ប្លែកៗ
អន្តរជាតិ
ស្ត្រីអាម៉េរិកម្នាក់ច្រឡំលេប AirPods ដោយគិតថាជាថ្នាំវីតាមីន 
×![]()
រឿងប្លែកមួយបានកើតឡើងចំពោះស្ត្រីអាម៉េរិកអាយុ៥២ឆ្នាំម្នាក់ កាលពីពេលថ្មីៗកន្លងមកនេះ ដោយគាត់បានលេបកាស AirPod មួយចំហៀង ដោយច្រឡំថា ថ្នាំវីតាមីនដែលខ្លួនលេបជាប្រចាំ។ បើតាមការផ្សាយរបស់ Insider ស្ត្រីរូបនេះ បានរៀបរាប់ពីការធ្វេសប្រហែសរបស់ខ្លួននៅលើបណ្តាញសង្គម។
តាមការរៀបរាប់ ស្ត្រីនោះ បានជួបមិត្តភក្តិម្នាក់ ហើយខ្លួនបានដកកាសមួយចំហៀងចេញដើម្បីសន្ទនាគ្នា។ បន្ទាប់មក គាត់បានលេបកាសនោះចូលទៅក្នុងមាត់ ដោយច្រឡំថា ជាថ្នាំវីតាមីនដែលខ្លួនលេបជាប្រចាំ។ «ខ្ញុំបានដាក់វាចូលទៅក្នុងមាត់ និងផឹកទឹកបន្តិច ហើយពេលនោះខ្ញុំមានអារម្មណ៍ថាពិបាកលេប ដោយព្យាយាមបើកបំពង់កឲ្យធំដើម្បីលេបចូល»។
ពីរបីនាទីក្រោយមក ស្ត្រីនោះងឿងឆ្ងល់ខ្លួនឯង ដោយថ្នាំវីតាមីននៅក្នុងដៃនៅឡើយ ខណៈ AirPod មួយចំហៀងទៀត បានបាត់។ គាត់បញ្ជាក់ក្នុងវីដេអូថា៖ «ពិតជាឆ្កួតមែនទែន ប៉ុន្តែខ្ញុំបានជ្រុលលេបខុសទៅហើយ»។
ក្រោយមក គាត់បានទៅសុំយោបល់ពីមិតភក្តិដើម្បីលេបថ្នាំបញ្ចុះ ប៉ុន្តែទទួលបានការណែនាំឲ្យវាចេញតាមបែបធម្មជាតិ។ ដើម្បីឲ្យជាក់ច្បាស់គាត់ក៏បានប្រើកម្មវិធី Find My ដើម្បីស្វែងរក AirPod ផងដែរ។ តើក្រោយឆ្លងកាត់ដំណើរក្នុងពោះរួច AirPod ដំណើរការធម្មតា ឬយ៉ាងណា ? ស្ត្រីនោះឆ្លើយថា មិនដើរដូចដើមឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com