FIFA
កីឡាជាតិ
ជាតិ
FIFA Ranking៖ កម្ពុជា​ធ្លាក់​១ចំណាត់ថ្នាក់ ទោះធ្វើបានល្អនៅជំនួបមិត្តភាព
25, Sep 2023 , 5:19 pm        
រូបភាព
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា អំឡុងប្រកួតមិត្តភាពអន្តរជាតិនៅពហុកីឡដ្ឋានជាតិអូឡាំពិក
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា អំឡុងប្រកួតមិត្តភាពអន្តរជាតិនៅពហុកីឡដ្ឋានជាតិអូឡាំពិក
ក្រុម​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា ធ្លាក់ចំណាត់ថ្នាក់ពី​លេខរៀង​ទី​១៧៦ ទៅ១៧៧ ក្នុង​តារាង​ចំណាត់ថ្នាក់​ពិភពលោក ​(FIFA Ranking)​ ប្រចាំខែ​កញ្ញា ឆ្នាំ​២០២៣​។ នេះមានន័យថាគោព្រៃធ្លាក់ចំណាត់ថ្នាក់១លេខ ​បើ​ធៀប​នឹង​ខែ​មុន បើទោះពួកគេធ្វើបានល្អក្នុងការប្រកួតមិត្តភាពអន្តរជាតិពីលើកអំឡុង FIFA Day ក្តី​។ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ថៃ ឡាវ ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី សិង្ហបុរី និងឥណ្ឌូណេស៊ី ឡើងចំណាត់ថ្នាក់ទាំងអស់​។


​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) បានចេញ​តារាង​ចំណាត់ថ្នាក់​ចុងក្រោយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ដោយ​ក្រុមគោព្រៃ​កម្ពុជា បាន​ធ្លាក់​១​ចំណាត់ថ្នាក់​បើ​ប្រៀបធៀប​ទៅនឹង​តារាង​កាលពី​ខែសីហា ពោលគឺធ្លាក់​ពី​លេខ​១៧៦ មក​លេខ​១៧៧ ក្នុងចំណោម ​២០២​សហព័ន្ធ​កីឡាបាល់ទាត់​លើ​លោក​។​
 
​សម្រាប់​ខែកញ្ញានេះ FIFA បានផ្តល់​ពិន្ទុ​ដល់​កម្ពុជា ៩៤៨,៦៤ ខណៈពិន្ទុចាស់ ៩៤២,៩៧ ពោលគឺឡើងតែ៥,៦៧ពិន្ទុប៉ុណ្ណោះ បើទោះក្រុមដែលស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Felix Dalmas ធ្វើបានប្រសើរនៅពីរប្រកួតចុងក្រោយ​ក្នុងជំនួបមិត្តភាពអន្តរជាតិក្តី។ កម្ពុជា ស្មើហុងកុង ១-១ មុនពេលឈ្នះម៉ាកាវ ៤-០ ក្នុងជំនួបមិត្តភាពអន្តរជាតិកាលពីដើមខែកន្លងទៅ។
 
ចំណោមក្រុមទាំង១១ នៅអាស៊ីអាគ្នេយ៍ មានតែកម្ពុជា មីយ៉ាន់ម៉ា និងព្រុយណេ ប៉ុណ្ណោះ ដែលធ្លាក់ចំណាត់ថ្នាក់ ស្របពេលទីម័រខាងកើតនៅទ្រឹង។ ថៃ សិង្ហបុរី ឡាវ ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ឡើងចំណាត់ថ្នាក់រៀងខ្លួន។
 
​បើ​ប្រៀបធៀប​នៅក្នុង​តំបន់​អាស៊ាន វៀតណាម មាន​ចំណាត់ថ្នាក់​ល្អជាងគេ ដោយ​ស្ថិតនៅ​លេខ​រៀង​ទី៩៥ពិភលោក តាមពីក្រោយដោយ ថៃ (​លេខ​១១២​​) ហ្វីលីពីន (១៣២) ម៉ាឡេស៊ី (១៣៤) សិង្ហ​បុរី (១៦២) ឥណ្ឌូណេស៊ី (១៤៧)  មី​យ៉ាន់​ម៉ា (១៦១)។ កម្ពុជា​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​១៧៧ ឈរ​ពីលើ ឡាវ (១៨៦​) ព្រុយ​ណេ (១៩១) និង​ទី​ម័​រ​ខាងកើត (១៩២)។
 
​ដោយឡែក តារាងចំណាត់ថ្នាក់ FIFA Ranking របស់ក្រុងទាំងអស់លើលោក នៅ​ខែកញ្ញា​នេះ អា​ហ្ស​ង់​ទីន​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​១ ដោយ​ឈរលើបារាំង ​ប្រេ​ស៊ី​ល អង់គ្លេស បែលហ្ស៊ិក ក្រូអាស៊ី ហូឡង់ ព័រទុយហ្កាល់ អ៊ីតាលី និងអេស្ប៉ាញ​ ចំណោម Top 10។ ជប៉ុន (១៩) ឈរលេខ១​តំបន់​អាស៊ី និងបន្តបន្ទាប់មាន អ៊ីរ៉ង់ (២១) កូរ៉េខាងត្បូង (២៦) អូស្ត្រាលី (២៧) ​អា​រ៉ា​ប៊ី​សា​អូឌីត (៥៧)​ កាតា (៦១) អ៊ីរ៉ាក់ (៦៩) អេមីរ៉ាតអារ៉ាប់រួម (៧០) អូមង់ (៧៣) និងអ៊ូបេគីស្ថាន (៧៥)៕​
 
 

Tag:
 FIFA Ranking
  ជម្រើសជាតិកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com