ជាតិ
សេដ្ឋកិច្ច
KOICA ជួយយុវជនកម្ពុជា ឱ្យក្លាយជាសហគ្រិន តាមរយៈការលើកកម្ពស់ផ្នែកបច្ចេកវិទ្យា 
×![]()
មជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា(NICC) ក្រោមគម្រោងជិត៨លានដុល្លារ របស់ទីភ្នាក់ងារសហប្រតិបត្តការអន្តរជាតិកូរ៉េ(KOICA) កំពុងជួយយុវជនកម្ពុជាឱ្យក្លាយជាសហគ្រិន។ NICC ដែលស្ថិតក្នុងបរិវេណនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កំពុងជំរុញផ្នែកបច្ចេកវិទ្យាដល់យុវជន ដែលមានគំនិតច្នៃប្រឌិតក្នុងការបង្កើតធុរកិច្ចថ្មី។
NICC ជាកន្លែងបណ្តុះបណ្តាល និងផ្តល់ប្រឹក្សា ដល់សិស្សានុសិស្ស និងយុវជនកម្ពុជា ឱ្យបញ្ចេញសក្កានុពលរបស់ខ្លួន ឆ្ពោះទៅយុគសម័យឌីជីថលយោគិន ដើម្បីក្លាយជាសហគ្រិនថ្មី។ ក្នុងកម្មវិធីការភ្ជាប់បណ្តាញទំនាក់ទំនងតួអង្គក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិននៅកម្ពុជា ដែលNICC រៀបចំឡើងនៅសណ្ឋាគារ Hyatt Regency Phnom Penh នាល្ងាចថ្ងៃទី២១កញ្ញា លោក ជេត ជេលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានលើកឡើងថា៖ « គម្រោងរបស់KOICAនេះ គឺជួយដល់សហគ្រិនក្មេងៗដែលមានគំនិតរកស៊ី តែខ្វះគ្មានលទ្ធភាពអ្វីមួយ ខាងយើងនឹងជួយពួកគាត់ ទាំងការបណ្តុះបណ្តាល និងដើមទុន»។
មកទល់បច្ចុប្បន្ន យុវជន ដែលស្ថិតនៅស្ថិតក្រោមការបណ្តុះបណ្តាលរបស់NICC គឺមាន១៩ក្រុម ដោយក្នុងនោះមាន៤ក្រុមហើយ បានចប់ការបណ្តុះបណ្តាល។ បើតាមលោក ជេត ជេលី គំនិតអាជីវកម្មរបស់យុវជនទាំងនោះ គឺមានភាគច្រើនទាក់ទងនឹងឌីជីថល។ « លើសពីការជួយបណ្តុះបណ្តាល និងផ្តល់ដើមទុនចំនួនដល់យុវជនឱ្យចេញរកស៊ីដោយខ្លួនឯងហើយនោះ ខាងកូរ៉េ នៅតែបន្តជួយយុវជនយើងរហូតដល់មានសមត្ថភាពគ្រប់គ្រាន់ និងរឹងមាំ ក្នុងការចេញប្រកួតប្រជែងនៅលើទីផ្សារពលកម្ម » ។ នេះជារៀបរាប់របស់ លោក ជេត ជេលី ដោយបន្ថែមថា ក្នុងមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា គឺមានបន្ទប់មួយចំនួន សម្រាប់ជួលឱ្យសហគ្រិន ធ្វើជាការិយាល័យក្នុងតម្លៃទាបណាមួយ។
លោក ជេត ជេលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។រូបថត៖ NICC
បច្ចុប្បន្ន KOICA កំពុងព្យាយាមអនុវត្តគម្រោងនៃមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា ឱ្យល្អប្រសើរដើម្បីពង្រឹងសមត្ថភាពយុវជនកម្ពុជា ក្នុងការប្រឡូកចូលវិស័យធុរកិច្ចថ្មី។ លោកស្រី ចេ ជុងវុន (Che Jungwon) ដែលជានាយិការងរបស់ KOICA ប្រចំាកម្ពុជា បានបញ្ជាក់ថា មជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា ត្រូវបានបង្កើតឡើងដើម្បីជួយយុវជនកម្ពុជា ទាំងចំណេះដឹង ទាំងការស្រាវជ្រាវ ទាំងធនធាន និងការផ្តល់ប្រឹក្សាយោបល់ ដោយធ្វើយ៉ាងណាឱ្យយុវជនទាំងនោះ ក្លាយជាសហគ្រិនឌីជីថល សម្រាប់ជួយជំរុញដល់កំណើនសេដ្ឋកិច្ចកម្ពុជា។
បើតាម លោកស្រី ចេ ជុងវុន ក្រោយបញ្ចប់គម្រោងមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជានៅចុងឆ្នាំ២០២៤ KOICA នឹងបន្តជួយបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា ជាពិសេសយុវជនលើផ្នែកធុរកិច្ចថ្មីបន្តទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com