កីឡាជាតិ
ជាតិ
លោក វ៉ាត់ ចំរើន រំពឹងកម្ពុជាឈ្នះមេដាយពីកីឡា គ្រីឃីត, តេក្វាន់ដូ, ចំបាប់, យូដូ និងជឺជិតស៊ូ នៅកីឡាអាស៊ី
22, Sep 2023 , 7:59 am        
រូបភាព
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រូបពី NOCC
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រូបពី NOCC
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) រំពឹងអត្តពលិកកម្ពុជាអាចដណ្តើមបានមេដាយកីឡាអាស៊ី Asian Games ពី៦​ ទៅ៧ ប្រភេទកីឡា ក្នុងចំណោម១៧ប្រភេទកីឡា ដែលបានបញ្ជូនទៅចិន។



ប្រភេទកីឡាដែល លោក វ៉ាត់ ចំរើន ដាក់ការជឿជាក់ថានឹងអាចប្រជែងបានមេដាយ មានដូចជា គ្រីឃីត, តេក្វាន់ដូ WT, ចំបាប់, យូដូ និងជឺជិតស៊ូ រួមពីរប្រភេទកីឡាទៀតដែលលោកមិនបានបញ្ជាក់។ អគ្គលេខាធិការរូបនេះ បាននិយាយដូច្នេះ ក្នុងពេលចេញដំណើរជាមួយប្រតិភូកីឡាកម្ពុជា ទៅប្រទេសចិន នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ។
 
លោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានប្រតិភូកីឡាដឹកនាំចូលរួមព្រឹត្តិការណ៍អាស៊ីហ្គេម លើកទី១៩ និង លោក វ៉ាត់ ចំរើន បានដឹកនាំប្រតិភូកីឡាជាគ្រូបង្វឹក និងកីឡាករ-កីឡាការិនី ចូលរួមព្រឹត្តិការណ៍នេះ នាព្រឹកថ្ងៃទី២១ ខែកញ្ញា។
 
លោក វ៉ាត់​ ចំរើន និយាយថា ចំពោះការចូលរួមនេះ កម្ពុជា នឹងរកបានមេដាយខ្លះ ទៅលើកីឡាដូចជា គ្រីឃីត, តេក្វាន់ដូWT, ចំបាប់, យូដូ និងជឺជិតស៊ូ។ 
  
លោក ថោង ខុន ប្រធានប្រតិភូកីឡា អបដំណើរ ដោយលោក វ៉ាត់ ចំរើន ពាក់អាវស រូបពី NOCC

ដោយឡែក ចំពោះកីឡាផ្សេងទៀត អគ្គលេខាធិការរូបនេះ ហាក់ដូចជាមិនដាក់ការសង្ឃឹមខ្ពស់ប៉ុន្មានទេ ដោយយល់ថាព្រឹត្តិការណ៍នេះ ជាកម្រិតទ្វីបអាស៊ី ដែលមាន ៤៥ប្រទេស ចូលរួម។

ប្រទេសមួយចំនួន  មានសក្ដានុពលខាងវិស័យកីឡាជាច្រើន ចូលរួមដូចជា ចិន ជប៉ុន កូរ៉េ អ៊ីរ៉ង់ និងកាហ្ស៊ាស្ថាន ជាដើម។ ប៉ុន្ដែបើទោះជា មិនរំពឹងខ្ពស់ លោក វ៉ាត់ ចំរើន មានសុទិដ្ឋិនិយមថា កម្ពុជា នឹងអាចទទួលបទពិសោធន៍ ដើម្បីមកអភិវឌ្ឍបន្ថែម។
 
«ក្នុងចំណោម ១៧ប្រភេទកីឡាកម្ពុជា មាន ប្រភេទកីឡាដែលអាចឡើងទៅរកមេដាយល្អ បានដូចជាគ្រីឃីត, តេក្វានដូ, ចំបាប់, យូដូ ជាដើមក៏យើង អាចស្វែងរកបានដែរ។ ប្រភេទជឺជិតស៊ឺ ប្រភេទកីឡប្រយុទ្ធមួយចំនួន ហើយ។ យើង ដឹងហើយថា ការប្រកួតកីឡាអាស៊ីនេះ គឺជាកម្រិតខ្ពស់ណាស់ និងមានប្រទេស ដែលមានសក្ដានុពលខ្លាំង ខាងផ្នែកកីឡាហ្នឹង ធំៗច្រើន ដូចជាចិន កូរ៉េ ជប៉ុន អេរ៉ង, កាហ្ស៊ាស្ថាន សុទ្ធតែជាប្រទេសមានសក្ដានុពលខ្ពស់មែនទែន នៅក្នុងវិស័យកីឡាពិភពលោក។ អ៊ីចឹង យើង នឹងដកស្រង់បទពិសោធន៍នេះ ហើយជម្រុញទឹកចិត្តនេះ ដែលអាចធ្វើឲ្យបច្ចេកទេស គត់មុតបាន។ យើងទាំងអស់គ្នាមានតែការប្រឹងប្រែង អស់ពីសមត្ថភាព គោរពយ៉ាងខ្ជាប់ខ្ជួនជានិច្ច។»។ អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិក បាននិយាយប្រាប់ដូច្នេះ។
 
គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍កីឡាអាស៊ីហ្គេម លើកទី១៩ នៅប្រទេសចិន ( 19th Asian Games) ចាប់ប្រកួតពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។ ចំណែក ពីធីបើកព្រឹត្តិការណ៍នេះ នឹងត្រូវធ្វើនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ហើយបិទបញ្ចប់នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុង Hang Zhou ប្រទេសចិន។ កម្ពុជា បញ្ជូនអត្ដពលិក ១១៤នាក់ ចូលរួមប្រកួតលើ ១៧ប្រភេទកីឡា ខណៈម្ចាស់ផ្ទះ ចិន បានដាក់ ៤០ប្រភេទកីឡា ក្នុងព្រឹត្តិការណ៍នេះ៕
 

Tag:
 Asian Games
  វ៉ាត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com