កីឡាអន្តរជាតិ
អន្តរជាតិ
ព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៩ នៅហាងចូវ គម្រប់ខួប ១១០ឆ្នាំ
25, Sep 2023 , 5:59 pm        
រូបភាព
ព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៩ Asian Games ទីក្រុងហាងចូវ ប្រទេសចិន ជាការប្រារព្ធខួបលើកទី ១១០ឆ្នាំ នៃការចាប់កំណើតនៃព្រឹត្តិការណ៍កីឡាពហុកីឡាអន្តរជាតិ លើកដំបូងរបស់ទ្វីបអាស៊ី។ កីឡាអាស៊ី រៀបចំលើកដំបូងនៅក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ឆ្នាំ ១៩១៣ ដែលកាលនោះមានឈ្មោះថាការប្រកួតកីឡាជើងឯក Far Eastern។



តាមពិតទៅបើគិតក្រោមឈ្មោះកីឡា Asian Games លើកដំបូងគឺត្រូវបានធ្វើឡើងនៅក្នុងទីក្រុងញូវដេលី ប្រទេសឥណ្ឌា នៅថ្ងៃទី៨ ដល់ទី១១ ខែមីនា ក្នុងឆ្នាំ ១៩៥៣។ ប៉ុន្តែការចាប់កំណើតនៃកីឡាដ៏ធំប្រចាំតំបន់អាស៊ីលើកដំបូងគឺជាព្រិត្តិការណ៍ The Far Eastern Championship Games ​ដែលបានធ្វើឡើងលើកដំបូងនៅក្នុងទីក្រុងម៉ានីល ឆ្នាំ ១៩១៣ រហូតដល់ឆ្នាំ ១៩៣៤។​ 
 
The Far Eastern Championship Games​ ត្រូវបានលុបចោលលើកដំបូង ដោយសារតែភាពតានតឹងផ្នែកនយោបាយរវាងជប៉ុន និងចិន ហើយបន្ទាប់មកដោយសារតែបញ្ហាសង្គ្រាមលោកលើកទីពីរ។ Asian Game ពីឆ្នាំ ១៩៥១​ ដល់ឆ្នាំ ១៩៧៩ ត្រូវបានស្ថិតក្រោមការគ្រប់គ្រងរៀបចំរបស់សហព័ន្ធ ​Asian Game មុនពេលប្តូរទៅក្រោមការគ្រប់គ្រង់របស់មគណៈកម្មាធិការអូឡាំពិកទ្វីបអាស៊ី (OCA) ពីឆ្នាំ ១៩៨២។ 
 
លោក Randhir Singh ប្រធានស្តីទី OCA បានសង្កត់ធ្ងន់នៅលើសារៈសំខាន់នៃព្រឹត្តិការណ៍ Asian Games ក្នុងអំឡុងពេលថ្លែងសុន្ទរកថារបស់លោកក្នុងពិធីបើកព្រឹត្តិការណ៍ Asian Games ក្រុងហាងចូវ ថាជាការបង្ហាញពីភាពចម្រុះនៃវប្បធម៍របស់ប្រទេសដែលមកពីតំបន់ទាំង ៥ នៃទ្វីបអាស៊ីទាំងមូល។
 
«ដូចដែលអ្នកគ្រប់គ្នាបានដឹងរួចហើយថា OCA មានមោទកភាពចំពោះភាពចម្រុះនៃវប្បធម៍របស់ខ្លួននៅទូទាំងតំបន់ទាំង ៥ នៃទ្វីបអាស៊ី។ វាមានរឿងរ៉ាវច្រើនទៀតចំពោះ Asian Games និង OCA ជាជាងការប្រកួតកីឡាដែលមានភាពល្បីឈ្មោះរួចមក។ ព្រឹត្តិការណ៍ Asian Game ក៏ជាពេលវេលាមួយដើម្បីទទួលបានវប្បធម៍ និងបេតកភណ្ឌរបស់យើង និងដើម្បីផ្សព្វផ្សាយអ្វីៗគ្រប់យ៉ាងដ៏អស្ចារ្យអំពីទ្វីបរបស់យើងដូចជា តន្ត្រី, របាំ, ចម្រៀង និងការបំផុសគំនិត ការសំដែងប្រកបដោយភាពច្នៃប្រឌិតផ្សេងៗគ្នាទៀតដែរ។»។ លោក Randhir Singh បានលើកឡើងបែបនេះ។
 
កីឡាអាស៊ីលើកទី១៩ ដែលមានប្រទេសចូលរួម៤៥ បានចាប់ផ្តើមប្រកួតផ្លូវការតាំងពីថ្ងៃទី២៣ ខែកញ្ញា ដោយ មាន៤០ប្រភេទកីឡា ក្នុងនោះមាន៤៨១វិញ្ញាសា ដើម្បីប្រកួតប្រជែងគ្នាក្នុងទីក្រុងហាងចូល ប្រទេសចិន៕
 

Tag:
 កីឡាអាស៊ី
  Asian Games
© រក្សាសិទ្ធិដោយ thmeythmey.com