កីឡាជាតិ
ជាតិ
ព្រះខ័នរាជស្វាយរៀង បន្តភាពមិនចាញ់របស់ខ្លួនក្រោយឈ្នះប្រកួតទី៦ លើវិសាខា
25, Sep 2023 , 2:06 pm        
រូបភាព
ក្រុមភ្នំពេញក្រោន រូបពី Cambodian Premier League
ក្រុមភ្នំពេញក្រោន រូបពី Cambodian Premier League
ព្រះខ័នរាជ ស្វាយរៀង បានយកឈ្នះ វិសាខា ក្នុងលទ្ធផល ១-០ ក្នុងការប្រកួតជើងឯកលីគកំពូលកម្ពុជា (Cambodian Premier League) សប្ដាហ៍ទី៦ នៅកីឡាដ្ឋានព្រីនស៍ នៅថ្ងៃទី២៤ ខែកញ្ញា។ វិសាខា នៅតែមិនអាចបញ្ចប់ការឈ្នះជាប់គ្នា របស់ក្រុម ដែលមានទីតាំងនៅខេត្តស្វាយរៀងមួយនេះ។ ចំណែក ភ្នំពេញក្រោន ក្លិបការពារដំណែងជើងឯក ត្រូវស្វាគមន៍ អាយ អេស អាយ ដង្កោសែនជ័យ នៅថ្ងៃទី២៥ ខែកញ្ញា នៅកីឡដ្ឋាន Smart RSN ម៉ោង ៦:០០ ល្ងាច។ លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន និយាយថា ការប្រកួតមមាញឺក កីឡាករ អាចប្រឈមមុខនិងបញ្ហារបួស ប៉ុន្ដែមិនជាបញ្ហា ទេមានកីឡាករ គ្រប់គ្រាន់ក្នុងការផ្លាស់ប្ដូរគ្នា។



គិតត្រឹមសប្ដាហ៍ទី៦ នៃការប្រកួត Cambodian Premier League ព្រះខ័នរាជ ស្វាយរៀង នៅតែអាចរក្សាជ័យជម្នះ ៦ប្រកួតជាប់គ្នា ដោយជោគជ័យលើ វិសាខា លទ្ធផល ១-០ នៅកីឡដ្ឋានព្រីនស៍។ ការប្រកួតរវាងក្រុមទាំងពីរនេះ ស្ទើតែមិនមានគ្រាប់បាល់ ហើយបានដាក់សម្ពាធគ្នា ទៅវិញទៅមក។ នៅចុងតង់ទី២ គ្រាប់បាល់ដំបូង និងជាគ្រាប់បាល់ជ័យជម្នះ របស់ព្រះខ័នរាជ ស្វាយរៀង បានកើតមាន នៅនាទី៨១ ដោយកីឡាករ Marcus Haber ខ្សែប្រយុទ្ធព្រះខ័នរាជ ស្វាយរងៀ បានស៊ុតបញ្ចូលទី បន្ទាប់ពីមិត្តរួមក្រុមបញ្ជូនចូលក្នុងតំបន់គ្រោះថ្នាក់។
 
ដោយឡែក ការប្រកួតក្នុងសប្ដាហ៍ទី៦ នាថ្ងៃច័ន្ទ២៥ ខែកញ្ញា ភ្នំពេញក្រោន ត្រូវទទួល ក្រុមអាយ អេស អាយ ដង្កោសែនជ័យ នៅកីឡដ្ឋាន Smart RSN វេលាម៉ោង ៦:០០ ល្ងាច។



ជាមួយនិងការមមាញឹក ក្នុងការប្រកួតលីគកំពូល និងការប្រកួត AFC Cup លោក Oleg Starynskyi ដូចជាមិនបារម្ភ ចំពោះការអវត្តមានកីឡាកររូបណាទេ ព្រោះមានសមាសភាពគ្រប់គ្រាន់ អាចជំនួសតួនាទីគ្នា ទៅវិញទៅមកបាន។ ដូច្នេះ គ្រូបង្វឹករូបនេះ បានត្រៀមខ្លួនរួចជាស្រេច សម្រាប់ទទួលក្រុមភ្ញៀវ អាយ អេស អាយ ដង្កោសែនជ័យ។ 
 
យោងទៅលើការផ្សាយរបស់ក្លិបភ្នំពេញក្រោន លោក Oleg Starynskyi បាននិយាយដូច្នេះ៖«កាលវិភាគរបស់យើងពិតជាមមាញឹក ប៉ុន្តែយើងក៏មិនមានបញ្ហាជុំវិញនឹងការផ្លាស់ប្តូរកីឡាករលេងនោះទេ ។ នេះគឺជាកម្លាំងចិត្តបន្ថែមទៀតសម្រាប់ពួកគេ ដើម្បីត្រៀមខ្លួនរួចរាល់ ការប្រកួតកាន់តែច្រើន យើងកាន់តែរីករាយជាមួយវា ។ 
  


ប្រសិនបើកីឡាករមានបញ្ហារបួស យើងមានកីឡាករផ្សេងទៀតមកបង្ហាញក្នុងការប្រកួត ។ នៅភ្នំពេញក្រោន អ្នកទាំងអស់គ្នាធ្វើការដើម្បីក្លិប និងដើម្បីអ្នកគាំទ្រ ដូច្នេះគ្រប់ការប្រកួតកីឡាករត្រូវតែបង្ហាញការលេងរបស់ពួកគេ។»។
 
សម្រាប់ការប្រកួតក្នុងសប្ដាហ៍ទី៦ អង្គរថាយហ្គឺរ បានចាញ់ ព្រៃវែង ក្នុងលទ្ធ ២-១ នៅកីឡដ្ឋានហុនមាន កាលពីថ្ងៃទី២៣ ខែកញ្ញា ចំណែក កងយោធពលខេមរភូមិន្ទ ឈ្នះ បឹងកេត ក្នុងលទ្ធផល ៤-៣ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។ ចំណែកការប្រកួតក្នុងថ្ងៃ២៤ ខែកញ្ញា ណាហ្គាវើលដ៍ បានត្រឹមស្មើជាមួយ គិរីវង់សុខសែនជ័យ លទ្ធផល ១-១ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ។
 
ព្រះខ័នរាជ ស្វាយរៀង បន្ដឈរលេង១ (បណ្ដោះអាសន្ន) មាន១៨ ពិន្ទុ។ ដោយឡែក ភ្នំពេញក្រោន ឈរលេខ២ មាន១២ ពិន្ទុ ប៉ុន្ដែ ត្រូវរងចាំការប្រកួតជាមួយ អាយ អេស អាយ ដង្កោសែនជ័យ សម្រាប់សប្ដាហ៍ទី៦ ជាមួយ អាយ អេស អាយ ដង្កោសែនជ័យ ដែលឈរលេខ៨ មាន ៤ពិន្ទុ។ រីឯ បឹងកេត ឈរនៅលេខ៣ មាន១០ ពិន្ទុស្មើគ្នា ជាមួយ កងយោធពលខេមភូមិន្ទ ឈរនៅលេខ៤ និង ព្រៃវែង ឈរនៅលេខ ៥។ វិសាខា នៅចំណាត់ថ្នាក់លេខ៦ មាន ៩ពិន្ទុ តាមពីក្រោយដោយ ណាហ្គាវើលដ៏ លេខ៧ មាន ៥ពិន្ទុ។ ចំណែក អង្គរថាយហ្គឺរ នៅចំណាត់ថ្នាក់លេខ៩ មាន ៣ពិន្ទុ និងគិរីវង់សុខសែនជ័យ មាន២ពិន្ទុ នៅបាតតារាង៕
 

Tag:
 បាល់ទាត់
  Cambodian Premier League
© រក្សាសិទ្ធិដោយ thmeythmey.com