កីឡាជាតិ
ជាតិ
AFC Cup៖ សឿត បារាំង ប្តេជ្ញាជួយភ្នំពេញក្រោន យកឈ្នះ Dynamic យប់នេះ
21, Sep 2023 , 2:40 pm        
រូបភាព
លោក Oleg Starynskyi និង សឿត បារាំង រូបពីក្លិបភ្នំពេញក្រោន
លោក Oleg Starynskyi និង សឿត បារាំង រូបពីក្លិបភ្នំពេញក្រោន
សឿត បារាំង ប្តេជ្ញាប្រឹងប្រែងជួយភ្នំពេញក្រោនយកឈ្នះ Dynamic Herb CEBU FC ក្នុងការប្រកួតដំបូងក្នុងពូល F នៃពានរង្វាន់ AFC Cup ២០២៤-២៣។​ ខ្សែការពារអន្តរជាតិកម្ពុជារូបនេះ ចាត់ទុកថាជ័យជម្នះនេះ មិនត្រឹមតែសម្រាប់ក្លិបទេ តែសម្រាប់ជាតិ ផងដែរ។



ភ្នំពេញក្រោន ត្រូវបើការប្រកួតដំបូងក្នុងពូល F នៃពានរង្វាន់ AFC Cup វគ្គចែកពូល នៅក្នុងទឹកដីប្រទេសហ្វីលីពីន ដោយត្រូវជួបជាមួយ  Dynamic Herb CEBU FC នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ នៅកីឡដ្ឋាន RIZAL MEMORIAL SPORTS COMPLEX វេលាម៉ោង៧យប់ [ម៉ោងនៅកម្ពុជា]។
 
លោក Oleg Starynskyi បាននិយាយថា ភ្នំពេញក្រោន បានឆ្លងកាត់ផ្លូវ ដ៏វែងឆ្ងាយ រហូតមានកៅអីនៅវគ្គចែកពូល។ ក្រុមជើងឯកលីគកំពូលកម្ពុជានេះ បានប្រកួតឈ្នះ Young Elephant FC ជើងឯកលីគកំពូល​ឡាវ លទ្ធផល ៣-០ និងឈ្នះលើក្រុមខ្លាំងសិង្ហបុរី Tampines Rover លទ្ធផល ៣-២ ក្នុងវគ្គជម្រុះ។

ការប្រកួតរវាងភ្នំពេញក្រោន និង Young Elephant FC
  
«នេះ គឺជាការប្រកួតទី១ របស់យើង នៅក្នុងវគ្គចែកពូល។ ខ្ញុំ គិតថាជាការធ្វើដំណើរផ្លូវឆ្ងាយ គឺតាំងពីវគ្គជម្រុះបឋម (Preliminary stage) និងវគ្គជម្រុះចុងក្រោយ ហើយបានឈានចូលមកដល់វគ្គចែកពូល។ ម្ចាស់ផ្ទះ មានការរៀបចំបានល្អខ្ញុំ គិតថា នេះ គឺជាការប្រកួតគួរឲ្យចាប់អារម្មណ៍។»។ គ្រូបង្វឹកភ្នំពេញក្រោនរូបនេះ បាននិយាយដូច្នេះ។
 
ក្នុងសន្និសីទមុនប្រកួត សឿត បារាំង បាននិយាយថារូបគេ ពិតជាសប្បាយចិត្ត ដោយបានមកលេងក្នុងពានរង្វាន់ AFC Cup។ កីឡាកររូបនេះ ប្ដេជ្ញានឹងប្រឹងអស់ពីសមត្ថភាព ដើម្បីយក ៣ ពិន្ទុ ពីក្រុមម្ចាស់ផ្ទះ។ សឿត បារាំង ចាត់ទុកថាជ័យជម្នះ របស់ភ្នំពេញក្រោន ក៏សម្រាប់កម្ពុជាដែរ ព្រោះជាក្រុមតំណាងឲ្យជាតិ ក្នុងព្រឹត្តិការណ៍នេះ។
 
«ខ្ញុំ សប្បាយចិត្តចំពោះការបានលេងក្នុងពានរង្វាន់ AFC Cup។ ការប្រកួតនេះ គឺជាការប្រកួតមួយដែលសំខាន់ សម្រាប់ក្រុមរបស់ ដើម្បីបាន ៣ពិន្ទុ ពីម្ចាស់ផ្ទះ។ យើង នឹងខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីជ័យជម្នះរបស់យើង និងសម្រាប់កម្ពុជាផងដែរ។»។ កីឡាករ សឿត បារាំង បាននិយាយដូច្នេះ។
 
គួរបញ្ជាក់ផងដែរថា ភ្នំពេញក្រោន ត្រូវប្រកួតជាមួយ Dynamic Herb Cebu FC នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ នៅប្រទេសហ្វីលីពីន។ នៅថ្ងៃទី៥ ខែតុលា ភ្នំពេញក្រោន ត្រូវស្វាគមន៍ Shan United FC របស់មីយ៉ាន់ម៉ា នៅពហុកីឡដ្ឋានជាតិអូឡាំពិក ហើយក៏ត្រូវទទួល Macharthur FC របស់អូស្ដ្រាលី នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ក្នុងកីឡដ្ឋានដដែរនេះ។ លុះចូលដល់ ថ្ងៃទី៩ ខែវិច្ឆិកា ក្លិបកម្ពុជាមួយនេះ ត្រូវទៅប្រកួតនៅអូស្ដ្រាលី ជាមួយ Macharthur FC ហើយត្រូវប្រកួតជាមួយ Dynamic Herb Cebu FC នៅថ្ងៃទី៣០ ខែវិច្ឆិកា នៅកីឡដ្ឋានអូឡាំពិកផងដែរ។ នៅថ្ងៃទី១៤ ខែធ្នូ ភ្នំពេញក្រោន ត្រូវប្រកួត នៅប្រទេសមីយ៉ាន់ម៉ា ជាមួយក្រុម Shan United FC៕
 

Tag:
 Oleg Starynskyi
  AFC Cup
© រក្សាសិទ្ធិដោយ thmeythmey.com