ជាតិ
សេដ្ឋកិច្ច
ធនាគារជាតិ ត្រៀមបញ្ចេញលុយ ៣០លានដុល្លារទៀត ដើម្បីទប់លុយរៀល កុំឱ្យធា្លក់ថ្លៃ
24, Sep 2023 , 8:20 pm        
រូបភាព
លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា។ រូបថត៖ NBC
លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា។ រូបថត៖ NBC
ធនាគារជាតិនៃកម្ពុជា ត្រៀមបញ្ចេញលុយ ៣០លានដុល្លារទៀត ដើម្បីរក្សាតម្លៃប្រាក់រៀល តាមរយៈការដាក់ដេញថ្លៃជាមួយគ្រឹះស្ថានធនាគារ មីក្រូហិរញ្ញវត្ថុ  និងអាជីករប្តូរប្រាក់នៅកម្ពុជាទាំងអស់។ លុយ៣០លានដុល្លារនេះ នឹងត្រូវដាក់ដេញថ្លៃជាដំណាក់កាល។ ពោល គឺថ្ងៃទី២៧កញ្ញា ធនាគារជាតិ​ នឹងបញ្ចេញ១៥លានដុល្លារ រីឯ១៥លានទៀត ត្រូវបញ្ចេញ នៅថ្ងៃទី២៩កញ្ញា។​ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិ។

 
 
ការត្រៀមបញ្ចេញលុយ៣០លានដុល្លារទៀតនេះ គឺធ្វើឡើងបន្ទាប់ពីធនាគារជាតិបានបញ្ចេញលុយអស់៨០លានដុល្លារហើយ ក្នុងការអន្តាគមន៍លើទីផ្សារអត្រាប្តូរប្រាក់​ ដើម្បីរក្សាតម្លៃប្រាក់រៀល ចាប់ថ្ងៃពីទី៦កញ្ញា ឆ្នាំ២០២៣ មក។  ធនាគារជាតិ ប្រើយន្តការស្រូបយកប្រាក់រៀលពីទីផ្សារ បែបនេះ ក្នុងគោលដៅជួយពង្រឹងអំណាចទិញប្រាក់រៀល និងរួមចំណែកគាំទ្រការងើបឡើងវិញនៃសេដ្ឋកិច្ចជាតិ ក្រោយវិបត្តិកូវីដ-១៩ ខណៈកម្ពុជារងសម្ពាធនៃការកើនឡើងថ្លៃនៃប្រាក់ដុល្លារអាម៉េរិកក្នុងទីផ្សារអន្តរជាតិ។ 
 
 
ដ្បិត បច្ចុប្បន្នការបញ្ចេញប្រាក់ដុល្លារទាំងនេះ បានធ្វើឱ្យអត្រាប្តូររៀលធៀបនឹងដុល្លារអាម៉េរិក ធ្លាក់ដល់កម្រិតសមស្របតាមស្ថានភាពទីផ្សារក្តី ប៉ុន្តែធនាគារជាតិ នឹងបន្តធ្វើអន្តរាគមន៍បែបនេះ រហូតដល់ស្ថានភាពអត្រាប្តូរប្រាក់នៅកម្ពុជា ​​មានលំនឹងឡើងវិញ។ សេចក្តីជូនដំណឹងរបស់ធនាគារជាតិកាលពីថ្ងៃទី១៨កញ្ញា បានរៀបរាប់យ៉ាងដូច្នេះ៖ «ដោយឃើញការប្រែប្រួលតម្លៃប្រាក់ដុល្លារនៅលើទីផ្សារអន្តរជាតិ និងការវិវឌ្ឍនៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន និងអនាគត ធនាគារជាតិ សម្រេចបន្តគ្រប់គ្រងសម្ពាធលើទីផ្សារប្រាក់បន្ថែមទៀត»។
 
បើតាមធនាគារជាតិ ការអន្តរាគមន៍នេះ នឹងត្រូវធ្វើឡើងចំនួន២ដងក្នុងមួយសប្តាហ៍( គឺថ្ងៃពុធ និងថ្ងៃសុក្រ) រហូតដល់ចុងសប្តាហ៍ទី២នៃខែតុលា ឆ្នាំ២០២៣។

សម្រាប់អត្រាប្តូរប្រាក់គោលប្រចាំថ្ងៃទី២៤កញ្ញា ដែលចេញដោយធនាគារជាតិ គឺ១ដុល្លារ ស្មើនឹង ៤ ១១៦រៀល ខណៈអត្រាប្តូរប្រាក់នៅលើទីផ្សារ មានតម្លៃ ៤ ១២៧រៀល ក្នុង១ដុល្លារ៕  
 

Tag:
 ធនាគារជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com