កីឡាអន្តរជាតិ
អន្តរជាតិ
រជ្ជទាយាទ Bin Salman មិនខ្វល់ការចោទព្រះអង្គ ថាប្រើប្រាស់វិស័យកីឡាដើម្បីកែលម្អកេរ្តិ៍ឈ្មោះ
22, Sep 2023 , 4:00 pm        
រូបភាព
រជ្ជទាយាទនៃប្រទេសអារ៉ាប៊ីសាអូឌីតព្រះអង្គម្ចាស់ Mohammed Bin Salman នៅថ្ងៃទី២១ ខែកញ្ញាបានមានប្រសាសន៍ថា​ ព្រះអង្គមិនខ្វល់នឹងការចោទប្រកាន់ថាបាន​ប្រើប្រាស់វិស័យកីឡាដើម្បីបិទបាំងការប្រព្រឹត្តិខុស និងកែលម្អកេរ្តិ៍ឈ្មោះរបស់ព្រះអង្គឡើយ។



ព្រះអង្គម្ចាស់ Mohammed bin Salman ត្រូវបានរងការចោទប្រកាន់ថាបានវិនិយោគទៅលើវិស័យកីឡា និងបានប្រើប្រាស់ព្រឹត្តិការណ៍កីឡាល្បីៗ លើពិភពលោកដើម្បីបិទបាំងការប្រព្រឹត្តិខុស និងដើម្បីបង្កើនកេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិរបស់ខ្លួន។ ទោះយ៉ាងណា ព្រះអង្គម្ចាស់ មិនខ្វល់នឹងការរិះគន់នេះឡើយ ប្រសិនបើការកែលម្អកេរ្តិ៍ឈ្មោះនេះធ្វើឱ្យ GDP ប្រទេសមួយនេះមានការកើនឡើង។
 
ប្រទេសអារ៉ាប៊ីសាអូឌីតរងការរិះគន់យ៉ាងខ្លាំងចំពោះការរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដោយសារតែបញ្ហាបុរសចំនួន ៨១នាក់ត្រូវបានប្រហារជីវិតត្រឹមតែរយៈពេល ១ថ្ងៃប៉ុណ្ណោះកាលពីឆ្នាំ ២០២២, ការរំលោភសិទ្ធិស្ត្រី, សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា, ការរិតត្បិតសិទ្ធិបញ្ចេញមតិ និងបញ្ហាសង្គ្រាមនៅក្នុងប្រទេសយេម៉ែន។
  


ព្រះអង្គ Bin Salman ក៏មាន​ជាប់​ពាក់ព័ន្ធ​លើ​ការបញ្ជា​ឲ្យ​សម្លាប់​អ្នកសារព័ត៌មាន Jamal Khashoggi ក្នុង​កុងស៊ុល​អា​រ៉ា​ប៊ី​សា​អូឌីត នាទី​ក្រុង​អ៊ី​ស្តង់​ប៊ុល ប្រទេស​តួ​ក​គី កាលពីឆ្នាំ២០១៨ ដោយសារអ្នកការសែតអារ៉ាប៊ីសាអូឌីតរូបនេះ តែងតែរិះគន់ខ្លាំងរដ្ឋាភិបាលនៃប្រទេសអារ៉ាប៊ីសាអូឌីត។ ជុំវិញករណីនេះ រជ្ជទាយាទនៃប្រទេសអារ៉ាប៊ីសាអូឌីត រង​ការរិះគន់​យ៉ាងខ្លាំង​ពី​អង្គការសិទ្ធិមនុស្ស។
 
«ប្រសិនបើកបិទបាំងការប្រព្រឹត្តិខុស ឬការកែលម្អរកេរ្តិ៍ឈ្មោះនេះ បានជួយបង្កើនកម្រិត GDP ប្រទេសខ្ញុំលើសពី ១ភាគរយ ដូច្នេះយើងនឹងនៅតែបន្តធ្វើការងារនៃការកែលម្អរកេរ្តិ៍ឈ្មោះតាមវិស័យកីឡានេះបន្តទៀត។ សម្រាប់ខ្ញុំ ខ្ញុំមិនបានខ្វល់ពីសម្តីពួកគេនោះទេ ខ្ញុំមានការកើនឡើងកម្រិត ១ភាគរយនៃកម្រិត GDP ពីព្រឹត្តិការណ៍កីឡា ហើយខ្ញុំក៏កំពុងតែសម្លឹងទៅកាន់ជំហ៊ានថ្មីបន្ថែមទៀតគឺ ១,៥ភាគរយ។»។ ព្រះអង្គម្ចាស់ Bin Salman មានប្រសាសន៍ប្រាប់ទៅកាន់សារព័ត៌មាន FOX News បែបនេះ។
  


គម្រោងវិនិយោគសាធារណៈនៃប្រទេសអារ៉ាប៊ីសាអូឌីត (PIF) បានចូលកាន់កាប់ក្លិបមួយស្ថិតនៅក្របខណ្ឌ Premier League នៃប្រទេសអង់គ្លេសគឺ Newcastle United កាលពីរដូវកាល ២០២២-២៣ កន្លងទៅ ក៏ដូចជាបានដំណើរការព្រឹត្តិការណ៍វាយកូនហ្គោលនៃការប្រកួត LIV Golf ថែមទៀតផង។ 
 
កីឡាល្បីៗដែលមានដូចជា ព្រឹត្តិការណ៍ប្រណាំងរថយន្ត Formula 1, ការប្រណាំងម៉ូតូ Moto GP, ការប្រកួតវាយកូនបាល់, ការប្រកួតកីឡាកាស WWE ជាពិសេសរឿងរ៉ាវដែលកំពុងមានភាពល្បីល្បាញខ្លាំងនាពេលចុងក្រោយមកនេះគឺវិស័យបាល់ទាត់។ ការប្រកួត Formula 1 ជាកីឡាប្រណាំងរថយន្តដ៏ល្បីដែលបានចុះកិច្ចសន្យារយៈពេលវែងក្នុងការរៀបចំការប្រកួតនៅអារ៉ាប៊ីសាអូឌីតក៏រងការរិះគន់ខ្លាំងផងដែរ ពីសំណាក់ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្ស។
  


ក្លិបក្នុងក្របខណ្ឌ Saudi Pro League ដែលរួមមានក្លិបដូចជា Al Nassr, Al Hilal, Al Ittihad និង Al Ahli ជាក្លិបបានចាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ជាង ៦០០លានដុល្លារ ដើម្បីនាំយកកីឡាករល្បីៗពីតំបន់អឺរ៉ុបទៅកាន់ក្លិរបស់ពួកគេ។ ក្លិបទាំង៤ សុទ្ធសឹងតែជាក្លិបស្ថិតក្រោមគម្រោង PIF ដូចគ្នា។ កីឡាករដែលមានកេរ្តិ៍ឈ្មោះល្បីៗរួមមាន Cristiano Ronaldo, Neymar Jr, Karim Benzema, N’Golo Kante, Fabinho ព្រមទាំង Riyad Mahrez ជាដើម និងកីឡាករមួយចំនួនផ្សេងទៀតពីតំបន់អឺរ៉ុប។
 
បើទោះជាកំពុងតែមានភាពល្បីល្បាញខ្លាំងទៅលើការវិនិយោគលើវស័យកីឡាក៏ដោយក្តី ប៉ុន្តែប្រទេសអារ៉ាប៊ីសាអូឌីតនៅតែរងការរិះគន់ នឹងការចោទប្រកាន់អំពីបញ្ហាសិទ្ធិមនុស្ស សិទ្ធិអ្នកស្រលាញ់ភេទដូចគ្នា និងការរំលោភបំពានទៅលើសិទ្ធិស្ត្រី។ 
 
បើទោះជារងការរិះគន់ខ្លាំងពីបញ្ហាសិទ្ធិមនុស្ស ប៉ុន្តែប្រទេសអារ៉ាប៊ីសាអូឌីតត្រូវបានគេរំពឹងថានូវតែមានបំណងចង់ដេញថ្លៃធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតព្រឹត្តិការណ៍ FIFA World Cup នៅក្នុងឆ្នាំ ២០៣០​ ឬ ២០៣៤។ គោលបំណងដែលអារ៉ាប៊ីសាអូឌីតចង់ធ្វើឱ្យបាននេះ បន្ទាប់ពីបានឃើញប្រទេសកាតា បានរៀបចំការប្រកួតព្រឹត្តិការណ៍ World Cup 2022 បានដោយជោគជ័យបើទោះជាមានការរិះគន់ខ្លាំង ទៅបញ្ហាសិទ្ធិអ្នកស្រលាញ់ភេទដូចគ្នា និងបញ្ហាសិទ្ធិកម្មករចំណាត់ស្រុកសាងសង់កីឡដ្ឋានជាដើម៕
 


Tag:
 Mohammed Bin Salman
  Newcastle United
© រក្សាសិទ្ធិដោយ thmeythmey.com