ជាតិ
ក្រសួងបរិស្ថាន អនុវត្តយុទ្ធនាការកាត់បន្ថយថង់ប្លាស្ទិកតាមសាលារៀន
× រាជធានីភ្នំពេញ៖ ក្រសួងបរិស្ថាន កំពុងអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកតាមសាលារៀនរដ្ឋ ទូទាំងប្រទេស។ ជាមួយគ្នានេះ ក្រសួងក៏មានផែនការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកតាមក្រុមហ៊ុនឯកជនផងដែរ។
ក្នុងជំនួបជាមួយ លោក Jacques Pellet ឯកអគ្គរដ្ឋទូត នៃសាធារណៈរដ្ឋបារាំង លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ក្រសួងកំពុងផ្តោតលើការប្រយុទ្ធប្រឆាំងសំណល់រឹង ជាអាទិភាពទីមួយ ហើយបញ្ហាថង់ប្លាស្ទិកត្រូវតែដោះស្រាយ។ ក្រសួងបរិស្ថាន បានដាក់ចេញនូវយុទ្ធនាកាកាត់បន្ថយ រហូតឆ្ពោះទៅបញ្ឈប់ការប្រើប្រាស់ថង់ប្លាស្ទិករបស់សិស្សានុសិស្សនៅតាមសាលារៀន ដែលកំពុងចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការនេះ ហើយនឹងបន្តទៅម្ចាស់អាជីកម្ម ឬក្រុមហ៊ុនឯកជន ។
បើតាមក្រសួងបរិស្ថាន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាង ៤០ម៉ឺននាក់ បានចូលរួមអនុវត្តយុទ្ធនាការនេះ។ រដ្ឋមន្រ្តីក្រសួងបរិស្ថាន យល់ថា ការអប់រំ និងលើកទឹកចិត្តឱ្យមានការចូលរួមនៅក្នុងយុទ្ធនាការនេះ នឹងក្លាយទៅជាទម្លាប់ល្អក្នុងសង្គម។ ជាមួយគ្នានេះ ក្រសួង នឹងបង្កើតធុងសំរាមអេកូបេតុងសម្រាប់ការប្រើប្រាស់បានយូរ។
ជាមួយគ្នានេះ លោក Jacques Pellet បង្ហាញគម្រោងរបស់បារាំង ដើម្បីសាងសង់រោងចក្រកែច្នៃសំរាមឡើង វិញនៅរាជធានីភ្នំពេញ៕
Tag:
(ក្រសួងបរិស្ថាន
អ៊ាង សុផល្លែត
ប្លាស្ទិក)
© រក្សាសិទ្ធិដោយ thmeythmey.com