កីឡាអន្តរជាតិ
អន្តរជាតិ
EPL៖​ Spurs តាមស្មើ Arsenal, Aston Villa ឈ្នះ Chelsea រីឯ Newcastle លត់ Sheffield ៨-០
25, Sep 2023 , 11:29 am        
រូបភាព
ខ្សែប្រយុទ្ធ Heung-Min Son ស៊ុត ២គ្រាប់ម្នាក់ឯងជួយឱ្យ Tottenham Hotspur តាមស្មើ Arsenal ២-២ នៅក្នុងជំនប London Derby នារាត្រីថ្ងៃទី២៤ ខែកញ្ញា។ ក្រុម Aston Villa យកឈ្នះ Chelsea ដែលមានគ្នា ១០នាក់ លទ្ធផល ១-០ រីឯក្រុម Newcastle United លត់ Sheffield United យ៉ាងចាស់ដៃលទ្ធផល ៨-០ ក្នុងការប្រកួត Premier League សប្តាហ៍ទី៦។



ប្រធានក្រុម Heung-Min Son ស៊ុតគ្រាប់បាល់ ២គ្រាប់នៅនាទី៤២ ដែលជាការតាមស្មើ ១-១ និងគ្រាប់តាមស្មើ ២-២ នៅនាទី៥៥ ក្រោយត្រូវបានក្រុមភ្ញៀវកាំភ្លើងធំ បើកការនាំមុខជាបន្តបន្ទាប់។ ១គ្រាប់នាំមុននៅក្នុងវគ្គទីមួយរបស់ Arsenal កើតឡើងដោយគ្រាប់បាល់នោះគឺជាការធ្វើឱ្យចូលទីខ្លួនឯងពីសំណាក់កីឡាករ Cristian Romero តាំងពីនាទី២៦ ហើយគ្រាប់ទីពីរកើតឡើងនៅនាទី៥៤ ពីសំណាក់ការស៊ុតបាល់ពិន័យ ១១ម៉ែត្ររបស់ Bukayo Saka។
 
ទាំង Spurs និង Arsenal បានត្រឹមចែកគ្នាម្នាក់ ១ពិន្ទុពីការប្រកួតនៅសប្តាហ៍ទី៦ នៃក្របខណ្ឌ Premier League ខណៈពេលដែលការប្រកួតរវាងក្រុមទាំងពីរមានភាពតានតឹងខ្លាំងសម្រាប់លទ្ធផល និងការដណ្តើមយក ៣ពិន្ទុពីជំនួប London Derby មួយនេះ។
  


ក្រុមបិសាចក្រហម Manchester United ដណ្តើមបាន ៣ពិន្ទុឡើងវិញក្រោយរងបរាជ័យជាបន្តបន្ទាប់យ៉ាងអាម៉ាស់ ប៉ុន្តែការឈ្នះលើក្រុម Burnley គឺដោយលទ្ធផលដ៏លំបាក ១-០។ គ្រាប់បាល់ជ័យជម្នះរបស់បិសាចក្រហម សម្រេចបានដោយប្រធានក្រុម Bruno Fernandez នៅនាទី៤៥។
 
Aston Villa ក៏ចាប់ផ្តើមដំណើរការរបស់ខ្លួនល្អឡើងវិញក្រោយពេលប្រកួតចាញ់ Liverpool កាលពីសប្តាហ៍ទីបីមក សម្រាប់សប្តាហ៍ទី៦ នៃ Premier League ក្រុមស្ថិតក្រោមការដឹកនាំរបស់លោក ​Unai Emery បានយកឈ្នះលើក្រុម Chelsea ដែលកំពុងជួបបញ្ហាឥតល្ហែរលើបញ្ហាទម្រង់លេងលទ្ធផល ១-០ និងមានគ្មានត្រឹមតែ ១០នាក់។ Malo Gusto ទទួលបានកាតក្រហមនៅនាទី៥៨ បានផ្តល់ឱកាសដល់កីឡាករ Ollie Watkin រកឃើញឱកាសស៊ុតគ្រាប់បាល់នាំមុខ និងយកឈ្នះនៅនាទី៧៣។
  


ចំណែកក្រុម Newcastle United ដែលកំពុងតែបង្ហាញទម្រង់លេងខ្លាំងនៅ ២រដូវកាលចុងក្រោយមកនេះ បានបង្ហាញសាច់ដុំខ្លួនសារជាថ្មី ដោយបានលុតក្រុម Sheffield United លទ្ធផល ៨-០ ដែលជាលទ្ធផលការប្រកួតច្រើនជាងគេបំផុតសម្រាប់រដូវកាលថ្មី ២០២៣-២៤។ ៨គ្រាប់ កើតឡើងសុទ្ធសឹងតែជាការស៊ុតពីកីឡាករ ៨រូបផ្សេងៗគ្នា ដោយកីឡាករ Sean Longstaff នាទី២១, Dan Burn នាទី៣១, Sven Botman នាទី៣៥, Callum Wilson នាតី៥៦, Anthony Gardon នាទី៦១, Angel Almiron នាទី៦៨, Rodriguez Moura នាទី៧៣ និង ខ្សែប្រយុទ្ធ Alexander Isak នៅនាទី៨៧។
 
ក្រុម Brighton & Hove Albion បន្តធ្វើបានល្អនៅក្របខណ្ឌ Premier League ដោយយកឈ្នះលើ AFC Bournemouth លទ្ធផល ៣-១ ក្រោយការបង្ហាញខ្លួនលើកដំបូងនៅក្នុងពានរង្វាន់ Europa League លើកដំបូងមិនសូវបានល្អដោយចាញ់ក្រុម AEK Athens លទ្ធផល ៣-២។ 
  


ចំណែកក្រុម Liverpool របស់លោក Jurgen Klopp ក៏កំពុងតែបង្ហាញសមត្ថភាពល្អនៃទម្រង់លេងរបស់ក្រុមដែលពោរពេញដោយកីឡាករថ្មីៗជាច្រើន នៅក្នុងរដូវកាលថ្មី ២០២៣-២៤។ 
បញ្ចប់សប្តាហ៍ទី៦ Manchester City បន្តឈរកំពូលតារាងក្រោយឈ្នះទាំង ៦លើក មាន១៨ពិន្ទុ តាមពីក្រោយដោយ Liverpool ដែលមាន ១៦ពិន្ទុ ស្របពេល Brighton ឈរចំណាត់ថ្នាក់លេខ ៣ មាន ១៥ពិន្ទុ ហើយ Spurs មាន ១៤ពិន្ទុ ស្ថិតនៅចំណាត់ថ្នាក់លេខ ៤៕
 

Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com