ជាតិ
បារាយណ៍ខាងលិច ជាកន្លែងទស្សនាថ្ងៃរះ និងថ្ងៃលិច ដ៏ពិសេស
24, Sep 2023 , 5:00 pm        
រូបភាព
សៀមរាប៖ បារាយណ៍ខាងលិច ឬបារាយណ៍ទឹកថ្លា ជាបារាយណ៍ធំជាងគេក្នុងចំណោមបារាយណ៍ទាំង៥ នៅក្នុងរមណីយដ្ឋានអង្គរ។ បារាយណ៍ ដែលមានបណ្ដោយប្រវែង ៨គីឡូម៉ែត្រ និងទទឹង ២,១ គីឡូម៉ត្រនេះ ឆ្លងកាត់ការកសាង នៃរជ្ជកាលព្រះមហាក្សត្រ ២ជំនាន់។

 
សូមទស្សនាវីដេអូឯកសារខាងក្រោម៖ 



បារាយណ៍ខាងលិច ត្រូវបានកសាងឡើងនៅសតវត្សទី ១១ (១០០២ ដល់ ១០៦៦) ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី ១ (១០០២ ដល់ ១០៥០) ហើយបានបញ្ចប់ជាស្ថាពរនៅក្នុងរជ្ជកាល ព្រះបាទឧទ័យាទិត្យវរ្ម័នទី ២ ដែលត្រូវជាព្រះរាជបុត្រព្រះអង្គ (១០៥០ ដល់ ១០៦៦) ។ បារាយណ៍នេះ មានទំហំ១៧០០ហិកតា ដែលអាចផ្ទុកទឹកបាន ៥៦លានម៉ែត្រគូប។
 
លោក ឡុង កុសល អគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗ ថា បច្ចុប្បន្ន អាជ្ញាធរជាតិអប្សរា កំពុងខិតខំជួសជុលប្រាសាទនេះ ឱ្យបានរួចរាល់ ដើម្បីទាក់ទាញភ្ញៀវទេសចរទៅកម្សាន្ត។ ​ អាជ្ញាធរជាតិអប្សរា នឹងរៀបចំចំណតឡាន ឱ្យបានធំទូលាយ ដើម្បីងាយស្រួលដល់ទេសចរ ចតរថយន្ត ពេលទៅកម្សាន្តនៅបារាយណ៍ខាងលិច។ 
 
«យើងក៏ត្រូវកែសម្រួលទីធ្លា ដែលបានរៀបចំមើលថ្ងៃលិច និងថ្ងៃរះ នៅខ្នងបារាយណ៍ខាងលិច ឱ្យធំជាងមុន។ ទិដ្ឋភាពនៅបារាយណ៍ខាងលិច មានលក្ខណៈពិសេសខុសពីកន្លែងផ្សេង ព្រោះថា យើងឃើញទាំងវាលស្រែ ទាំងដើមឈើ ផ្ទៃទឹក និងព្រះអាទឹត្យ។ ទិដ្ឋភាពនៅទីនោះ មានលក្ខណៈពិសេសដាច់ពីគេ»។ នេះជាការបញ្ជាក់របស់ លោក ឡុង កុសល។ 
 
នៅកណ្ដាលបារាយណ៍នេះ មានប្រាសាទមេបុណ្យខាងលិច ដែលត្រូវបានស្ថាបនាឡើងនៅអំឡុងពាក់កណ្តាលសតវត្សទី១១នៃ ក្នុងរាជ្យព្រះបាទឧទយាទិត្យវរ្ម័នទី២ (ឆ្នាំ១០៤៩-១០៦៦) ដើម្បីឧទ្ទិសដល់បុព្វការីជនរបស់ព្រះអង្គ។ នៅឆ្នាំ១៩៣៦ គេបានរកឃើញរូបចម្លាក់ព្រះនរាយណ៍ផ្គុំធ្វើអំពីសំរឹទ្ធ ដែលបច្ចុប្បន្នត្រូវបានរក្សាទុកនៅសារមន្ទីរជាតិភ្នំពេញ។
 
ប្រាសាទ ដែលនៅក្នុងបារាយណ៍ដ៏ធំនេះ នឹងទាក់ទាញទេសចរកាន់តែច្រើន។ ទេសចរ អាចជិះទូកទៅទស្សនាប្រាសាទបុរាណនេះទាំងខែប្រាំង និងខែវស្សា៕  

Tag:
 (បារាយណ៍ខាងលិច
  ប្រាសាទមេបុណ្យខាងលិច)
© រក្សាសិទ្ធិដោយ thmeythmey.com