ជាតិ
តើគេព្យាបាលជំងឺថ្មប្រាសាទ យ៉ាងដូចម្ដេច?
24, Sep 2023 , 4:40 pm        
រូបភាព
សៀមរាប៖ មិនខុសពីមនុស្ស ថ្មប្រាសាទ ក៏មានជំងឺច្រើនប្រភេទផងដែរ។ ឆ្លងកាត់ពេលវេលាចាប់ពីចុងសតវត្សរ៍ទី៩ មក ប្រាសាទខ្លះ មានអាយុកាលជាង១ពាន់ឆ្នាំនៅក្នុងរមណីយដ្ឋានអង្គរ។ វ័យកាន់តែចាស់ ថ្មប្រាសាទ កាន់តែជរា ដែលទាមទារការថែរក្សា និងព្យាបាលជំងឺ។

 
 
លោក រីក រ៉េត ជាគ្រូបណ្ដុះបណ្ដាលជំនាញអភិរក្សថ្ម នៃអាជ្ញាធរជាតិអប្សរា ដែលបានបំពេញការងារជាអ្នកអភិរក្សថ្មអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ លោក រីក រ៉េត កំពុងបណ្ដុះបណ្ដាលសិស្សជំនាញអភិរក្ស​ថ្ម ចំនួន២០នាក់ ដែលមានសិស្សស្រី ៦នាក់។ បើតាមគ្រូបណ្ដុះបណ្ដាលរូបនេះ ជំនាញអភិរក្សថ្ម ទើបបណ្ដុះបណ្ដាលសិស្សបាន២ជំនាន់តែប៉ុណ្ណោះ។ 
 
ចំណេះ និងជំនាញមួយនៅក្នុងការងារអភិរក្សថ្ម គឺសិស្ស ត្រូវសិក្សាពីការព្យាបាលជំងឺថ្មប្រាសាទ។ ប្រាសាទនៅក្នុងរមណីយដ្ឋានអង្គរ បានឆ្លងកាត់ការប្រែប្រួលអាកាសធាតុ ភ្លៀងធ្លាក់ និងកម្ដៅ អស់រយៈពេលប្រមាណ១ពាន់ឆ្នាំ។ ថ្មនៃប្រាសាទទាំងនោះ សុទ្ធតែមានបញ្ហាផ្សេងៗ ដែលត្រូវការព្យាបាល តាមបែបវិទ្យាសាស្រ្ត។ 
 
«តាមរយៈបទពិសោធរបស់ខ្ញុំផ្ទាល់ ខ្ញុំបានជួបជំងឺសើរស្បែករបស់ថ្មច្រើន។ វា ជាបញ្ហាសំខាន់បំផុត ព្រោះថ្ម មានបញ្ហាសុខភាពដូចមនុស្សយើងដែរ។ វា មានជំងឺច្រើនមុខ ដែលត្រូវព្យាបាល។» នេះជាការបញ្ជាក់របស់លោក រីក រ៉េត។ 
 
បើតាមអ្នកជំនាញរូបនេះ បញ្ហាអាកាសធាតុ និងភាពចាស់ នៃថ្ម បណ្ដាលឱ្យកើតជំងឺសើរស្បែកជាច្រើន។ ជំងឺសើរស្បែកនេះ នឹងធ្វើឱ្យថ្មប្រាសាទពុកផុយផ្នែកខាងក្រៅបន្តិចម្ដងៗ។ អ្នកជំនាញ ត្រូវព្យាបាលថ្ម ដោយប្រើប្រាស់ថ្នាំបែបវិទ្យាសាស្រ្ត។ 
 
ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនា បទសម្ភាសរវាង លោក សែម វណ្ណា និងលោក រីក រ៉េត ដូចខាងក្រោម៖

 

Tag:
 (ព្យាបាលថ្ម
  អភិរក្សថ្ម
  រមណីយដ្ឋានអង្គរ)
© រក្សាសិទ្ធិដោយ thmeythmey.com