ជាតិ
សេដ្ឋកិច្ច
ADB ទម្លាក់កំណើនសេដ្ឋកិច្ចកម្ពុជាមកនៅត្រឹម ៥,៣ភាគរយ ក្នុងឆ្នាំនេះ
21, Sep 2023 , 8:29 pm        
រូបភាព
របាយការណ៍ព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា របស់ABD សម្រាប់ឆ្នាំ២០២៣ និងឆ្នាំ២០២៤
របាយការណ៍ព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា របស់ABD សម្រាប់ឆ្នាំ២០២៣ និងឆ្នាំ២០២៤
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានទម្លាក់ការព្យាករ​កំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំនេះ ពី ៥,៥ភាគរយ មកត្រឹម ៥,៣ភាគរយវិញ។ ​ ការទម្លាក់នូវកំណើនសេដ្ឋកិច្ចនេះ គឺដោយសារតែ​វិស័យ​ឧស្សាហកម្ម និង​កសិកម្មកម្ពុជា ​មាន​កំណើន​តិចជាង​ការរំពឹងទុក​នៅ​ឆមាស​ទី​១ ដែលបណ្តាលមកពី​ការធ្លាក់ចុះ​សេដ្ឋកិច្ច​សកល​។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ADB នាថ្ងៃទី២០កញ្ញា។​

 
​របាយការណ៍របស់ADB បានបង្ហាញថា ការ​នាំចេញ​សម្លៀកបំពាក់ ស្បែកជើង និង​ទំនិញ​ធ្វើដំណើររបស់កម្ពុជា​បាន​ធ្លាក់ចុះ ១៨,៦​ភាគរយ ធៀប​នឹង​​ឆមាស​ទី​១ កាលឆ្នាំ២០២២​។ ការធ្លាក់ចុះ​នេះ ​ត្រូវបាន​ប៉ះប៉ូវមួយផ្នែក​ដោយ​ការ​កើន​ឡើង២២,៩​ភាគរយ ​នៃ​ការនាំចេញ​ផលិតផល​ផ្សេងទៀត​ ក្រៅពី​សម្លៀក​បំពាក់។  ជាពិសេស​គ្រឿងបន្លាស់​រថយន្ត សូ​ឡា និង​គ្រឿងសង្ហារិម ខណៈ​ការ​នាំចូល​សម្ភារ​សំណង់​ធ្លាក់ចុះ ៦,៣​ ភាគរយ​។​ 
 
លោកស្រី Jyotsana Varma នាយិកា ADB ប្រចាំកម្ពុជា បានលើកឡើងថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសធំៗដែលមានការជឿនលឿន ត្រូវបានរំពឹងថា នឹងជំរុញការនាំចេញរបស់កម្ពុជាសម្រាប់ឆមាសទី២ ទោះបីជាកំណើនវិស័យឧស្សាហកម្មក្នុងស្រុក បានថមថយក្នុងឆមាសទី១ក៏ដោយ។ លោកបន្តរៀបរាប់ដូច្នេះ៖​ «វិស័យសេវាកម្មចូលរួមចំណែកធំជាងគេ ចំពោះកំណើនសេដ្ឋកិច្ចឆ្នាំនេះ ដោយវិស័យនេះបានកើនលើសការរំពឹងទុកនៅក្នុងឆមាសទី១ ជាពិសេសដោយ សារការងើបឡើងវិញខ្លាំង នៃវិស័យទេសចរណ៍»។
 
តាមការព្យាកររបស់ADB វិស័យសេវាកម្មរបស់កម្ពុជានៅឆ្នាំ២០២៣ នឹងកើនពី ៧,៣ភាគរយ ទៅ ៨ភាគរយ។ ដោយឡែក វិស័យឧស្សាហកម្ម នឹងត្រូវថយពី ៥,៨ភាគរយ មក ៤,៨ភាគរយវិញ ខណៈការព្យាករសម្រាប់កំណើនវិស័យកសិកម្មបានធ្លាក់ពី ១,១ភាគរយ មកត្រឹម០,៩ភាគរយ។ របាយការណ៍នេះរក្សាការព្យាករអតិផរណាសម្រាប់ឆ្នាំនេះនៅកម្រិត ៣ភាគរយ និងសម្រាប់ឆ្នាំ២០២៤ មានក្នុងកម្រិត ៤ភាគរយ។ 
 
រីឯ ឱនភាពពាណិជ្ជកម្មអន្តរជាតិ ដែលមានភាពប្រសើរឡើង និងការងើបឡើងវិញនៃវិស័យទេសចរណ៍ នឹងបន្តបង្រួមឱនភាពគណនីចរន្ត។ ABD បានបញ្ជាក់ថា ហានិភ័យសម្រាប់ទស្សនវិស័យនេះ រួមមាន កំណើនសេដ្ឋកិច្ចខ្សោយនៃបណ្តាប្រទេសជឿនលឿន ,ការមកដល់នៃភ្ញៀវទេសចរ និងលំហូរវិនិយោគផ្ទាល់ពីបរទេសតិច ,ការអូសបន្លាយនៃការរឹតបន្តឹងស្ថានភាពហិរញ្ញវត្ថុជាសកល ,ការកើនឡើងតម្លៃថាមពល ,ក្តីបារម្ភអំពីបំណុលឯកជនដែលមានកម្រិតខ្ពស់ និងអំពីស្ថិរភាពហិរញ្ញវត្ថុក្នុងស្រុក និង អាកាសធាតុដែលកាន់តែអាក្រក់ដោយសារការប្រែប្រួលបរិយាកាសផែនដី​។ 
 
ដ្បិត មានការទម្លាក់កំណើនសេដ្ឋកិច្ចកម្ពុជាមកនៅត្រឹម ៥,៣ភាគរយសម្រាប់ឆ្នាំ២០២៣ ប៉ុន្តែ ADB នៅរក្សាការព្យាកររបស់ខ្លួនដដែលសម្រាប់ឆ្នាំ២០២៣ ​សេដ្ឋកិច្ចកម្ពុជាបន្តកើនឡើងក្នុងអត្រា៦ភាគរយ៕ 
 

Tag:
 ADB
© រក្សាសិទ្ធិដោយ thmeythmey.com