ជាតិ
សម្ដច ហ៊ុន ម៉ាណែត៖ រដ្ឋ បានត្រៀមថវិកា ១០០លានដុល្លារ ដើម្បីអន្តរាគមន៍តម្លៃកសិផល
24, Sep 2023 , 7:00 pm        
រូបភាព
សម្ដច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា រដ្ឋាភិបាល​ បានត្រៀមថវិកា ១០០លានដុល្លារអាម៉េរិក ដើម្បីអន្តរាគមន៍តម្លៃកសិផល ករណីជួបបញ្ហាទីផ្សារ។ ប្រសិនបើថវិកានេះ មិនអាចទប់ទល់បាន រដ្ឋាភិបាល នឹងបន្ថែមថវិកាជាតិមួយកម្រិតទៀតតាមជាក់ស្ដែង ដើម្បីធានាតម្លៃកសិផលរបស់កសិករ។

 
 
ក្នុងឱកាសជួបសំណេះសំណាលជាមួយពលរដ្ឋខ្មែរដែលនៅសហរដ្ឋអាម៉េរិក និងកាណាដា ក្រោយមហាសន្និបាតលើកទី៧៨របស់អង្គការសហប្រជាជាតិ សម្ដេច ហ៊ុន ម៉ាណែត បានបញ្ជាក់ដូច្នេះ៖ «យើងបានត្រៀមកញ្ចប់ ១០០លានដុល្លារ និងអាចបន្ថែម ប្រសិនបើមានតម្រូវការ ដើម្បីអន្តរាគមន៍ឱ្យទាន់ពេលវេលា ក្នុងការធានានូវតម្លៃកសិកផល ក្នុងកម្រិតណាមួយដែលយើងអាចធ្វើទៅបាន»។
 
កសិកម្ម ជាគោលនយោបាយដ៏ធំមួយរបស់រាជរដ្ឋាភិបាលថ្មី។ រដ្ឋាភិបាលកម្ពុជា នឹងជ្រើសរើសមន្រ្តីកសិកម្មជំនាញចំនួន ២៥០នាក់ ដើម្បីនៅផ្ទាល់ជាមួយកសិករនៅតាមឃុំ សង្កាត់។ មន្ត្រីជំនាញកសិកម្មទាំងនោះ នឹងជួយកសិករដែលមានបញ្ហាផ្នែកបច្ចេកទេស លើការដាំដុះ និងចិញ្ចឹមសត្វផងដែរ។
 
«យើង ត្រូវរើសមន្រ្តីកសិកម្ម ២៥០នាក់នៅឆ្នាំនេះ។ ឆ្នាំ២០២៤ យើងនឹងរើសបន្ថែមទៀត ដើម្បីនៅជាមួយប្រជាពលរដ្ឋនៅក្នុងឃុំហ្នឹងតែម្ដង ក្នុងការជួយកសិករនូវបច្ចេកទេសដាំដុះ និងចិញ្ចឹមសត្វ។ នេះជាការសំខាន់។» សម្ដេច ហ៊ុន ម៉ាណែត ថ្លែងដូច្នេះ។ 
 
សម្ដេច ហ៊ុន ម៉ាណែត បានបន្ថែមថា កន្លងទៅ រដ្ឋ តែងតែអន្តរាគមន៍លើវិស័យកសិកម្មជានិច្ច ដើម្បីបង្ហោះស្រាយបញ្ហាជូនកសិករ។ បញ្ហាទីផ្សារកសិកម្ម តែងតែកើតឡើង ដែលតម្រូវឱ្យរដ្ឋាភិបាល គិតគូរជានិច្ច ហើយនឹងប្រឹងប្រែងរកទីផ្សារកសិផលបន្ថែម៕ 

Tag:
 (សម្ដេច ហ៊ុន ម៉ាណែត
  កសិកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com