កីឡាជាតិ
ជាតិ
អត្តពលិកកម្ពុជា ១១៤នាក់ ចូលរួមប្រកួតកីឡាអាស៊ីលើកទី១៩ នៅប្រទេសចិន
23, Sep 2023 , 6:00 pm        
រូបភាព
ប្រតិភូកីឡាកម្ពុជា ថតរូបជុំគ្នានៅភូមិកីឡា ស្ថិតក្នុងទីក្រុង Hangzhou ប្រទេសចិន នៃទីកន្លែងប្រកួតកីឡាអាស៊ីលើកទី១៩ ។ រូបថត៖ NOCC
ប្រតិភូកីឡាកម្ពុជា ថតរូបជុំគ្នានៅភូមិកីឡា ស្ថិតក្នុងទីក្រុង Hangzhou ប្រទេសចិន នៃទីកន្លែងប្រកួតកីឡាអាស៊ីលើកទី១៩ ។ រូបថត៖ NOCC
អត្ដពលិកកម្ពុជាចំនួន១១៤នាក់ ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៩ (Asian Games 2022) នៅទីក្រុង Hangzhou ប្រទេសចិន ដែលនឹងបើកសម្ពោធជាផ្លូវការ នារាត្រីថ្ងៃទី២៣កញ្ញានេះ។ បើតាមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) អត្តពលិកទាំងនេះ នឹងត្រូវប្រកួតលើកីឡាចំនួន១៧ប្រភេទ។​

 
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានរៀបរាប់យ៉ាងលម្អិតនៅទំព័រហ្វេសប៊ុករបស់ខ្លួនថា អត្ដពលិកទាំង១១៤នាក់ដែលនឹងប្រកួតដណ្តើមយកមេដាយពី Asian Games 2022 នៅប្រទេសចិននោះ គឺមានអត្ដពលិក៤នាក់ប្រកួតលើកីឡាហែលទឹក, អត្ដពលិក២នាក់ ប្រកួតលើកីឡាវាយសី,  អត្ដពលិក៤នាក់លើកីឡាបាល់បោះ, ១៥នាក់លើគ្រីកឃីត, ១៤នាក់លើកីឡាទូកនាគ។
 
អត្តពលិក២នាក់ ប្រកួតលើគុនដាវ, ២នាក់ប្រកួតលើកីឡាយូដូ, ២នាក់ប្រកួតលើជឺជិតស៊ូ, ១០នាក់ប្រកួតលើការ៉ាតេ, ២នាក់លើអុកចិន, ៣នាក់លើទូកក្ដោង, ៦នាក់លើតេក្វាន់ដូ WT, ១០នាក់លើសូហ្វតិន្នីស, ២នាក់លើទ្រីយ៉ាត្លុង, ១២នាក់លើបាល់ទះក្នុងសាល (បុរស) អត្ដពលិក១៤ទៀត គឺប្រកួតលើប្រភេទកីឡាចំបាប់។​
 
កីឡាអាស៊ីលើកទី១៩ ដែលមានប្រទេសចូលរួម៤៥ នឹងចាប់ផ្តើមប្រកួតផ្លូវការពីថ្ងៃទី២៣ ខែកញ្ញាតទៅ ដោយ មាន៤០ប្រភេទកីឡា ក្នុងនោះមាន៤៨១វិញ្ញាសា ដើម្បីប្រកួតប្រជែងគ្នាក្នុងទីក្រុងហាងចូល ប្រទេសចិន។ សម្រាប់កម្ពុជាក្រៅពីមានប្រតិភូកីឡាហើយនោះ ក៏មានវត្តមាន ព្រះ​ករុណាព្រះបាទ​សម្ដេចព្រះបរមនាថ នរោត្ដមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមពិធីបើកព្រឹត្តិការណ៍នេះ ផងដែរ៕ 
 

Tag:
 Asian Games
© រក្សាសិទ្ធិដោយ thmeythmey.com