ជាតិ
លោក អេម៉ានុយអ៊ែល ម៉ាក្រុង រង់ចាំឱកាសរីករាយជួបជាមួយសម្តេច ហ៊ុន ម៉ាណែត
21, Sep 2023 , 3:21 pm        
រូបភាព
លោកប្រធានាធិបតី​បារាំង អេម៉ានុយអ៊ែល ម៉ាក្រុង។ រូបថត AP
លោកប្រធានាធិបតី​បារាំង អេម៉ានុយអ៊ែល ម៉ាក្រុង។ រូបថត AP
ក្នុងសារលិខិតអបអរសាទរ សម្តេច ហ៊ុន ម៉ាណែត ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីកម្ពុជា សមភាគីបារាំង លោក អេម៉ានុយអ៊ែល ម៉ាក្រុង បានលើកឡើងពីដៃគូជាប្រវត្តិសាស្ត្រជាមួយកម្ពុជា ដែលជាដៃគូហ្វ្រង់កូហ្វូនីនៅអាស៊ីអាគ្នេយ៍។



«ខ្ញុំសូមអះអាងជូនសម្តេចអំពីឆន្ទៈរបស់ខ្ញុំក្នុងការបន្តជាមួយសម្តេចនូវកិច្ចសន្ទនាដ៏ស្អិតល្មួតរវាងប្រទេសយើងទាំងពីរ»។ លោកប្រធានាធិបតីបារាំង បានបញ្ជាក់យ៉ាងដូច្នេះ តាមសារលិខិតសាទរពីក្រុងប៉ារីស៍ កាលពីថ្ងៃទី១៩ ខែកញ្ញា។

ខណៈដែលកម្ពុជានឹងប្រារព្ធខួប៧០ឆ្នាំនៃទិវាឯករាជ្យជាតិ នាថ្ងៃទី៩ ខែវិច្ឆិកា លោក ម៉ាក្រុង សង្ឃឹមថា កិច្ចសហប្រតិបត្តិការវាងប្រទេសទាំងពីរនឹងមានការរីកចម្រើនថ្មីៗទៀត ដោយផ្អែកលើគំនិតផ្តួចផ្តើមនានា ដែលត្រូវបានធ្វើឡើងដើម្បីដោះស្រាយបញ្ហាប្រឈម ដូចជាបម្រែបម្រួលអាកាសធាតុ និងការលុបបំបាត់ភាពក្រីក្រ ជាដើម។

លោក ម៉ាក្រុង បានបញ្ជាក់ថា លោករង់ចាំឱកាសរីករាយជួបជាមួយនាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា ព្រោះប្រទេសទាំងពីរ បានផ្សារភ្ជាប់គ្នាដោយចំណងមិត្តភាពជាប្រវត្តិសាស្ត្រ រួមទាំងមានបេសកកម្មរួមក្នុងការអភិវឌ្ឍគម្រោងថ្មីៗក្នុងលំហឥណ្ឌូប៉ាស៊ីហ្វិកមួយ ដែលបើកទូលាយ និងគ្រប់គ្រងដោយច្បាប់អន្តរជាតិ៕


© រក្សាសិទ្ធិដោយ thmeythmey.com