ជាតិ
បុរាណវិទូ អ៊ឹម សុខរិទ្ធី៖​ ចម្លាក់ស្យាមកុក នៅអង្គរវត្ត មិនមែនជា ថៃ និងម៉ុងហ្គោលី បច្ចុប្បន្នទេ
23, Sep 2023 , 11:30 am        
រូបភាព
លោក អ៊ឹម សុខរិទ្ធី ជាបុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា យល់ថា ចម្លាក់ស្យាមកុកនៅអង្គរវត្ត គឺជាអ្នកនាំផ្លូវ នៃកងទ័ព។ ពាក្យ «ស្យាម» នេះ មានតាំងពីសតវត្សរ៍ទី៧ មកម្លេះ។

 
 
«ស្យាមនេះ (សិលាចារិក និងចម្លាក់នៅអង្គរវត្ត) មិនមែនជា នគរស្យាម សព្វថ្ងៃទេ និងមិនមែនពួកថៃ សព្វថ្ងៃទេ។ ហើយមិនមែន ជាជនជាតិម៉ុងហ្គោលី ដែរ»។ លោក អ៊ឹម សុខរិទ្ធី ថ្លែងក្នុងបទបង្ហាញ បាឋកថា ក្រោមប្រធានបទ ចម្លាក់រឿងព្រះបាទសូររ្យវរ្ម័នទី២ លើថែវខាងត្បូងអង្គរវត្ត តាមរយៈភស្តុតាងសិលាចារឹក និងបុរាណវិទ្យា កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣។ 
 
 

កន្លងមក មគ្គទេសក៍ និងពលរដ្ឋខ្មែរ មួយចំនួន បានផ្សព្វផ្សាយថា ចម្លាក់អំពីស្យាមកុក នៅអង្គរវត្ត ជាជនជាតិថៃ។ អ្នកខ្លះទៀត ក៏បានអះអាងថា ចម្លាក់ស្យាមកុកនេះ ជាជនជាតិម៉ុងហ្គោលី។ 
 
លោក អ៊ឹម សុខរិទ្ធី ថ្លែងថា សម័យអង្គរ មិនបានពាក់ព័ន្ធដោយផ្ទាល់ជាមួយ ម៉ុងហ្គោលីម្ដងណាឡើយ។ ប៉ុន្តែ ខ្មែរសម័យនោះ មានទំនាក់ទំនង សេដ្ឋកិច្ច និងពាណិជ្ជកម្ម តាមរយៈជនជាតិចិនប៉ុណ្ណោះ។ អ្នកកាទូតចិន លោក ជីតាក្វាន់ បានមកអង្គរ ក្នុងរជ្ជកាលនៃរាជ្យការ ម៉ុងហ្គោលី ដែលគ្រប់គ្រងនគរចិន។ 
 
«ស្យាម» ​គឺជាជនជាតិដើមភាគតិចមួយក្រុម ដែលនៅចម្លោះខ្មែរ និងចម្ប៉ា។ ខ្មែរ និងចម្ប៉ា មិនអាចគ្រប់គ្រងជនជាតិ «ស្យាម» ប៉ុន្តែ មានសម្ព័ន្ធភាពជាមួយជនជាតិស្យាមមួយក្រុមនោះ។ ខ្មែរសម័យនោះ មិនដែលប៉ះពាល់ទឹកដី «ស្យាម» ឡើយ។ 
 
បើតាមការលើកឡើងរបស់លោក អ៊ឹម សុខរិទ្ធី ខ្មែរសម័យនោះ មានទំនាក់ទំនងជាមួយក្រុមជនជាតិ «ស្យាម» ដោយសារ ការបារម្ភពីការប៉ះទង្គិចជាមួយជនជាតិ «ចម្ប៉ា» និង «ដាយវៀត»។ ដូច្នេះ ខ្មែរសម័យនោះ បានពឹងពាក់ជនជាតិ «ស្យាម»​ ជាឆ្មាំទ្វារព្រះនគរ របស់ខ្មែរ។ ជនជាតិស្យាម មានភារកិច្ចរក្សាទ្វារនគរឱ្យបានសុខ។ 
 
ខ្មែរសម័យនោះ បានចាត់ទុកជនជាតិ «ស្យាម» ជាក្មួយ ដែលមានទំនាក់ទំនងល្អជាមួយគ្នា។ ស្ដេចខ្មែរ និងជនជាតិស្យាម តែងតែជួបជុំគ្នារៀងរាល់ឆ្នាំ។ ប៉ុន្តែក្រោយមក ការជួបជុំជាមួយជនជាតិស្យាម ក៏បានលើកទៅ៣ឆ្នាំម្ដងវិញ ដោយសារបញ្ហាសង្រ្គាម។​ ខ្មែរសម័យនោះ បានផ្គត់ផ្គង់ថ្នាំ និងម្ហូបអាហារ ដល់ជនជាតិស្យាម។ លើសពីនេះ ខ្មែរ ក៏បានធានាការពារសុវត្ថិភាពជនជាតិស្យាម ករណីមានការវាយលុកពីជនជាតិចម្ប៉ា។ 
 
ទោះជាយ៉ាងណា លោក អ៊ឹម សុខរិទ្ធី យល់ថា ប្រសិនបើ ថ្ងៃអនាគត មានឯកសារសិលាចារិកណាមួយនិយាយអំពីក្រុមស្យាមនេះ ការលើកឡើងរបស់លោកនាពេលនេះ អាចមិនត្រឹមត្រូវ។ ប៉ុន្តែបច្ចុប្បន្ន លោក អ៊ឹម សុខរិទ្ធី អះអាងថា មិនមានឯកសារណាផ្សេងច្បាស់លាស់ជាងនេះទេ៕ 

Tag:
 (ស្យាមកុក
  ស្យាម
  syam kuk)
© រក្សាសិទ្ធិដោយ thmeythmey.com