កីឡាអន្តរជាតិ
អន្តរជាតិ
London Derby ៖ Son ជឿថា Arsenal ទំនងបារម្ភពីទម្រង់លេងដ៏ល្អរបស់ Spurs
23, Sep 2023 , 3:20 pm        
រូបភាព
Heung-Min Son ជឿជាក់ថាក្រុម Arsenal គួរតែមានភាពភ័យខ្លាចចំពោះទម្រង់លេងដ៏ល្អរបស់ក្រុម Tottenham Hotspur ក្នុងការប្រកួតជំនួប London Derby ក្នុងក្របខណ្ឌ Premier League សប្តាហ៍ទី៦ យប់ថ្ងៃទី២៤ ខែកញ្ញា។



Spurs ចាប់ផ្តើមរដូវកាលថ្មីបានយ៉ាងល្អ ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Ange Postecoglou ក្រោយឆ្លងកាត់ ៥ប្រកួតកន្លងមកឈ្នះ ៤លើក និងស្មើ ១លើក ហើយឡើងឈរចំណាត់ថ្នាក់លេខ ២ នៃក្របខណ្ឌ Premier League។ ការឈ្នះចុងក្រោយរបស់ពួកគេលើក្រុម Sheffield United លទ្ធផល ២-១។
 
ប្រធានក្រុមអន្តរជាតិកូរ៉េខាងត្បូង​វ័យ ៣១ឆ្នាំ កំពុងតែមានទម្រង់លេងល្អឡើងវិញ ក្រោយរកបានគ្រាប់បាល់ចំនួន ៣គ្រាប់ (Hat-Trick) ក្នុងការប្រកួតឈ្នះ ៥-២ លើក្រុម Burnley នៃការប្រកួតដើមខែកញ្ញាកន្លងមកនេះ។
 
ខណៈពេលដែលចាប់ផ្តើមការប្រកួតបានយ៉ាងល្អកន្លងរួចមក មុនជំនួបបន្ទាប់ដែលជាការប្រកួតដ៏សំខាន់ជួប Arsenal ខ្សែប្រយុទ្ធ Son ថាជាការប្រកួតដ៏លំបាក តែក្រុមកាំភ្លើងធំក៏គួរតែញញើតនៅទម្រង់លេងដ៏ល្អរបស់ Spurs ដូចគ្នាដែរ។
 
«រាល់ការប្រកួតក្នុងក្របខណ្ឌ Premier League សុទ្ធសឹងតែលំបាក វាមិនងាយស្រួលឡើយ យើងអាចដឹងថា Arsenal ខ្លាំងបែបណាកាលរដូវកាលមុន។ ខ្ញុំមិនដឹងឡើយថានឹងមានន័យយ៉ាងណាសម្រាប់ក្លិបយើង សម្រាប់អ្នកគាំទ្រ នឹងកីឡាកររបស់យើង យើងគួរដឹងថាការប្រកួតនេះនឹងទៅជាបែបណា។ វានឹងក្លាយទៅជាការប្រកួតដ៏លំបាក តែពួកគេក៏មិនចង់ជួបក្រុមយើងនៅពេលនេះដូចគ្នា។»។ ប្រធានក្រុម Son បានលើកឡើងបែបនេះមុនការប្រកួតមកដល់។
 
មុនការប្រកួត Derby មកដល់ក្រុម Arsenal ទើបតែឆ្លងកាត់ការប្រកួតយ៉ាងជោគជ័យរបស់ពួកគេដោយយកឈ្នះលទ្ធផល ៤-០ លើក្រុម PSV Eindhoven នៅថ្ងៃបើកឆាកក្របខណ្ឌ UEFA Champions league របស់ពួកគេ។ ចំណែក Spurs គ្មានភារកិច្ចប្រជែងនៅពានរង្វាន់ ខណៈមានពេលវេលាគ្រប់គ្រាន់សម្រាប់ហ្វឹកហាត់ត្រៀមការប្រកួត។
 
Spurs នឹងត្រូវធ្វើដំណើរទៅកាន់ទឹកដីកីឡដ្ឋាន Emirate នៅថ្ងៃទី២៤ ខែកញ្ញា សម្រាប់ការប្រកួតជំនួប London Derby នៅវេលាម៉ោង ៨យប់ (ម៉ោងនៅកម្ពុជា)។ បច្ចុប្បន្នក្រុមទាំងមាន ១៣ពិន្ទុដូចគ្នា ស្ថិតនៅលើកំពូលតារាង Premier League ដោយមានស្ថិតិនៃការឈ្នះដូចគ្នា៕

Tag:
 (Heung-Min Son
  Tottenham Hotspur)
© រក្សាសិទ្ធិដោយ thmeythmey.com