សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
នាយករដ្ឋមន្ត្រីវៀតណាមស្នើលោក Bill Gates ផ្តល់ប្រឹក្សាលើយុទ្ធសាស្រ្តច្នៃប្រឌិត
21, Sep 2023 , 2:11 pm        
រូបភាព
លោក Bill Gates ស្ថានិក Microsoft (ឆ្វេង) និងនាយករដ្ឋមន្ត្រីវៀតណាមលោក ផាម មិញ ជិញ ។ រូបភាព ៖ Nhat Bac ។
លោក Bill Gates ស្ថានិក Microsoft (ឆ្វេង) និងនាយករដ្ឋមន្ត្រីវៀតណាមលោក ផាម មិញ ជិញ ។ រូបភាព ៖ Nhat Bac ។
នាយករដ្ឋមន្ត្រីវៀតណាមលោក ផាម មិញ ជិញ បានអញ្ជើញមហាសេដ្ឋី Bill Gates មកផ្តល់ប្រឹក្សាអំពីយុទ្ធសាស្ត្រវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ដល់វៀតណាម ជាពិសេសឲ្យជួយបំផុសគំនិត និងលើកទឹកចិត្តយុវជនជំនាន់ក្រោយដែលទាក់ទងនឹងការច្នៃប្រឌិត។

 
នាយករដ្ឋមន្ត្រីវៀតណាមលោក​ ផាម មិញ ជិញ ជួបជាមួយស្ថាបនិកសាជីវកម្ម Microsoft លោក Bill Gates នារសៀលថ្ងៃទី២០ ខែកញ្ញា។ វៀតណាមកំពុងផ្តល់អាទិភាពលើការជំរុញការអភិវឌ្ឍន៍ដោយផ្អែកលើវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងការច្នៃប្រឌិត រួមទាំងការអភិវឌ្ឍផលិតកម្ម និងបណ្តាញផ្គត់ផ្គង់បន្ទះឈីបសឺមីកុងឌុចទ័រផងដែរ។ 
 
នាយករដ្ឋមន្ត្រីវៀតណាមរូបនេះបានស្នើឲ្យលោក Bill Gates តាមរយៈមូលនិធិ The Gates Foundations បន្តគាំទ្រសកម្មភាពចាប់ផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិត វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ លើកកម្ពស់ការផ្លាស់ប្តូរបៃតង អភិវឌ្ឍថាមពលកកើតឡើងវិញ និងការកែលម្អសមត្ថភាពសុខាភិបាល និងការអប់រំ។
 
លោក Bill Gates បានអះអាងថា វៀតណាម​មាន​សារសំខាន់​ណាស់​ចំពោះ​គោល​នយោបាយ​អភិវឌ្ឍន៍​របស់ Microsoft និង​មូលនិធិ​របស់​ខ្លួន។លោកនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការ និងសកម្មភាពគាំទ្រសម្រាប់វៀតណាម ដោយផ្តោតលើវិស័យអនាម័យ ទឹកស្អាត បរិស្ថាន សុខាភិបាល និងបញ្ញាសប្បនិម្មិត្ត (AI)។ 
 
The Gates Foundations ដែលដឹកនាំដោយ Bill Gates ផ្តោតលើសកម្មភាពរួមទាំងការអភិវឌ្ឍន៍កសិកម្ម សេវាហិរញ្ញវត្ថុសម្រាប់ជនក្រីក្រ ទឹកស្អាត និងអនាម័យ ការអប់រំសកល សុខភាព និងអាហារូបត្ថម្ភ។ មូលនិធិនេះក៏អនុវត្តសកម្មភាពក្នុងវិស័យសុខភាពសាធារណៈ និងសុខភាពប្រជាជន ដោយផ្តោតលើជំងឺឆ្លង ជំងឺទូទៅ និងជំងឺត្រូពិច។
 
នៅវៀតណាមសាជីវកម្ម Microsoft កំពុងមមាញឹកនូវសកម្មភាពជាច្រើន និងបានរួមចំណែកជាមួយវិស័យបច្ចេកវិទ្យាក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ ទាក់ទងនឹងវិស័យសុខាភិបាល សកម្មភាពលេចធ្លោមួយរបស់ Bill Gates គឺការរួមចំណែកចំពោះមូលនិធិសុខភាពសកល ដើម្បីគាំទ្រកម្មវិធីជំងឺរបេង សួត គ្រុនចាញ់ និងមេរោគអេដស៍នៅវៀតណាមនាពេលថ្មីៗនេះ។ មូលនិធិ Gates ក៏គាំទ្រសកម្មភាពប្រើប្រាស់បច្ចេកវិទ្យា ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុនៅតំបន់ដីសណ្ដមេគង្គផងដែរ៕ 
 

Tag:
 វៀតណាម
  Bill Gates
  ផាម មិញ​ ជិញ
© រក្សាសិទ្ធិដោយ thmeythmey.com