កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករ ៥រូប ដែលទំនងអាចឈ្នះពានរង្វាន់កីឡាករល្អប្រចាំឆ្នាំ ២០២៣-២៤ របស់ UCL
24, Sep 2023 , 8:00 am        
រូបភាព
ពានរង្វាន់ឯកត្តជន UEFA Champions League Player of the Season គឺជាពានរង្វាន់ដ៏មានតម្លៃមួយ ដែលត្រៀមផ្តល់ទៅកាន់កីឡាករមានសមត្ថភាពខ្លាំង និងទម្រង់លេងល្អបំផុត នៅក្នុងការប្រកួតប្រជែងពានរង្វាន់ក្លិបកំពូលតំបន់អឺរ៉ុប។


 
ការផ្តល់ពានរង្វាន់មួយនេះ ទៅកាន់កីឡាកររូបណាម្នាក់ គឺពឹងផ្អែកទៅលើសមត្ថភាពបច្ចេកទេសដ៏ខ្លាំងពូកែរបស់កីឡាករម្នាក់នោះ បូករួមទម្រង់លេងមានកម្រិតខ្ពស់ជាងគេបង្អស់ រាល់ការប្រកួត ដែលរូបគេបាននាំជ័យជម្នះដល់ក្រុម។ ពានរង្វាន់នេះក៏អបអរទៅកាន់ភាពអស្ចារ្យនៃបាល់ទាត់ក្នុងតំបន់អឺរ៉ុប ដែលកីឡាករបានឈ្នះពានដ៏ពិសេសមួយនេះ សុទ្ធសឹងតែជាកីឡាករខ្លាំងពូកែ និងអស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ទ្វីបអឺរ៉ុប។ 
 
ពានរង្វាន់ UEFA Champions League Player of the Season តំណាងឱ្យភាពឆ្លាតវៃនៃបុគ្គលក្នុងការលេងជាក្រុម និងជាសក្ខីភាពដល់ទេពកោសល្យលំដាប់ថ្នាក់ពិភពលោក ដែលកីឡាករបានចូលរួមក្នុងការប្រកួតប្រជែង ជារៀងរាល់ឆ្នាំ។

ខាងក្រោមនេះជាកីឡាករកំពូល ៥រូប ដែលទំនងនឹងអាចឈ្នះពានកីឡាករល្អប្រចាំរដូវកាលរបស់ UCL ៖

៥. Kylian Mbappe ក្លិប Paris Saint Germain
 
ខ្សែប្រយុទ្ធសញ្ជាតិបារាំងនៅតែជាគោលដៅមួយដ៏គួរឱ្យចាប់អារម្មណ៍ស្ថិតក្នុងការប្រជែងពានរង្វាន់ UCL ដោយសារតែបច្ចេកទេសនៃការលេង ល្បឿន ការគ្រប់គ្រងបាល់ ការបញ្ចប់ទីបានយ៉ាងល្អ ដែលអំណោយផលខ្លាំងដល់ក្រុម PSG ដែលកំពុងតែមានទម្រង់លេងមួយដ៏រហ័សរហួន នឹងការគ្រប់គ្រងការប្រកួតទាំងមូល។
 
Mbappe ជាកីឡាករនាំជ័យជម្នះដល់ក្រុម PSG  ខណៈដែលជើងខ្លាំងលីគកំពូលបារាំងមួយនេះ កំពុងស្ថិតក្នុងពូលដ៏លំបាកដោយមានក្រុមខ្លាំងៗដូចជា Borussia Dortmund, AC Milan
និង Newcastle United។
  


៤. Harry Kane ក្លិប Bayern Munich
 
ក្រោយចាកចេញពី Spurs នៅរដូវកាលថ្មីនេះ Harry Kane បានរកឃើញភាពខ្លាំងរបស់គេសារជាថ្មីស្ថិតក្នុងក្រុមយក្សរបស់អាល្លឺម៉ង់។ ផ្ទេរក្នុងតម្លៃ ១០០លានអឺរ៉ូ (១០៣លានដុល្លារ) ខ្សែប្រយុទ្ធវ័យ ៣១ឆ្នាំ កំពុងតែក្លាយជាអាវុធដ៏មុតស្រួចសម្រាប់ក្រុម Bayern Munich ដោយគេតែងស៊ុតគ្រាប់បាល់បំប៉ោងសំណាញ់ទីជាបន្តបន្ទាប់សម្រាប់ក្រុមមួយ ។ ជាពិសេសកាលពីពេលថ្មីនេះ ១គ្រាប់ ក្នុងជ័យជម្នះ ៤-៣ លើក្រុម Manchester United។
 


៣. Vinicius Jr ក្លិប Real Madrid
 
បើទោះជាមានគុណសម្បត្តិសម្រាប់ក្រុម Real Madrid ដើម្បីគ្រងពានរង្វាន់ Champions League រដូវកាល ២០២១-២២ ដោយយកឈ្នះលើ Liverpool តែខ្សែប្រយុទ្ធពូកែញ៉ាក់បាល់មួយនេះ ត្រូវការស្វែងរកភាពខ្លាំងរបស់គេសារជាថ្មីនៅរដូវកាលថ្មីនេះ។ បច្ចុប្បន្នរូបគេក៏មិនសូវបានបង្ហាញខ្លួនច្រើន ប៉ុន្មានសម្រាប់ក្រុម ។ ប៉ុន្តែ Real Madrid នៅតែចាត់ទុករូបគេជាអាវុធសំខាន់មួយសម្រាប់ឈ្នះការប្រកួតនានា ក្រោយពេលគេជាពីរបួសឡើងវិញ។
  


២. Jude Bellingham ក្លិប Real Madrid
 
ខ្សែបម្រើមួយរូបកំពុងតែធ្វើឱ្យកក្រើកខ្លាំងនៅក្នុងក្រុម Real Madrid នឹងតែងជួយសង្គ្រោះក្រុមដោយការយកឈ្នះគូប្រកួតជាបន្តបន្ទាប់។ ផ្ទេរមកកាន់ក្រុមយក្សរបស់អេស្ប៉ាញ រូបគេបានជួយក្រុមបន្តជោគជ័យសម្រាប់តំណែងកំពូលតារាង ដោយការប្រកួត ៥លើកឈ្នះទាំងអស់ ហើយរូបគេក៏រួមចំណែករកបានគ្រាប់បាល់ គ្រប់ការប្រកួតទាំងនោះផងដែរ។ Bellingham ត្រូវបានគេរំពឹងថានឹងជួយ Real Madrid ស្វែងរកផ្លូវដ៏ត្រឹមត្រូវមួយ ដើម្បីប្រជែងពានរង្វាន់ UCL សារជាថ្មី។



១.Erling Haaland ក្លិប Manchester City
 
ចាប់តាំងពីធ្វើបានល្អខ្លាំងនៅក្រុម RB Salzburg និងក្រុម Borussia Dortmund ខ្សែប្រយុទ្ធវ័យ ២២ឆ្នាំ ធ្វើបានល្អខ្លាំងឡើងបន្ថែមទៀតនៅក្រុមថ្មី Manchester City ជើងឯកលីគកំពូលអង់គ្លេស។ រដូវកាលដំបូងគេបានជួយក្រុមដឹកនាំដោយលោក Pep Guardiola ឈ្នះពានរង្វាន់ ៣ក្នុងមួយរដូវកាល រួមមាន Premier League, FA Cup និង Champions League។ 
 
កីឡាករសញ្ជាតិន័រវែសក៏បានឈ្នះពានរង្វាន់កីឡាករល្អប្រចាំឆ្នាំរបស់ UEFA នាពេលកន្លងមក ព្រមទាំងពានរង្វាន់ PFA Player of year នៃក្របខណ្ឌ Premier League ថែមទៀតផង ដោយទទួលភាពជោគជ័យក្រោមការដឹកនាំក្រុមរបស់លោក Guardiola៕



Tag:
 (UEFA
  Top 5)
© រក្សាសិទ្ធិដោយ thmeythmey.com