ជាតិ
មិត្តភក្តិបង្ហាញការសោកស្ដាយចំពោះការស្លាប់អ្នកស្រាវជ្រាវលោក Damian Evans
24, Sep 2023 , 9:00 am        
រូបភាព
ពិធីបុណ្យ៧ថ្ងៃរបស់លោក Damian Evans នៅវត្តព្រះឥន្ទកោសីយ នាថ្ងៃទី១៩ កញ្ញា ឆ្នាំ២០២៣
ពិធីបុណ្យ៧ថ្ងៃរបស់លោក Damian Evans នៅវត្តព្រះឥន្ទកោសីយ នាថ្ងៃទី១៩ កញ្ញា ឆ្នាំ២០២៣
សៀមរាប៖ អ្នកស្រាវជ្រាវជនជាតិអូស្រ្ដាលី-កាណាដា លោក Damian Evans ដែលជាបុរាណវិទូ និងអ្នកដែលបង្កើតការស្រាវជ្រាវលើអាកាស LiDAR ដំបូងគេនៅកម្ពុជា បានទទួលមរណភាព​នៅថ្ងៃទី១២ កញ្ញា ឆ្នាំ២០២៣ នៅប្រទេសបារាំង ទីដែលលោកកំពុង​បំពេញការងារ។ អ្នកស្រាវជ្រាវរូបនេះស្លាប់នៅអាយុ៤៨ឆ្នាំ ដោយសារជំងឺមហារីក។

 
 
វិជ្ជាស្ថានបារាំងចុងបូព៌ានៅខេត្តសៀមរាប (EFEO)​បានរៀបចំពិធីបុណ្យសពគម្រប់៧​ថ្ងៃជូនលោក Damian នៅថ្ងៃទី១៩ កញ្ញា ឧទ្ទិសដល់វិញ្ញាក្ខន្ធ ក៏ដូចជាបង្ហាញការសោកស្ដាយចំពោះ​ការបាត់បង់ធនធានអ្នកស្រាវជ្រាវដ៏ឆ្នើមមួយរូបនៅកម្ពុជា។ ពិធីបុណ្យដែលរៀបចំនៅវត្តព្រះឥន្ទកោសីយ មានការចូលរួមពី មិត្តភក្ដិ ក្រុមការងារ និងអ្នកធ្លាប់ស្គាល់លោកទាំងបរទេស និងខ្មែរ។ 
 


ជាក្រុមការងារ និងមិត្តភក្ដិមួយរូប អ្នកស្រី សូ ម៉ាល័យ  បានរំឭកថា លោក Damain ជាបុរាណវិទូ ដែលមកស្រាវជ្រាវនៅប្រទេសកម្ពុជានៅមុនឆ្នាំ២០០០ ហើយការងារដែលលេចធ្លោជាងគេរបស់លោក គឺការស្រាវជ្រាវបុរាណដ្ឋានដោយប្រើប្រព័ន្ធ LiDAR។ បណ្ឌិតបុរាណវិទ្យារូបនេះធ្វើការក្នុងគម្រោង ស៊ីដនី ដោយប្រើបច្ចេកវិទ្យា LiDAR ចំនួន២លើក ស្រាវជ្រាវរុករកបុរាណដ្ឋាននៅតំបន់អង្គរ ភ្នំគូលែន កោះកេរ ក្បាលស្ពាន និងតំបន់ដទៃទៀត ដែលលើកទី១ធ្វើនៅក្នុងឆ្នាំ២០១២ និងទី២ ក្នុងឆ្នាំ២០១៥។ 
 
អ្នកស្រី សូ​ ម៉ាល័យ បន្ថែមថា៖« នេះជាគម្រោងស្រាវជ្រាវប្រើប្រាស់បច្ចេកវិទ្យាថ្មី ធ្វើឱ្យការស្រាវជ្រាវមានការទទួលស្គាល់ច្រើន បន្ថែមពីការស្រាវជ្រាវដែលគេបានរកឃើញពីមុន និងបានរកឃើញអ្វីថ្មីៗជាច្រើន»។
 
ជាមួយនឹងការងារស្រាវជ្រាវនេះដែរ អ្នកស្រី សូ ម៉ាល័យ បានរំឭកពីការងារល្អៗដែលអ្នកស្រីធ្លាប់ធ្វើ​ជាមួយលោក Damain។ អ្នកស្រី ម៉ាល័យ បានស្គាល់អ្នកស្រាវជ្រាវរូបនេះនៅកំឡុងឆ្នាំ ២០០៧ ដោយបានចូលរួមសហការលើការងារមួយចំនួន ទាំងនៅតំបន់អង្គរ កោះកេរ និងនៅតាមបណ្ដា​ខេត្តជាច្រើនទៀត។ ដូច្នេះការបាត់បង់លោក Damain ធ្វើឱ្យអ្នកស្រីមានការសោកស្ដាយ ពិសេសជាការបាត់បង់ធនធានអ្នកស្រាវជ្រាវឈ្លាសវៃមួយរូបនៅកម្ពុជា។ 
 
តាមការបញ្ជាក់ពីអ្នកស្រី ម៉ាល័យ នៅក្នុងឆ្នាំ២០១៥ លោក Damain បានចូលរួមការងារជាមួយ វិជ្ជាស្ថានបារាំងចុងបូព៌ា ដោយធ្វើនៅស្នាក់ការប្រចាំខេត្តសៀមរាបផង និងទីក្រុងបារីសប្រទេសបារាំងផង។ 
 
ចំណែកមិត្តភក្ដិមួយរូបទៀត គឺលោក សាឃឿន សក្កា ក៏មានការសោកស្ដាយចំពោះការស្លាប់របស់លោក Damain ផងដែរ។ សម្រាប់លោក សក្កា អ្នកស្រាវជ្រាវវ័យ៤៨ឆ្នាំរូបនេះ មានសណ្ដានចិត្តល្អ ចេះជួយទុក្ខធុរៈមិត្តភក្ដិ និងចូលចិត្តការចែករំលែកទិន្នន័យស្រាវជ្រាវផ្សេងៗទៅអ្នកស្រាវជ្រាវក្រោយៗ។ 
 
លោក សក្កា បន្តថា៖« សម្រាប់ការស្រាវជ្រាវ គាត់ជាមនុស្សម្នាក់មានការតាំងចិត្តខ្ពស់លើការស្រាវជ្រាវ និងមានការចែករំលែកទិន្នន័យឯកសារល្អសម្រាប់អ្នកស្រាវជ្រាវផ្សេងៗ ក៏ដូចជាជួយបណ្ដុះបណ្ដាល បង្រៀន ចែករំលែកច្រើន»។ 
 
ចំពោះការងារលេចធ្លោរបស់អ្នកស្រាវជ្រាវជនជាតិអូស្រ្ដាលី-កាដាណា លោក Damain គឺការស្រាវជ្រាវតាមតាមប្រព័ន្ធ LiDAR។ លោកគឺជាស្ថាបនិក LiDAR ដំបូងគេនៅកម្ពុជា ដោយបានរៀបចំថតនៅតំបន់អង្គរ ភ្នំគូលែនជាដើម ដែលពេលនោះការរកឃើញរបស់លោកធ្វើឱ្យផ្ទុះ​ការចាប់អារម្មណ៍ច្រើន ពិសេសការរកឃើញរចនាសម្ព័ន្ធក្រុងបុរាណនៅភ្នំគូលែនជាដើម។ 
លោក សក្កា បញ្ជាក់ថា សូម្បីទិន្ន័យស្រាវជ្រាវនៅតំបន់អង្គរ ភ្នំគូលែន កោះកេរ បន្ទាយឆ្មារ និងសំបូរព្រៃគុក ក៏គេនិយាយយោងទិន្នន័យថតតាមប្រព័ន្ធ LiDAR របស់លោក Damain ផងដែរ។
 
លើសពីនេះ លោក សក្កា យល់ថា សូម្បីការដាក់បញ្ចូលប្រាសាទកោះករចូលបញ្ជីបេតិកភណ្ឌរបស់អង្គការ​យូណេស្កូ ក៏មានយោងលើទិន្នន័យមួយផ្នែកពីប្រព័ន្ធ LiDAR របស់លោក Damain ផងដែរ។
 
 ចំណែកលោក JB Chevance ប្រធានអង្គការមូលនិធិបុរាណវិទ្យា និងអភិវឌ្ឍន៍ ហៅកាត់ថា ADF ចាត់ទុកលោក Damain ថាជាអ្នកស្រាវជ្រាវដ៏ប៉ិនប្រសព្វលើការងារសិក្សាស្រាវជ្រាវតំបន់អង្គរ។ លោកគឺជាអ្នកដែលកាន់ការងារក្នុងគម្រោងធំៗដែលសហការជាមួយអង្គការដៃគូជាច្រើន ក៏ដូចជាអាជ្ញាធរជាតិអប្សរា។ 
 
លោក JB ក៏មានអនុវស្សារីយ៍ច្រើនជាមួយលោក Damain ដូចជាចូលព្រៃដោយថ្មើរជើងរុករក បុរាណដ្ឋានមុនមានប្រព័ន្ធ LiDAR ដូចជានៅតំបន់ក្បាលស្ពាន ភ្នំគូលែនជាដើម។ 
 
ប្រធានអង្គការ ADF ចាត់ទុកការស្លាប់របស់លោក Damain ជាការបាត់បង់ធនធានអ្នកស្រាវជ្រាវ ប៉ុន្តែលោកនឹងស្ថិតក្នុងការចងចាំពីមហាជន មិត្តភក្ដិ ក៏ដូចជាក្រុមការងាររបស់លោកជារៀងរហូត៕

Tag:
 ពាក្យគន្លឹះ៖ Damian Evans
© រក្សាសិទ្ធិដោយ thmeythmey.com