ។
សម្ដេច ហ៊ុន ម៉ាណែត ក៏អរគុណដល់គ្រូបង្វឹក ក្រុមការងារ និងគ្រប់ភាគីពាក់ព័ន្ធ ដែលបានត្រៀមលក្ខណៈ និងជួយរៀបចំគ្រប់យ៉ាង សម្រាប់អត្ដពលិកកម្ពុជា ទៅចូលរួមព្រឹត្តិការណ៍អាស៊ីហ្គេម លើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន។
 
ព្រឹត្តិការណ៍ Asian Games 2022 នៅទីក្រុង Hangzhou ប្រទេសចិន ចាប់ប្រកួតពីថ្ងៃទី១៩ ខែកញ្ញា ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ ដោយពិធីបើក នឹងត្រូវធ្វើនៅថ្ងៃទី២៣ ខែកញ្ញា។ កម្ពុជា បានបញ្ជូនអត្ដពលិក ១១៤នាក់ ដោយប្រកួតលើ ១៧ប្រភេទកីឡា៕
 

Tag:
 សម្ដេច ហ៊ុន ម៉ាណែត
  Asian Games
© រក្សាសិទ្ធិដោយ thmeythmey.com